កសិកររំពឹងថា ផលទុរេន និងទីផ្សារ នឹងមានភាពល្អប្រសើរ នៅរដូវកាលថ្មីឆ្នាំនេះ

ស្ថានភាពដំណាំទុរេនបច្ចុប្បន្នកំពុងស្ថិតក្នុង​ដំណាក់​កាល​ចេញផ្លែផ្កាបានល្អ... The post កសិកររំពឹងថា ផលទុរេន និងទីផ្សារ នឹងមានភាពល្អប្រសើរ នៅរដូវកាលថ្មីឆ្នាំនេះ appeared first on Kampuchea Thmey Daily.

កសិកររំពឹងថា ផលទុរេន និងទីផ្សារ នឹងមានភាពល្អប្រសើរ នៅរដូវកាលថ្មីឆ្នាំនេះ

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យ​ដឹងនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ថា ស្ថានភាពដំណាំទុរេនបច្ចុប្បន្នកំពុងស្ថិតក្នុង​ដំណាក់​កាល​ចេញផ្លែផ្កាបានល្អ ខណៈ​លោករំពឹងថា ទិន្នផលទុរេននៅរដូវកាលថ្មីឆ្នាំនេះ នឹងហុចផលបានច្រើន។

លោក ហេង ឆេងលី​ ប្រាប់ថា​៖ «មិនមានបញ្ហាប្រឈមដូចរដូវក្ដៅមុនទេ ខណៈមិនទាន់ដល់រដូវក្ដៅ ប៉ុន្តែតាមការព្យាករណ៍អាកាសធាតុ ប្រាំងនេះ មិនយ៉ាប់យឺនដូច​ប្រាំង​មិញទេ មកដល់ពេលនេះ ដើមទុរេនគ្រប់តំបន់ភាគច្រើន វាល្អ វាកំពុងតែស្ថិតក្នុង​ដំណាក់​កាលផ្លែផ្កា»។

លោក ហេង ឆេងលីបានឱ្យដឹងថា​ កន្លងមក ស្ថានភាពទុរេន មានភាពល្អប្រសើរដោយសារ​ស្ថិត​នៅ​ក្នុងរដូវវស្សា ប៉ុន្តែបញ្ហា​ចោទចាប់ពីខែប្រាំងទៅ អាស្រ័យលើអាកាសធាតុក្ដៅ ឬមិនក្ដៅ ឆ្នាំនេះ ទឹកភ្លៀងច្រើន ហើយអាកាសធាតុមកដល់ចុងដៃនេះ មិនអាក្រក់នោះទេ ដូច្នេះទុរេន​មាន​ការ​កាន់​ផ្កាបានល្អ ព្រោះរដូវនេះ រដូវផ្កា គ្រប់ចម្ការចេញផ្កាតាំងពីចុងខែ តុលា។

លោក ហេង ឆេងលី រំពឹងថា ទីផ្សារទុរេននឹងមានភាពល្អប្រសើរនៅនៅរដូវកាលថ្មីឆ្នាំនេះ នឹងរយៈពេល ៥ ឆ្នាំខាងមុខ ប្រសិនបើអាចគ្រប់គ្រងការនាំចូល និងការបើកទីផ្សារថ្មី។

លោក ហេង ឆេងលីថ្លែងថា៖ «បើយើងកុំគិតពីការនាំចូល បើយើងអាចបិទខ្ទប់ខ្លះ មានរបាំងពាណិជ្ជកម្មខ្លះ ជាមួយប្រទេសជិតខាង វាធ្វើឱ្យទុរេននាំចូលមកមានកម្រិត នោះតម្លៃទុរេនក្នុងស្រុកប្រាកដជាល្អ ប៉ុន្តែបើគេនាំចូលមកច្រើន តម្លៃប្រាកដជាមិនល្អទេ យើងអាចជួបបញ្ហាខ្លះ»។

លោក ហេង ឆេងលី បានឱ្យដឹងថា ទីផ្សារចិនបើកទូលាយសម្រាប់ដំណាំផ្លែឈើ ដែលអំណោយផលដល់ការនាំចេញទុរេនកម្ពុជាផងដែរ។

ទុរេនកម្ពុជា រំពឹងទទួល​បាន​​​ការអនុញ្ញាតឱ្យនាំចេញទៅទីផ្សារចិន នៅឆ្នាំ ២០២៥ ខាងមុខនេះ ខណៈបច្ចុប្បន្ន​ស្ថិត​ក្នុង​ដំណាក់​កាលចរចារចុងក្រោយ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​កសិកម្ម មាន​ប្រសាសន៍ថា កម្ពុជាកំពុងចរចារផលិត​ផលទុរេនជាមួយភាគីចិន ហើយ​សង្ឃឹមថា នៅឆ្នាំ ២០២៥ នឹងទទួលបានការអនុញ្ញាតឱ្យនាំផលិតផលទាំង​ពីរមុខនេះ​ទៅទីផ្សារ​ចិន។

លោក ងិន ឆាយ៖ «យើងសង្ឃឹមថា ក្នុងឆ្នាំក្រោយនេះ យើងទទួលបានការនាំ​ចូលផ្លែទុរេន​ទៅ​ប្រទេស​​​​ចិន យើងបានដាក់​ឯកសារហើយ ភាគីចិនកំពុងតែពិនិត្យ បន្ទាប់ពីពិនិត្យ​ឯកសារ​​បច្ចេក​​ទេសហើយ យើងឈានទៅដល់ការចុះពិធីសារបច្ចេកទេស បន្ទាប់មកភាគីចិននឹង​ចុះ​មក​ត្រួត​​​​ពិនិត្យនៅចម្ការទុរេន និងទីតាំងវេចខ្ចប់សម្រាប់នាំចេញ»។

នៅឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចេញផ្លែទុរេនចំនួនជាង ៧ ពាន់តោន កើនឡើង ១​៣ ៩៦២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ៥០ តោន។ នេះបើតាម​ក្រសួងកសិកម្ម។ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលប្រមាណ ៥ ពាន់ហិកតា៕

អត្ថបទ៖ ឡេង ដេត

The post កសិកររំពឹងថា ផលទុរេន និងទីផ្សារ នឹងមានភាពល្អប្រសើរ នៅរដូវកាលថ្មីឆ្នាំនេះ appeared first on Kampuchea Thmey Daily.