អសទិសទាន
អត្ថន័យ
-
1
នាម
ទានដែលឥតមានទានដទៃណាមួយប្រដូចបានគឺទានដែលព្រះមហាក្សត្រិយ៍ទ្រង់មានព្រះរាជានុញ្ញាតឱ្យប្រជានុរាស្ត្រមានសិទ្ធិធ្វើប្រណាំងនឹងព្រះអង្គ។អសទិសទាននេះក្នុងកាលនៃព្រះពុទ្ធមួយព្រះអង្គមានត្រឹមតែម្ដងគត់ឥតដែលមានពីរដងឡើយ, មានន័យថាគឺព្រះរាជាទ្រង់មានព្រះរាជបញ្ជាឱ្យចាត់ចែងធ្វើទក្ខិណាទានចំពោះព្រះភិក្ខុសង្ឃច្រើនអង្គមានព្រះពុទ្ធជាប្រធាន, ទ្រង់ធ្វើក្នុងមួយថ្ងៃ, ប្រជានុរាស្ត្រធ្វើមួយថ្ងៃ, ធ្វើបែបនេះរៀងរាល់ថ្ងៃតៗគ្នា, ព្រះរាជានិងប្រជានុរាស្ត្រចេះតែធ្វើឱ្យមានរបៀបនិងទេយ្យទានប្លែកលើសពីគ្នា, ធ្វើទានបែបនេះយូរថ្ងៃណាស់, ចេះតែឈ្នះគ្នាម្ដងម្នាក់គឺជួនឈ្នះគ្នាដោយរបៀបជួនឈ្នះគ្នាដោយទេយ្យទាន, លុះថ្ងៃចុងក្រោយបំផុតព្រះរាជាទ្រង់ឈ្នះព្រោះប្រជានុរាស្ត្រទាល់គំនិតពុំអាចលៃលកឱ្យឈ្នះព្រះអង្គបានឡើយ, ក៏ចប់ស្រេចត្រឹមប៉ុណ្ណោះឯង
ឧទាហរណ៍ ក្នុងកាលនