ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ជប៉ុនបាន​វ៉ាដាច់ប្រទេស​ថៃ ប៉ុន្តែ​តួលេខ​នៅ​ប្រកិត​ប្រកើយ​នៅឡើយ​។ យ៉ាងណា​មិញ​ អ្វីគួរ​ឱ្យ​កត់សម្គាល់​នោះគឺថា នៅឆ្នាំ​​ ២០១៩ ពោលគឺ​មុន​ពេល​វិបត្តិកូវីដ១៩ ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍សកល​ធ្លាក់ចុះ​ដុនដាបនោះ ថៃ​បាន​ទទួល​ភ្ញៀវទេសចរលើស​ជប៉ុនរហូតដល់ ១០ លាន​នាក់​។ The post ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី appeared first on Kampuchea Thmey Daily.

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ភាពទាក់ទាញ​របស់​ជប៉ុន បាន​ធ្វើឱ្យ​ប្រទេស​នេះ​ស្ទុះងើប​ឡើងក្លាយជា​គូប្រជែង​របស់​ថៃ លើ​តំណែងទិសដៅទេសចរណ៍កំពូល​ប្រចាំទ្វីប​អាស៊ី ដែល​នេះ​បង្ហាញ​ពី​របត់នៃទេសចរណ៍សកល។

កាសែត Nikkei បាន​ផ្សាយ​ថា​​ គិត​ត្រឹមរយៈពេល ១១ ដើមឆ្នាំ ២០២៤ ប្រទេស​ជប៉ុនបាន​ទទួល​ស្វាគមភ្ញៀវទេសចរអន្តរជាតិ​ប្រមាណ​ ៣៣,៣ លាននាក់ ខណៈកាសែតបាងកកប៉ុស្តិ៍ថៃវិញ​ បាន​រាយការណ៍ថា​ ប្រទេស​នេះ​បាន​ស្វាគមភ្ញៀវទេសចរអន្តរជាតិ​ប្រមាណ ៣២,៧ លាន​នាក់ គិតត្រឹម ថ្ងៃ ៨ ធ្នូ។

ចំនួន​ទាំង​នេះ​បង្ហាញថា​ ជប៉ុនបាន​វ៉ាដាច់ប្រទេស​ថៃ ប៉ុន្តែ​តួលេខ​នៅ​ប្រកិត​ប្រកើយ​នៅឡើយ​។ យ៉ាងណា​មិញ​ អ្វីគួរ​ឱ្យ​កត់សម្គាល់​នោះគឺថា នៅឆ្នាំ​​ ២០១៩ ពោលគឺ​មុន​ពេល​វិបត្តិកូវីដ១៩ ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍សកល​ធ្លាក់ចុះ​ដុនដាបនោះ ថៃ​បាន​ទទួល​ភ្ញៀវទេសចរលើស​ជប៉ុនរហូតដល់ ១០ លាន​នាក់​។

​នៅ​ឆ្នាំ​ ២០២៤ នេះ​ ថៃបាន​កំណត់គោលដៅទាក់ទាញ​ភ្ញៀវអន្តរជាតិ​រហូតដល់ ៣៦,៧ លាន​នាក់ ប៉ុន្តែ​នៅតិច​ជាង​ចំនួនភ្ញៀវដែលខ្លួន​ទទួល​បាន​ ៤០ លាន​នាក់ ក្នុង​ឆ្នាំ​ ២០១៩។ ប្រហាក់ប្រហែល​គ្នា​ ជប៉ុនបាន​កំណត់គោលដៅ ៣៥ លាន​នាក់​។

