រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ស្រៈ

នាម

អត្ថន័យ

  1. 1

    នាម

    អក្សរ​ដែល​អាច​បញ្ចេញ​សំឡេង​ខ្លួន​ឯង​បាន​ផង​អាច​នាំ​ព្យញ្ជនៈ​ឱ្យ​ចេញ​សំឡេង​បាន​មាន​សូរ​ឮ​តាម​រំពង​របស់​ព្យញ្ជនៈ​ផង​។​ស្រៈ​សម្រាប់​ប្រើ​ក្នុង​ភាសា​បាលី​មាន​៨​តួ​គឺ​អ​អា, ឥ​ឦ, ឧ​ឩ, ឯ, ឱ​។​សម្រាប់​ប្រើ​ក្នុង​ភាសា​សំស្ក្រឹត​មាន​១៣​តួ​គឺ​អ​អា, ឥ​ឦ, ឧ​ឩ, ឫ​ឬ, ឭ, ឯ, ឰ, ឱ, ឳ; ថែម​ស្រៈ​ឮ​មួយ​ដោយ​ឡែក​មក​ទៀត​ជា​១៤​តួ​។​សម្រាប់​ប្រើ​ក្នុង​ភាសា​ខ្មែរ ( សម័យ​បច្ចុប្បន្ន​នេះ ), រាប់​ស្រៈ​ផ្សំ​ជាមួយ​នឹង​និគ្គ​ហិត​និង​វិសជ៌​នីយ​ផង, មាន​២១​តួ​គឺ​អ​អា​អិ​អី​អឹ​អឺ​អុ​អូ​អួ​អើ​អឿ​អៀ​អេ​អែ​អៃ​អោ​អៅ​អុំ​អំ​អាំ​អះ; រាប់​ទាំង​ឫ​ឬ​ឭ​ឮ​និង​ស្រៈ​ឰ, ឪ, ឳ​ផង​ជា​២៨​តួ​។​ស្រៈ​ទាំង​នេះ, លើក​តែ​ឫ​ឬ​ឭ​ឮ​និង​ឪ​ចេញ, ចែក​ជា​២​យ៉ាង​គឺ​ស្រៈ​សុទ្ធ​ដែល​ចេញ​សំឡេង​តាម​ទំនើង​ខ្លួន​ឯង​ហៅ​ស្រៈ​ពេញ​តួ ( ត្រូវ​សរសេរ​ពេញ​តួ ) : អ​អា​ឥ​ឦ​ឧ​ឪ​ឬ​ឩ​ឯ​ឰ​ឱ​ឳ; អ​អា​។​ល​។​អុំ​អំ​អាំ​អះ; ( ចំពោះ​ស្រៈ​ឧ​បុរាណ​សរសេរ​ដាក់​សញ្ញា​ត្រី​សព្ទ ( ៊ ) ពី​លើ​ឧ៊​អ . ថ . អុក, ប៉ុន្តែ​ត​មក​ឈប់​ប្រើ​សញ្ញា​នេះ​នៅ​តែ​ត្រឹម​ឧ; មើល​ក្នុង​និទាន Introduction ផង )។​ស្រៈ​មិន​ពេញ​តួ​ដែល​ប្រើ​ផ្សំ​ជាមួយ​នឹង​ព្យញ្ជនៈ​ហៅ​ស្រៈ​ផ្សំ​ត្រូវ​សរសេរ​គំនូស​ដូច្នេះ | ា​ិ​ី​ឹ​ឺ​ុ​ូ​ួ​ើ​ឿ​ៀ​េ​ែ​ៃ​ោ​ៅ​ុំ​ំ​ាំ​ះ, ផ្សំ​ជា​ក​កា​កិ​កី​កឹ​កឺ​។​ល​។​កុំ​កំ​កាំ​កះ; ឬ​ផ្សំ​ជាមួយ​នឹង​ស្រៈ​អ​ពេញ​តួ​ជា​អ​អា​អិ​អី​អឹ​អឺ​។​ល​។​អុំ​អំ​អាំ​អះ​ផង​ក៏​បាន​។​ស្រៈ​ផ្សំ​ទាំង​២១​តួ​នេះ​កាល​បើ​គ្រូ​បង្រៀន​សិស្ស​ឱ្យ​រៀន​ផ្សំ​ជាមួយ​នឹង​ព្យញ្ជនៈ​អឃោសៈ​ត្រូវ​បង្គាប់​សិស្ស​ឱ្យ​អាន​ជា​សូរ​សំឡេង​តូច​ថា​ក​ស្រៈ​អ​ក, ក​ស្រៈ​អា​កា, ក​ស្រៈ​អិ​កិ, ក​ស្រៈ​អី​កី, ក​ស្រៈ​អឹ​កឹ, ក​ស្រៈ​អឺ​កឺ​។​ល​។​ក​ស្រៈ​អុំ​កុំ, ក​ស្រៈ​អំ​កំ, ក​ស្រៈ​អាំ​កាំ, ក​ស្រៈ​អះ​កះ ( ត្រូវ​ឱ្យ​សិស្ស​សរសេរ​ស្រៈ​ជា | ា​ិ​ី​ឹ​ឺ​។​ល​។​ុំ​ំ​ាំ​ះ )។​បើ​ផ្សំ​ជាមួយ​នឹង​ព្យញ្ជនៈ​ឃោសៈ​ត្រូវ​បង្គាប់​សិស្ស​ឱ្យ​អាន​ជា​សូរ​សំឡេង​ធំ​ដូច​ជា​មាន​សញ្ញា​ត្រី​ស័ព្ទ ( ៊ ) នេះ​នៅ​ពី​លើ​ប៉ុន្តែ​ពុំ​ត្រូវ​ឱ្យ​ប្រើ​ត្រី​ស័ព្ទ​ផ្សំ​ជាមួយ​ផង​ទេ​គ្រាន់​តែ​ឱ្យ​សិស្ស​អាន​បញ្ចេញ​សំឡេង​ឱ្យ​ឮ​ធំ​ប៉ុន​គ្នា​នឹង​សំឡេង​ព្យញ្ជនៈ​ឃោសៈ​ប៉ុណ្ណោះ​គឺ​ត្រូវ​ឱ្យ​អាន​ផ្សំ​ថា​គ​ស្រៈ​អ៊​គ, គ​ស្រៈ​អ៊ា​គា, គ​ស្រៈ​អ៊ ‍ ិ​គិ, គ​ស្រៈ​អ៊ ‍ ី​គី, គ​ស្រៈ​អ៊ ‍ ឹ​គឹ, គ​ស្រៈ​អ៊ ‍ ឺ​គឺ​។​ល​។​គ​ស្រៈ​អ៊ុំ​គុំ, គ​ស្រៈ​អ៊ំ​គំ, គ​ស្រៈ​អ៊ ‍ ាំ​គាំ, គ​ស្រៈ​អ៊ះ​គះ ( ត្រូវ​ឱ្យ​សិស្ស​សរសេរ​ស្រៈ​ជា | ា​ិ​ី​ឹ​ឺ​។​ល​។​ុំ​ំ​ាំ​ះ​មិន​ត្រូវ​ឱ្យ​ដាក់​ត្រី​ស័ព្ទ​ផ្សំ​ផង​ទេ )។​គ្រូ​បង្រៀន​សិស្ស​ឱ្យ​ផ្សំ​ស្រៈ​ជាមួយ​នឹង​ព្យញ្ជនៈ​តាម​សំឡេង​តូច​ធំ​បែប​នេះ​ទើប​ត្រឹមត្រូវ​តាម​របៀប​ការ​សិក្សា​អក្សរ​ខ្មែរ​តាំង​ពី​ក្នុង​បុរាណ​កាល​រៀង​មក; ទាំង​សិស្ស​សោត​ក៏​អាច​ចេះ​អក្សរ​ខ្មែរ​ទៀងទាត់​ច្បាស់លាស់​ផង​។​ត្រង់​ព្យញ្ជនៈ​ឃោសៈ​គ្រប់​តួ​គ្រូ​គួរ​ប្រយ័ត្ន​កុំ​ឱ្យ​សិស្ស​អាន​ល្អៀង​សំឡេង​ត្រង់​បែប​ផ្សំ​ជាមួយ​នឹង​ស្រៈ​សំឡេង​ធំ​៥​តួ​គឺ​អ៊ា​អៀ​អ៊ុំ​អ៊ំ​អ៊ាំ ( គា​គៀ​គុំ​គំ​គាំ, ទា​ទៀ​ទុំ​ទំ​ទាំ, នា​នៀ​នុំ​នំ​នាំ ... នេះ )។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម