កម្ពុជា-អ៊ីរ៉ង់ ស្វាគមន៍ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រេងកាត
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ស្វាគមន៍ចំពោះវឌ្ឍនភាពលើការបិទបញ្ចប់លើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការប្រេងកាត។ The post កម្ពុជា-អ៊ីរ៉ង់ ស្វាគមន៍ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រេងកាត appeared first on Kampuchea Thmey Daily.
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លោក អាលី អាកបា ណាហ្សារី (Ali Akbar Nazari) បានស្វាគមន៍ចំពោះវឌ្ឍនភាពលើការបិទបញ្ចប់លើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការប្រេងកាត។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៤ ខែមករា ក្រសួងការបរទេសកម្ពុជាឱ្យដឹងថាក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក អាលី អាកបា ណាហ្សារី (Ali Akbar Nazari) នៅទីស្ដីការក្រសួងភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ចតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល និងថាមពល។ ដោយក្នុងនោះបានស្វាគមន៍ចំពោះវឌ្ឍនភាពលើកការបិទបញ្ចប់កិច្ចព្រមព្រៀងស្ដីពីការជំរុញ និងការពារវិនិយោគទុនរវាងកម្ពុជា និងអ៊ីរ៉ង់ ការបង្កើតគណៈកម្មការសេដ្ឋកិច្ចចម្រុះ និងអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការប្រេងកាតផងដែរ។
កម្ពុជា-អ៊ីរ៉ង បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការរុករកប្រេងកាតកាលពីឆ្នាំ២០១៦ និងបានពិភាក្សាគ្នាក្នុងការបន្តឡើងវិញម្ដងហើយនៅឆ្នាំ២០២២។ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបង្ហើបឱ្យកម្ពុជាថ្មីដឹងថាបច្ចុប្បន្នអនុស្សារណៈថ្មីនៅមិនទាន់មាននៅឡើយទេ ដោយនឹងអាចពិភាក្សាបន្ថែមពេលដែលលោក Nazari ជួបជាមួយរដ្ឋមន្ត្រីក្រសួង ។
នៅប៉ុន្មានថ្ងៃនេះឯកអគ្គរដ្ឋទូតអេរ៉ងលោក អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ចូលជួបមន្ត្រីជាន់ខ្ពស់នៅកម្ពុជាជាបន្តបន្ទាប់។ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកក៏បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជាលោកស្រី ឃួន សុដារី ផងដែរ ក្នុងជំនួបនោះលោកបានបញ្ជាក់ថាបេសកកកម្មរបស់លោកនៅពេលនេះគឺផ្ដោតលើការងារជាមួយក្រសួងស្ថាប័នរបស់កម្ពុជាលើ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្ម័នប្រេងកាត និងវិស័យសុខាភិបាល។
កម្ពុជាមានប្លុកប្រេងកាត ចំនួន២៥ក្នុងនោះ ដែនសមុទ្រ៦ប្លុក ដែនគោក១៩ប្លុក និង៤តំបន់នៅដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post កម្ពុជា-អ៊ីរ៉ង់ ស្វាគមន៍ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រេងកាត appeared first on Kampuchea Thmey Daily.