​តួលេខ​ជាក់ស្ដែង​បង្ហាញ​ពី​ភាព​មាន​ប្រៀបជាង​របស់​ជប៉ុន។ អ្នកជំនាញ​លើក​ឡើងថា​ ជប៉ុន​ភាពលេចធ្លោជាមួយនឹងបណ្តាញផ្លូវដែកពិសេសរបស់ខ្លួន ស្តង់ដារសុវត្ថិភាពខ្ពស់ ភាពស្អាតឥតខ្ចោះជាពិសេសផ្នែកបរិស្ថាន និងភាពទាក់ទាញចម្រុះផ្សេង​ៗ​ ដែលពង្រឹងជំហររបស់​ប្រទេស​នេះ​នៅក្នុងឧស្សាហកម្មទេសចរណ៍​ដ៏​ប្រកួតប្រជែង។ ក្រៅតែពី​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជឿនលឿន ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់យ៉េនជប៉ុន ក៏ជា​ផ្នែកមួយ​នៃភាព​ទាក់ទាញ​របស់​ជប៉ុនផងដែរ។

កត្តាមួយ​​សំខាន់ដែលជំរុញឱ្យប្រទេសជប៉ុនទទួលបានជោគជ័យក្នុងវិស័យទេសចរណ៍ គឺកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរវាងរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារទេសចរណ៍ក្នុងស្រុក។ ​ជប៉ុនអាចបង្កើតយុទ្ធសាស្ត្រទីផ្សារទេសចរណ៍បង្រួបបង្រួម ដែលតភ្ជាប់ថ្នាក់ជាតិ តំបន់ និងថ្នាក់មូលដ្ឋានរបស់រដ្ឋាភិបាល។ ស្ថាប័នទេសចរណ៍ខេត្ត ចូលរួមយ៉ាងសកម្មនៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ ដោយធានាថាប្រទេសជប៉ុន​ត្រូវ​បាន​គេ​មើលឃើញ​​ក្នុងទីផ្សារទេសចរណ៍ពិភពលោក។ នេះបើតាម​សារព័ត៌មាន Travel and Tour World។

​ថៃឯណោះវិញ​ ត្រូវ​បាន​គេ​មើលឃើញថា​ មាន​ភាពទាក់ទាញ​​​ដ៏សំខាន់ៗ ជាពិសេសភាពសម្បូរបែបនៃវប្បធម៌ ភាពរស់រវើកនៃ​ទិសដៅទេសចរណ៍ ​និងប្រជាជន តំបន់ធម្មជាតិ និងការបដិសណ្ឋារកិច្ចលំដាប់ពិភពលោកជាដើម​។​ យ៉ាង​ណា​មិញ​ ប្រតិបត្តិករអន្តរជាតិមួយចំនួន​បានលើកឡើងថា ប្រទេស​នេះ​មិន​សូវ​មាន​ចំណុចទាក់ទាញ​ថ្មី​ និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីទ្រទ្រង់ការប្រកួតប្រជែងរបស់ខ្លួនក្នុងឧស្សាហកម្ម​។

ដើម្បីទប់ទល់នឹងបញ្ហានេះ ប្រទេសថៃបាននិងកំពុងផ្សព្វផ្សាយព្រឹត្តិការណ៍ពិធីបុណ្យធំៗ​ទាំង​អន្តរជាតិ​ និងជាតិ​។ ឧទាហរណ៍​ដូចជា​ការ​ប្រារព្ធ​ពិធី​ឆ្លងឆ្នាំ​ ​«Amazing Thailand Countdown 2025» ​ដើម្បី​ទាក់ទាញភ្ញៀវទេសចរអន្តរជាតិទ្រង់ទ្រាយធំ​ សម្រាប់ឆ្នាំថ្មីខាងមុខនេះ។ កន្លងមក​រដ្ឋាភិបាលថៃ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាច្រើន​ដើម្បីទាក់ទាញ​ភ្ញៀវ ក្នុង​នោះ​រួម​មាន​ទាំង​គោលនយោបាយ​លើកលែងទិដ្ឋាការ​ និង​ជំរុញ​ «អំណាចទន់» ជាដើម​។ ថៃបាន​កំណត់គោលដៅ​ភ្ញៀវទេសចរប្រមាណ​ ៤០ លាននាក់ សម្រាប់​ឆ្នាំ​ ២០២៥៕

The post ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី appeared first on Kampuchea Thmey Daily.