មកស្គាល់ពីប្រវត្តិវត្តឈើខ្មៅ ឬ វត្តទួលអណ្ដែត ដែលមានអាយុកាលជាង ១០០ ឆ្នាំ

មកស្គាល់ពីប្រវត្តិវត្តឈើខ្មៅ ឬ វត្តទួលអណ្ដែត ដែលមានអាយុកាលជាង ១០០ ឆ្នាំ... The post មកស្គាល់ពីប្រវត្តិវត្តឈើខ្មៅ ឬ វត្តទួលអណ្ដែត ដែលមានអាយុកាលជាង ១០០ ឆ្នាំ appeared first on Kampuchea Thmey Daily.

មកស្គាល់ពីប្រវត្តិវត្តឈើខ្មៅ ឬ វត្តទួលអណ្ដែត ដែលមានអាយុកាលជាង ១០០ ឆ្នាំ

វត្ត​ឈើខ្មៅ ឬ វត្ត​ទួល​អណ្ដែត គឺជា​វត្ត​បុរាណ​មួយ​មាន​បារមី​ខ្លាំងពូកែ ហើយក៏​ជា​ជីវិត​មួយ​ដែល​ស្ថិត​នៅ​លើ​ទួល​មិន​ចេះ​លិច​ទឹក នៅ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក ឬ ព្រៃរនាម នា​បឹង​ទន្លេសាប។

បើ​ធ្វើដំណើរ​ដោយ​កាណូត ឬ ស្មាច់ តាម​បណ្ដោយ​ដងស្ទឹង​សង្កែ ទៅ​ប៉ែក​ខាងក្រោម ដោយ​ប្រើ​រយៈពេល​ពី ៣ ទៅ ៤ ម៉ោង នោះ​យើង​នឹង​ទៅ​ដល់​វត្ត​បុរាណ​មួយ​ដែល​មាន​ឈ្មោះថា “​វត្ត​ឈើខ្មៅ ឬ វត្ត​ទួល​អណ្ដែត​” ហើយ​វត្ត​នេះ​មាន​ចម្ងាយ ៥៤ គីឡូម៉ែត្រ ពី​ក្រុង​បាត់ដំបង ដែល​វត្ត​នេះ​បច្ចុប្បន្ន​បាន​ប្រែក្លាយ​ទៅជា​រមណីយដ្ឋាន​សាសនា។

វត្ត​ឈើខ្មៅ ឬ វត្ត​ទួល​អណ្ដែត ស្ថិត​ក្នុង​ភូមិ​កោះ​ជី​វាំង ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង មាន​អាយុកាល ១៣៨ ឆ្នាំ មក​ហើយ ដែល​កសាង​ឡើង​នៅ​ឆ្នាំ ១៨៨៧ ដោយ​ទី​ទួល​ដែល​កសាង​វត្ត​នេះ​តាំងពី​បុរាណកាល​មក​គឺ​មិន​ចេះ​លិច​ទាល់តែសោះ​បើ​ទោះបី​ជា​ខែវស្សា​ទឹកទន្លេ​ជន់​ជោរ​បែបណា​ក៏ដោយ​ទើប​គេ​ប្រសិទ្ធិនាម​ឲ្យ​ឈ្មោះ​ថា​វត្ត​ទួល​អណ្ដែត។

ប្រវត្តិ នៃ​វត្ត​ឈើខ្មៅ​នេះ កាលពី​បុរាណកាល គឺ​នៅ​លើ​ទួល​នេះ​សំបូរ​ទៅ​ដោយ​ដើមឈើ​ខ្មៅ​ដែល​អ្នក​ភូមិ​បាន​កាប់​ដើមឈើ​ខ្មៅ​ទាំងនេះ​យក​មក​កសាង​ព្រះវិហារ ហើយក៏​នាំគ្នា​ហៅថា​វត្ត​ឈើខ្មៅ​ចាប់​តាំងពី​ពេលនោះ​មក ប៉ុន្តែ​ដោយសារ​បារមី​ខ្លាំងពូកែ​ព្រោះ​ទី​ទួល​ដែល​កសាង​ទី​អារាម​នេះ​មិន​ចេះ​លិច​ទឹក​ទាល់តែសោះ បើ​ទោះ​បីជា​ទឹក​ជន់​ខ្លាំងយ៉ាងណាក៏ដោយ​គឺ​ទួល​នេះ​នៅតែ​អណ្ដែត​ដដែល​ទើប​អ្នកភូមិ​ប្រសិទ្ធិនាម​ថ្មី​មួយទៀត​គឺ​វត្ត​ទួល​អណ្ដែត។

បច្ចុប្បន្ន​ទី​អារាម​នេះ​មិនសូវមាន​ភ្ញៀវ​ទៅ​ច្រើន​នោះ​ឡើយ ដោយសារតែ​ការ​ធ្វើដំណើរ​ត្រូវ​ប្រើ​រយៈពេល ៣ ទៅ ៤ ម៉ោង បើ​សម្រាប់​ខែវស្សា​គឺ​ត្រូវ​ប្រើ​ពេល ៥ ម៉ោង​ឯណោះ​ទើប​ទៅដល់ ប៉ុន្តែ​សម្រាប់​អ្នកភូមិ​កោះ​ជី​វាំង​នៅតែ​មានជំនឿថា​ ទីតាំង​វត្ត​ និង​ព្រះ​បដិមាករ​ក្នុង​ទី​អារាម​នេះ​ គឺមាន​បារមី​ខ្លាំងពូកែ។

ក្នុង​វត្ត​នេះ​ដែរ​បច្ចុប្បន្ន​ក៏​មាន​ទូកង​ដែល​កសាង​ឡើង​ដោយ​ដើម​គគីរ​នៅ​ក្នុង​វត្ត និង​មាន​បារមី​ស័ក្ដិសិទ្ធិ​ដែល​មាន​ឈ្មោះ​ថា “ពពក​អណ្ដែត​ស​ជ័យ បារមី​វត្ត​ឈើខ្មៅ​” ហើយក៏​ធ្លាប់​ចូលរួម​ប្រកួត​ម្ដងៗ នៅ​ខេត្ត​បាត់ដំបង​ផង​ដែរ។ បច្ចុប្បន្ន​នេះ បើទោះបី​ជាទី​អារាម​នៅ​ឆ្ងាយ​មិនសូវមាន​ភ្ញៀវ​ទៅ​ដល់​ក៏ដោយ ក៏ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ធ្វើដំណើរ​តាម​កាណូត​ពី​បាត់ដំបង​ទៅ​សៀមរាប ឬ ពី​សៀមរាប​មក​បាត់ដំបង ​ក៏​អាច​បាន​ឆៀងចូល​លេង ដើម្បី​បាន​ស្គាល់​វត្ត​ឈើខ្មៅ​នេះ​ដែរ៕

អត្ថបទ ៖ សោ និយមរ័ត្ន

The post មកស្គាល់ពីប្រវត្តិវត្តឈើខ្មៅ ឬ វត្តទួលអណ្ដែត ដែលមានអាយុកាលជាង ១០០ ឆ្នាំ appeared first on Kampuchea Thmey Daily.