ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា

ដោយមានការសម្របសម្រួលពីសំណាក់សហរដ្ឋអាមេរិកនិងបារាំង នៅទីបំផុត គណរដ្ឋមន្ត្រីអ៊ីស្រាអែល បានយល់ព្រមលើបទឈប់បាញ់មួយជាមួយក្រុមហេសបូឡាលីបង់... The post ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា appeared first on Kampuchea Thmey Daily.

ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា

ដោយមានការសម្របសម្រួលពីសំណាក់សហរដ្ឋអាមេរិកនិងបារាំង នៅទីបំផុត គណរដ្ឋមន្ត្រីអ៊ីស្រាអែល បានយល់ព្រមលើបទឈប់បាញ់មួយជាមួយក្រុមហេសបូឡាលីបង់ ដែលបើយោងតាមប្រធានាធិបតីអាមេរិកចូ បៃដិន, បទឈប់បាញ់នេះបានចូលជាធរមាននៅម៉ោង៤ព្រឹកថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤។

(រូបថត៖ AP)

ក្នុងបទឈប់បាញ់នេះមានចែងថា កងទ័ពអ៊ីស្រាអែល នឹងត្រូវដកចេញពីភាគខាងត្បូងប្រទេ​សលីបង់ ហើយក្រុមហេសបូឡា ក៏នឹងដកថយចេញពីភាគខាងជើងនៃទន្លេ Litani ដូចគ្នា។

ដំណើរការនេះ នឹងចំណាយពេល៦០ថ្ងៃ ហើយកងទ័ពលីបង់ នឹងត្រូវដាក់ពង្រាយទៅភាគខាងត្បូង ដើម្បីតាមដានបទឈប់បាញ់ខណៈក្រុមការងារអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ដែលរួមមានទាំងកងរក្សាសន្តិភាពបារាំង ក៏នឹងត្រូវដាក់ពង្រាយដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់នេះផងដែរ។

(រូបថត៖ AP)

លើសពីនេះ កងទ័ពលីបង់នឹងតម្រូវឲ្យពង្រីកតួនាទីរបស់ខ្លួននៅក្នុងប្រទេសលីបង់ ជាពិសេសនាភាគខាងត្បូង ដែលទីនោះនឹងក្លាយជាស្ថាប័នប្រដាប់អាវុធតែមួយគត់ ហើយគ្រប់គ្រងសកម្មភាពពាក់ព័ន្ធនឹងអាវុធនៅក្នុងប្រទេសនេះ។

មិនត្រឹមប៉ុណ្ណឹង ជនស៊ីវិលលីបង់និងអ៊ីស្រាអែល ក៏នឹងត្រូវអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញជាបណ្តើរៗផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួនបានលើកឡើងថា បទឈប់បាញ់នេះគ្រាន់តែជាកិច្ចព្រមព្រៀងបណ្តោះអាសន្នប៉ុណ្ណោះ ពោលគឺមិនដឹងថា ភាគីទាំងសងខាងអនុវត្តវាបានយូរប៉ុនណានោះទេ ដោយសារតែវាមិនមានការឯកភាពផ្នែកនយោបាយពីសំណាក់ប្រទេសអ៊ីរ៉ង់ ដែលគេដឹងថា ជាអ្នកនៅពីក្រោយខ្នងចាំជួយគាំទ្រចលនាសកម្មប្រយុទ្ធ។

(រូបថត៖ AP)

គេនៅតែសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងឈានឆ្ពោះទៅរកការបញ្ចប់អំពើហិង្សារយៈពេលជាងមួយឆ្នាំ ដែលផ្តើមឡើងនៅពេលក្រុមហេសបូឡា បើកការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។

ចាប់តាំងពីខែតុលាឆ្នាំ២០២៣មក អ៊ីស្រាអែលបានសម្លាប់ប្រជាជនលីបង់ចំនួន ៣ ៧៦៨នាក់ និងបង្ខំឲ្យ១.២លាននាក់ទៀតត្រូវជម្លៀសខ្លួន ដោយសារតែសង្គ្រាមដ៏សាហាវ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហេសបូឡា រើសបានមេក្រុមថ្មី, ជាអ្នកទើបរត់គេចពីការធ្វើឃាតរបស់ អ៊ីស្រាអែល

The post ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា appeared first on Kampuchea Thmey Daily.