ចិនប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជាកាន់តែស៊ីជម្រៅ
ចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងកម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត The post ចិនប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជាកាន់តែស៊ីជម្រៅ appeared first on Kampuchea Thmey Daily.
ចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងកម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។ នេះជាការបញ្ជាក់របស់នាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ហើយលោក បានប្រកាសថា ក្នុងនាមជាអនុព័ន្ធយោធា នឹងខិតខំបំពេញតួនាទីជាស្ពានរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ពិសេសលើវិស័យកងទ័ព។
ការបញ្ជាក់របស់វរសេនីយ៍ឯកពិសេស ស៊ឹង តាជឺ (SHENG DAZHI) នាយការិយាល័យអនុព័ន្ធយោធាថ្មីរបស់ចិនប្រចាំកម្ពុជា បានលើកឡើងនៅចំពោះមុខរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងជំនួបសម្តែងការគួរសម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការពារជាតិ រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសាទរចំពោះវរសេនីយ៍ឯកពិសេស ស៊ឹង តាជឺ ដែលថ្នាក់ដឹកនាំក្រសួងការពារជាតិចិនបានចាត់តាំងជានាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជានាពេលនេះ។ នាយឧត្ដមសេនីយ៍ ទៀ សីហា បានថ្លែងចាត់ទុកឯកអគ្គរដ្ឋទូត ក៏ដូចជានាយការិយាល័យអនុព័ន្ធយោធា ចិនប្រចាំកម្ពុជា គឺសុទ្ធសឹងជាតួអង្គដ៏សំខាន់ក្នុងការទំនាក់ទំនងដោះស្រាយបញ្ហា និងពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជន និងកងទ័ពទាំងពីរ កម្ពុជា-ចិន។
រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានគូសរំលេចអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពទាំងពីរកម្ពុជា និងចិន ដែលបានឈានពីគ្រប់ជ្រុងជ្រោយ មកដល់មិត្តភាពដែកថែប និងបានបន្តពូនជ្រុំឈានមកដល់មិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ លោក បញ្ជាក់ថា កម្ពុជាតែងគាំទ្រនូវការផ្ដួចផ្ដើមគំនិតរបស់ប្រទេសចិន ពិសេសការរួមគ្នាកសាងប្រកបដោយគុណភាព និងសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន។ លោកនាយឧត្ដមសេនីយ៍ ទៀ សីហា សង្ឃឹម និងជឿជាក់ថា លោកវរសេនីយ៍ឯកពិសេស នាយការិយាល័យអនុព័ន្ធយោធាចិនថ្មី នឹងបន្តរួមចំណែកគាំទ្រ និងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ក្នុងកិច្ចសន្ទនានេះ លោកវរសេនីយ៍ឯកពិសេស នាយការិយាល័យអនុព័ន្ធយោធាចិន បានបញ្ជាក់ថា ចិន និងកម្ពុជា ជាមិត្តដ៏ល្អនឹងគ្នា ស័ក្តិសមនឹងការប្រសិទ្ធនាមមិត្តភាពដែកថែប ដែលប្រទេសទាំងពីរមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ ក្នុងការទំនាក់ទំនងរឹតចំណងមិត្ត និងកិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក។
លោកវរសេនីយ៍ឯកពិសេស បានបញ្ជាក់បន្ថែមថា ចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងកម្ពុជាជាបន្តទៅទៀត ហើយលោកនឹងខិតខំបំពេញតួនាទីជាស្ពានចំណងមិត្តភាពរវាងប្រទេសទាំងពីរ ចិន-កម្ពុជា និងកងទ័ពទាំងពីរ ឱ្យកាន់តែប្រសើរឡើង៕
The post ចិនប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជាកាន់តែស៊ីជម្រៅ appeared first on Kampuchea Thmey Daily.