មូលហេតុ នៃភ្លើងឆេះព្រៃ ដ៏មហន្តរាយនៅ LA
អាជ្ញាធរទីក្រុង Los Angeles បានបញ្ជាក់ច្បាស់ៗថា មូលហេតុដែលបង្កឲ្យមានភ្លើងឆេះព្រៃដ៏សាហាវ រាលដាលយ៉ាងលឿនបែបនេះ... The post មូលហេតុ នៃភ្លើងឆេះព្រៃ ដ៏មហន្តរាយនៅ LA appeared first on Kampuchea Thmey Daily.
អាជ្ញាធរទីក្រុង Los Angeles បានបញ្ជាក់ច្បាស់ៗថា មូលហេតុដែលបង្កឲ្យមានភ្លើងឆេះព្រៃដ៏សាហាវ រាលដាលយ៉ាងលឿនបែបនេះ គឺដោយសារតែកត្តាបម្រែបម្រួលអាកាសធាតុ ព្រៃឈើមានលក្ខណៈស្ងួតនិងគ្រោះរាំងស្ងួតអូសបន្លាយពេល។
ភ្លើងឆេះព្រៃដំបូងគឺផ្តើមចេញពីតំបន់ Palisades កាលពីថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥ ប៉ុន្តែឥឡូវតំបន់ចំនួន៦ទៀតក៏កើតមានអគ្គិភ័យយ៉ាងកាចសាហាវផ្ទួនៗគ្នាដែរដូចជា Lidia, Olivas, Hurstm, Eaton, Woodley និង Sunset។
គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ទី៩ខែមករាឆ្នាំ២០២៥ ផ្ទៃដី ១០ ៩២៦ហិកតានៅក្នុងទីក្រុង LA ត្រូវបានអគ្គិភ័យលេបត្របាក់ ខណៈមនុស្សចំនួន៥នាក់ បានបាត់បង់ជីវិត និងជាង ១៣៧ ០០០នាក់ត្រូវជម្លៀសចេញ ចោលផ្ទះសម្បែង។
ស្របពេលជាមួយគ្នានោះ អភិបាលរដ្ឋកាលីហ្វ័រញ៉ា អះអាងថា រហូតដល់ពេលនេះ អ្នកពន្លត់អគ្គិភ័យជាង ៧ ៥០០នាក់កំពុងដាក់ពង្រាយដើម្បីពន្លត់ភ្លើងឆេះព្រៃ ហើយគំរាមដល់ផ្ទះ១០ម៉ឺនខ្នងទៀត។
កងពន្លត់អគ្គិភ័យក៏មានជំនួយពីម៉ាស៊ីនពន្លត់ភ្លើងចំនួន ១ ១៦២ គ្រឿង ឡានទឹក ២៣គ្រឿង នាវាដឹកយន្តហោះ៦គ្រឿង ឧទ្ធម្ភាគចក្រ៣១គ្រឿង និងគ្រឿងឈូសឆាយ៥៣គ្រឿងផងដែរ។
ជុំវិញបញ្ហាភ្លើងឆេះដ៏សាហាវនេះ សេតវិមាន បានប្រកាសលុបចោលដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ទៅកាន់ប្រទេសអ៊ីតាលី ដោយអ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre ចេញសេចក្តីថ្លែងការណ៍ថា «បន្ទាប់ពីត្រឡប់មកវិញនៅល្ងាចនេះពីទីក្រុង Los Angeles ជាកន្លែងដែលកាលពីព្រឹកមិញគាត់បានជួបជាមួយប៉ូលិស ភ្នាក់ងារពន្លត់អគ្គិភ័យ និងបុគ្គលិកសង្គ្រោះបន្ទាន់ ដែលកំពុងប្រយុទ្ធនឹងភ្លើងឆេះជាប្រវត្តិសាស្ត្រនៅក្នុងតំបន់ ហើយបានអនុម័តសេចក្តីប្រកាសគ្រោះមហន្តរាយធំមួយសម្រាប់រដ្ឋកាលីហ្វ័រញ៉ា លោកប្រធានាធិបតី បៃដិន បានសម្រេចចិត្តលុបចោលការធ្វើដំណើរនាពេលខាងមុខរបស់គាត់ទៅកាន់អ៊ីតាលី ដើម្បីបន្តផ្តោតលើការដឹកនាំការឆ្លើយតបរបស់សហព័ន្ធដោយពេញទំហឹងនៅប៉ុន្មានថ្ងៃខាងមុខនេះ»៕
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅកាន់ប្រទេសអ៊ីតាលី គឺជាដំណើរទស្សនកិច្ចចុងក្រោយក្នុងអាណត្តិជាប្រធានាធិបតីសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក បៃដិន លុបចោលដំណើរទស្សនកិច្ចនៅអ៊ីតាលី ដោយសារភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា
The post មូលហេតុ នៃភ្លើងឆេះព្រៃ ដ៏មហន្តរាយនៅ LA appeared first on Kampuchea Thmey Daily.