តម្លៃប្រេងកើនជាង ១ ភាគរយ ពេលបញ្ចប់ការជួញដូរ ជុំវិញការថយចុះនៃស្តុកប្រេងអាមេរិក
តម្លៃប្រេងឆៅទាំង២ បានកើនឡើងប្រមាណ ១,៤ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍។ The post តម្លៃប្រេងកើនជាង ១ ភាគរយ ពេលបញ្ចប់ការជួញដូរ ជុំវិញការថយចុះនៃស្តុកប្រេងអាមេរិក appeared first on Kampuchea Thmey Daily.
តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងជាង ១ ភាគរយ នៅពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ ដែលជំរុញដោយការធ្លាក់ចុះនៃប្រេងក្នុងស្ដុករបស់សហរដ្ឋអាមេរិក ច្រើនជាងការរំពឹងទុក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បានកើនឡើង ៩១ សេន ឬ ១,២ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧៤,១៧ ដុល្លារ/បារ៉ែល។ ចំណែកឯប្រេងឆៅអាមេរិកវិញ បានកើនឡើង ៩៨ សេន ឬ ១,៤ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧០,៦០ ដុល្លារ/បារ៉ែល។
តម្លៃប្រេងឆៅទាំង២ បានកើនឡើងប្រមាណ ១,៤ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍។
ទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក បានបង្ហាញកាលពីថ្ងៃសុក្រថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន ៤,២ លានបារ៉ែល ក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ២០ ខែធ្នូ ក្រោយក្រុមហ៊ុនចម្រាញ់ប្រេងបានបង្កើនសកម្មភាពរោងចក្ររបស់ខ្លួន ហើយរដូវកាលឈប់សម្រាកបានបង្កើនតម្រូវការប្រេងឥន្ធនៈ។ ការណ៍ទាំងនោះ បានរួមចំណែកធ្វើឱ្យតម្លៃប្រេងឆៅកើនឡើង។
ក្រៅតែពីនេះ សុទិដ្ឋិនិយមជុំវិញគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់ចិន ដែលជាប្រទេសនាំចូលប្រេងដ៏ច្រើនបំផុតមួយនោះ ក៏រួមចំណែកលើកំណើនតម្លៃផងដែរ គួបផ្សំនៃហានិភ័យផ្គត់ផ្គង់មួយចំនួនជុំវិញជម្លោះអ៊ុយក្រែន និងមជ្ឈិមបូព៌ា៕
The post តម្លៃប្រេងកើនជាង ១ ភាគរយ ពេលបញ្ចប់ការជួញដូរ ជុំវិញការថយចុះនៃស្តុកប្រេងអាមេរិក appeared first on Kampuchea Thmey Daily.