រដ្ឋមន្ត្រីសុខាភិបាលថាកម្ពុជានឹងចំណាយកាន់តែច្រើនលើការព្យាបាលថែទាំមនុស្សចាស់

លោក ឈាង រ៉ា បានលើកឡើងពីការបារម្ភចំពោះការចំណាយលើការព្យាបាលសុខភាពរបស់ប្រជាពលរដ្ឋជាពិសេសមនុស្សចាស់នៅប៉ុន្មានឆ្នាំខាងមុខកាន់តែច្រើន ស្របពេលដែលអត្រាកំណើនប្រជាជនកម្ពុជាដែលជាធនធានសម្រាប់ផ្ដល់ហិរញ្ញប្បទានដូចជាការបង់ពន្ធ វិភាគទានសង្គមកាន់តែតិច។ The post រដ្ឋមន្ត្រីសុខាភិបាលថាកម្ពុជានឹងចំណាយកាន់តែច្រើនលើការព្យាបាលថែទាំមនុស្សចាស់ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីសុខាភិបាលថាកម្ពុជានឹងចំណាយកាន់តែច្រើនលើការព្យាបាលថែទាំមនុស្សចាស់

រដ្ឋមន្ត្រីសុខាភិបាលលោក ឈាង រ៉ា បានលើកឡើងពីការបារម្ភចំពោះការចំណាយលើការព្យាបាលសុខភាពរបស់ប្រជាពលរដ្ឋជាពិសេសមនុស្សចាស់នៅប៉ុន្មានឆ្នាំខាងមុខកាន់តែច្រើន ស្របពេលដែលអត្រាកំណើនប្រជាជនកម្ពុជាដែលជាធនធានសម្រាប់ផ្ដល់ហិរញ្ញប្បទានដូចជាការបង់ពន្ធ វិភាគទានសង្គមកាន់តែតិច។

ថ្លែងក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង» នៅសាលសន្និសីទ្ធរដ្ឋសភាព្រឹកថ្ងៃទី៣១ ខែមីនានេះ លោក ឈាង រ៉ា បានលើកឡើងថា អតុល្យភាពនៃកំណើនសេដ្ឋកិច្ច និងភាពចាស់របស់ប្រជាជនគឺក្ដីបារម្ភរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ លោកបានលើកឡើងថានៅប៉ុន្មានឆ្នាំទៅមុខទៀតការចំណាយលើការព្យាបាលកាន់តែកើន ពីព្រោះមនុស្សចាស់កាន់តែច្រើន នឹងកើតជំងឺចម្រុះច្រើនមុន និងរាំរ៉ៃ ដែលការថែទាំមានរយៈពេលវែង និងចំណាយច្រើន។

លោកថា៖ «នៅដំណាក់កាលមធ្យមនៃការអភិវឌ្ឍ យើងត្រូវស្វែងរកតុល្យភាពដ៏ត្រឹមត្រូវរវាងកំណើនសេដ្ឋកិច្ច និងភាពចាស់របស់ហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីទប់ទល់នឹងបន្ទុកជំងឺមិនឆ្លង»។

លោកថាក្នុងបរិបទបច្ចុប្បន្នរដ្ឋាភិបាលបានត្រៀមខ្លួនក្នុងការរៀបចំការថែទាំមនុស្សឱ្យកាន់តែប្រសើរ ពង្រឹងការថែទាំសុខភាពមនុស្សវ័យកណ្ដាល និងត្រូវទប់ស្កាត់កម្រិតផលប៉ះពាល់នៃកត្តាហានិភ័យលើយុវជនជំនាន់ក្រោយ។

​នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជាលោក ទុំ វីរ៉ា បានឱ្យដឹងថាពលរដ្ឋអាយុវែងគឺជារឿងល្អ តែបញ្ហានោះថាពលរដ្ឋចាស់ទៅអាយុវែងដែលមានសុខភាពល្អ ឬអាយុវែងតែមានបញ្ហាសុខភាព។ លោកជំរុញឱ្យមានការគិតគូរពីឥរិយាបថទទួលទានរបស់ពលរដ្ឋក្នុងពេលបច្ចុប្បន្នដោយថាបច្ចប្បន្ននេះហើយជាកត្តាកំណត់ទៅដល់អនាគតរបស់មនុស្សចាស់នៅកម្ពុជា។

លោក ទុំ វីរ៉ា៖ «ឥរិយាបថបច្ចុប្បន្នហ្នឹងគឺអត់ទាន់ល្អប្រសើរនៅឡើយទេ អ៊ីចឹងពេលដែលគាត់ឈានចូលដល់វ័យចាស់គឺគាត់ប្រឈមជាមួយនឹងជំងឺទាំងមិនឆ្លង និងជំងឺអីផ្សេងៗ ប៉ះពាល់ដល់ថ្លើម ប្រម៉ាត់អីផ្សេងៗអ៊ីចឹងអ្វីដែលជំងឺមិនឆ្លង។ នៅពេលដែលមនុស្សចាស់កើនឡើងច្រើន ប្រសិនជាយើងមានគោលការណ៍ប្រើប្រាស់ភាគលាភប្រជាសាស្ត្របានន័យថាពេលគាត់ចាស់ទៅយើងនៅអាចប្រើប្រាស់ភាគលាភពីគាត់រឿងហ្នឹងមិនអីទេ តែដល់ពេលយើងអស់សូវមានគោលការណ៍ជួយជ្រោមជ្រែងគាត់ចឹងទៅគាត់អាចក្លាយជាមនុស្សចាស់ដែលអសកម្ម ហើយគាត់នឹងក្លាយជាបន្ទុកសង្គមហើយដូចដែលអ្វីដែលរដ្ឋមន្ត្រីមានប្រសាសន៍ »។

លោក ទុំ វីរ៉ា

លោកជំរុញដល់រដ្ឋាភិបាលរៀបចំគោលនយោបាយសកម្មភាពឱ្យបានច្រើនដើម្បីគិតគូរដល់មនុស្សចាស់ ដោយគិតពីការការពារ និងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ បង្កើតកម្មវិធីធ្វើយ៉ាងណាឱ្យមនុស្សចាស់នៅតែមានភាពសកម្មនៅក្នុងសង្គម ព្រមទាំងការផ្ដល់នូវសេវាសុខភាពដល់មនុស្សចាស់ងាយស្រួល និងទាន់ពេលវេលាផងដែរ។

​របាយការណ៍​ជំរឿន​ឆ្នាំ​២០១៩ ឱ្យដឹងថាកម្ពុជា​មាន​ប្រជាជន​វ័យ​ចាស់​អាយុចាប់ពី៦០ឆ្នាំឡើងមានប្រមាណ​ជាង ១,៣លាន​នាក់ ឬ​ស្នើ​នឹង ៨.៩ភាគរយ​ ហើយ​ចំនួន​នេះ​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ឡើង​ដល់ ១,៩លាន​នាក់ ឬ​ស្នើ​នឹង ១១ភាគរយ​នៅ​ឆ្នាំ​២០៣០ ខណៈនៅឆ្នាំ២០៥០ កម្ពុជានឹងមានមនុស្សចាស់ដល់​ជាង ៥​លាន​នាក់​ឬ​ស្នើ​នឹង​២៣​ភាគរយ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post រដ្ឋមន្ត្រីសុខាភិបាលថាកម្ពុជានឹងចំណាយកាន់តែច្រើនលើការព្យាបាលថែទាំមនុស្សចាស់ appeared first on Kampuchea Thmey Daily.