កម្ពុជាជា​មុខព្រួយថ្មី​ ក្រោយ​ក្រុមហ៊ុន​​អាកាសចរណ៍​​​​ធំៗ​​ចាប់​ជា​គោលដៅ​ពង្រី​ក​បណ្តាញ​ហោះហើរ​បន្ថែម

ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ធំៗ​​ជា​បន្តបន្ទាប់ បាន​ប្រកាសចាប់ផ្តើម​ពង្រីក...... The post កម្ពុជាជា​មុខព្រួយថ្មី​ ក្រោយ​ក្រុមហ៊ុន​​អាកាសចរណ៍​​​​ធំៗ​​ចាប់​ជា​គោលដៅ​ពង្រី​ក​បណ្តាញ​ហោះហើរ​បន្ថែម appeared first on Kampuchea Thmey Daily.

កម្ពុជាជា​មុខព្រួយថ្មី​ ក្រោយ​ក្រុមហ៊ុន​​អាកាសចរណ៍​​​​ធំៗ​​ចាប់​ជា​គោលដៅ​ពង្រី​ក​បណ្តាញ​ហោះហើរ​បន្ថែម

ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ធំៗ​​ជា​បន្តបន្ទាប់ បានចាប់ផ្តើម​ពង្រីក​ជើង​ហោះហើរ​បន្ថែម​មក​ប្រទេស​កម្ពុជា​នៅឆ្នាំ ២០២៥​។

​ក្រុមហ៊ុន Turkish Airlines បានប្រកាស​នឹង​បើក​ជើង​ហោះហើរ​មក​ប្រទេស​កម្ពុជា​ពីទីក្រុង​អីស្តង់ប៊ុលប្រទេសតួគី​នៅ​ចុង​ឆ្នាំនេះ ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​នៅ​មជ្ឈិមបូព៌ា​ Emirates Airlines ក៏​នឹង​ចាប់ផ្តើមពង្រីក​ជើង​ហោះហើរ​មក​ខេត្ត​សៀមរាប​នៅ​ពាក់កណ្តាលឆ្នាំ ២០២៥។

ការ​បើក​ជើង​ហោះហើរ​ថ្មីៗ​បន្ត​បន្ទាប់​មក​គោលដៅ​ប្រទេស​កម្ពុជារបស់ក្រុមហ៊ុមអាកាសចរណ៍ធំៗ ទទួល​បាន​ការ​សាទរ​ពី​គ្រប់​មជ្ឍដ្ឋាន​ដែល​រំពឹង​នឹង​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា។​

លោក យឹម សានីរាន មន្ត្រី​សម្របសម្រួល​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​ថ្លែង​ថា ព័ត៌មាន​នៃ​ការ​គ្រោង​មាន​ការ​​តភ្ជាប់​ជើង​ហោះហើរ​​បន្តបន្ទាប់​​មកប្រទេស​កម្ពុជាពីក្រុមហ៊ុនអាកាសចរណ៍​លំដាប់កំពូលៗ​​របស់ពិភពលោក​ ជា​សញ្ញាណ​វិជ្ជមាន​នៃការអភិវឌ្ឍ​​​វិស័យ​អាកាសចរណ៍​របស់ប្រទេស​កម្ពុជា។

«នៅពេល​​​វិស័យ​អាកាសចរណ៍​មានភាព​​រីកចម្រើន ជួយ​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​នាំ​​ចំណូល​ដល់​អ្នក​ធ្វើការ​ពាក់ព័ន្ធ​​​គ្រប់ផ្នែកមិនថា​អ្នក​ដឹក​ជញ្ជូន មគ្គុទ្ទេសក៍ទេសចរណ៍ ម្ចាស់​សណ្ឋាគារ រួម​ទាំង​អ្នក​ផ្តល់​សេវាកម្ម​ទេសចរណ៍​ផ្សេង​ទៀត»។ នេះបើតាមលោក យឹម សានីរាន។

ជាមួយ​គ្នា​នេះ​ដែរ លោក ស៊ីន ចាន់សិរីវុត្ថា មន្ត្រី​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​ក៏​មើល​ឃើញ​ពី​ផលជះ​​វិជ្ជមាន នៅពេល​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ បាន​ពង្រីក​ជើង​ហោះហើរ​មក​ប្រទេស​កម្ពុជា​​ដែលនឹង​នាំ​​លំហូរ​មនុស្ស​ និង​ការ​តភ្ជាប់​ពី​គ្រប់គោលដៅកាន់តែងាយស្រួល។

លោក​ថា ​វិបត្តិ​សកល​និង​ស្ថានភាព​កូវីដ​ហាក់​រលប់​បាត់​បណ្តើរៗ ដែល​នាំ​ឲ្យ​មាន​កំណើន​ចរាចរណ៍​តាម​ផ្លូវ​អាកាស​កាន់តែមមាញឹក។

ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា បាន​ខិតខំ​ស្តារ​មុខមាត់​ពី​ផល​អវិជ្ជមាន​ឡើង​វិញ រួម​ទាំង​ការ​ផ្សព្វផ្សាយ​និង​ការ​រៀបចំ​ធ្វើ​បដិសណ្ឋារកិច្ច​កាន់​តែ​ល្អ​ប្រសើរ កម្ពុជា​បាន​ក្លាយជា​គោលដៅ​ទាក់ទាញ​ពី​ពលរដ្ឋ​ជុំវិញ​ពិភពលោក។ នេះបើតាម លោក ស៊ីន ចាន់សិរីវុត្ថា។

បន្ថែម​ពី​នេះ លោក ស៊ីន ចាន់សិរីវុត្ថា បាន​បញ្ជាក់ថា ការ​ត្រៀមរួចរាល់​នៃ​វិស័យ​អាកាសចរណ៍​ តាមរយៈ​​ការ​ពង្រីក​​អាកាសយានដ្ឋានរបស់ប្រទេស​កម្ពុជា ដែល​បង្ក​លក្ខណៈ​ងាយស្រួល​អាច​ទទួល​យន្តហោះ​ធំៗ​ហោះ​ឆ្ងាយ​ក៏​ជា​កត្តា​នាំ​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ជុំវិញ​ពិភពលោក ដាក់​គោលដៅ​កម្ពុជា​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ដឹកជញ្ជូន​។

ដើម្បី​ជួយ​ជំរុញ​ដល់​ការ​វិស័យអាកាសចរណ៍បន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា​បាន​ដាក់​ចេញ​វិធានការ​ រួមមាន​ការ​អនុគ្រោះពន្ធផ្សេងៗ ដើម្បីឱ្យក្រុមអាកាសចរណ៍មានលទ្ធភាពហោះហើរ​ដឹកជញ្ជូន​ដំណើរមកកាន់កម្ពុជាកាន់តែច្រើន។

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជាអះអាងថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា នៅតែបន្តចាត់ទុក​វិស័យ​ទេសចរណ៍ ជាវិស័យអាទិភាព ដែល​បាន​កំពុងដើរតួនាទីយ៉ាងសំខាន់ ​ក្នុងការរួម​ចំណែក​ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

រាជរដ្ឋាភិបាលបាន​បញ្ចុះ​ថ្លៃ VISA, ដាក់ចេញ e-VISA ក្នុងគោលដៅ​កាត់​បន្ថយភាព​កកស្ទះនៅអាកាសយានដ្ឋាន កាត់បន្ថយពន្ធសួយសារអាករ រៀបចំកញ្ចប់ផ្សេងៗ ដើម្បីបង្កភាពងាយស្រួលដល់វិស័យអាកាសចរណ៍ ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមកកាន់​ប្រទេស​កម្ពុជា។

ថ្លែង​នៅ​ក្នុង​ពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រ​កំណើន​ថ្មីរបស់​កម្ពុជា៖ អាទិភាព​សម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» របស់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ប្រមុខដឹកនាំកម្ពុជា​ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ពី​ការ​ដាក់ចេញ​យន្តការ​អនុគ្រោះពន្ធផ្សេងៗ​​ដើម្បី​ជួយ​​ស្រោចស្រង់​វិស័យ​អាកាសចរណ៍ ក្រោយ​រង​វិបត្តិ​ជំងឺ​កូវីដ ១៩​។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលេច​​អំពីការជជែកគ្នាជាមួយ​លោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ដើម្បីដោះស្រាយ​បញ្ហាក្នុងវិស័យអាកាសចរណ៍ដូច្នេះថា៖ «ជជែក​ជាមួយ​ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ វិស័យ​យន្តហោះរបស់យើង អញ្ចឹង​យើងត្រូវថែមអី​ទៀតជួយគាត់? ទម្លាក់ពន្ធ កាត់ទុក ទម្លាក់អី ដើម្បីគាត់ជួយនៅក្នុងរយៈពេលប៉ុន្មាន ដើម្បីឱ្យគាត់ហោះបាន ប្រមូល​ទេសចរ​មក ដឹកធ្វើ charter flight អីទៅ»។

ក្នុង​គោលបំណង​ជួយ​សម្រាល​បន្ទុក​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ចំពោះ​ការ​ជួលយន្តហោះពី​ក្រៅ​ប្រទេស ក៏ដូចជា​ដើម្បីជួយ​សម្រាលបន្ទុក​របស់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​តាម​ផ្លូវអាកាស ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ដាក់​ឲ្យ​អនុវត្ត​ការ​បន្ធូរ​បន្ថយ​ពន្ធកាត់​ទុក និង​អាករ​ពិសេស​ដល់​ក្រុមហ៊ុន​ប្រតិបត្តិការ​សេវា​អាកាសចរណ៍​​ក្នុង​នោះ​៖

១៖ បន្ថយអត្រាពន្ធកាត់ទុកពី ១៤ ភាគរយ មក​ត្រឹម ១០ ភាគរយ ចំពោះ​ការ​ជួល​យន្តហោះ ពីក្រៅ​ប្រទេស​មក​ប្រកប​អាជីវកម្ម​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក។
២៖ បន្ថយ​អត្រា​អាករ​ពិសេស​ពី ១០ ភាគរយ មក​ត្រឹម ៥ ភាគរយ ចំពោះ​សេវា​ដឹកជញ្ជូន​អ្នកដំណើរតាម​ផ្លូវ​អាកាស ដោយ​​ពុំគិត​ថា ការ​ដឹកជញ្ជូន​អ្នកដំណើរ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក ឬ​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ឡើយ។
៣៖ ការអនុគ្រោះនេះ មានរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែ​មិថុនា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែ​ឧសភា ឆ្នាំ​២០២៧​៕

The post កម្ពុជាជា​មុខព្រួយថ្មី​ ក្រោយ​ក្រុមហ៊ុន​​អាកាសចរណ៍​​​​ធំៗ​​ចាប់​ជា​គោលដៅ​ពង្រី​ក​បណ្តាញ​ហោះហើរ​បន្ថែម appeared first on Kampuchea Thmey Daily.