ទ្រាំង
អត្ថន័យ (3)
-
1
នាម
ឈ្មោះស្រុកមួយក្នុងកម្ពុជរដ្ឋ; ឥឡូវរួមចូលក្នុងខែត្រតាកែវស្រុកទ្រាំងមាន២គឺទ្រាំងត្រើយឯជើង, ទ្រាំងត្រើយត្បូងៗសព្វថ្ងៃនេះជាអាណាខេត្តកូស័ងស៊ីនរាប់បញ្ចូលក្នុងខែត្រមាត់ជ្រូក ( ចូដុក )។
-
2
នាម
ឈ្មោះតចសារព្រឹក្សមួយប្រភេទ ( សន្តានជ្រៃ ) មានធាងវែងៗមានស្លឹកប្រើការបានច្រើនយ៉ាងគឺប្រើការចារសាស្ត្រាហៅថាស្លឹករឹត; ប្រើការដោយយកទ្រនុងស្លឹកវាច្រៀកធ្វើជាកន្លាស់ដោតខ្ទាស់ស្លឹកខ្ចីៗសៗគ្របបន្តិចៗលើគ្នាឱ្យបានជាបន្ទះវែងៗធំៗសម្រាប់ប្រក់ឬបាំងហៅថាភ្ជល់ ( មិនជាប់បានយូរប៉ុន្មានទេ ); ទោះត្បាញជាការុងឬសំពៀតជាដើមក៏ហៅថាភ្ជល់បានដែរ; ប្រើចម្រៀកតូចៗត្បាញធ្វើជាក្ដោងទូកហៅថាទទត់; ទ្រនុងដែលសកយកស្លឹកចេញហៅថាទ្រនុងរឹតឬឆ្អឹងរឹត; ធាងទុំដែលគេកាប់យកមកពុះហើយច្រាស់ឬឈូសធ្វើជាវត្ថុផ្សេងៗមានដំបង, ដាម, ព័ន្ធមូល ( គ្រឿងតម្បាញ ) ជាដើមហៅថាទ្រាំងដែរៈដំបងទ្រាំង, ដាមទ្រាំង, ព័ន្ធមូលទ្រាំង។ ( ព . ទ . បុ .) ទ្រាំងកំដរខ្មោចគេយកធាងទ្រាំងដែលគេធ្វើជាដាមឬជាព័ន្ធមូលនោះមកចងភ្ជាប់ឬខ្ទាស់នឹងកាំជណ្ដើរផ្ទះដោយគេជឿតាមទម្លាប់ថាខ្មោចបិសាចខ្លាចទ្រាំងគេការពារមិនឱ្យខ្មោចបិសាចឡើងតាមជណ្ដើរចូលក្នុងផ្ទះបាន។មនុស្សដែលខ្ចិលខ្ជិលណាស់ឬដែលល្ងង់ទុយមុយពេកពេលយប់ដេកលក់មិនសូវដែលប្រែខ្លួនបានត្រឹមតែមកដេកកំដរកុំឱ្យតែខ្លាចខ្មោចបិសាចលងប៉ុណ្ណោះ, គេនិយាយថាដូចគេយកទ្រាំងមកកំដរខ្មោច។ដើមទ្រាំងនេះច្រើនដុះពីគ្រាប់វាក្នុងព្រៃធំៗក្នុងប្រទេសកម្ពុជាមានខែត្រក្រចេះនិងខែត្រកំពង់ធំច្រើនជាងខែត្រឯទៀត, ជាតចសារព្រឹក្សមានប្រយោជន៍ច្រើន, គេអាចដាំតាមព្រំវត្តអារាមក៏បានមិនសូវរើសដីប៉ុន្មានទេ, រស់នៅបានយូរឆ្នាំវែងឆ្ងាយជាងអាយុមនុស្សអ្នកមានអាយុវែង, ប៉ុន្តែលុះដល់កំណត់កាលក៏បញ្ចេញផ្កាចំត្រង់កំពូលមានផ្លែផ្កាជាធ្លាយដូចផ្លែចាក, លុះផ្លែទុំហើយតចសារព្រឹក្សនេះក៏ងាប់, រាប់ថាជារុក្ខជាតិបញ្ចេញផ្កាផ្លែសម្លាប់ដើម, សូមដូចព្រះពុទ្ធភាសិតថាតចសារជាតិមានឫស្សី, បបុស, ត្រែង, ទ្រាំងជាដើមបញ្ចេញផ្កាផ្លែសម្លាប់ដើមវាយ៉ាងណា, លាភៈសក្ការៈពុំជាសម្លាប់មនុស្សលោភលាមកតក់ម៉ក់អាក្រក់ក្រៃក៏មានឧបមេយ្យដូច្នោះដែរ។
-
3
នាម
ឈ្មោះលលកមួយប្រភេទសម្បុររលើបមាត្រតូចជាងលលកធម្មតា, មិនចេះរងាវទេចេះតែបូលឬបរសូរញាប់រន្ថាន់
ឧទាហរណ៍ លលកទ្រាំង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)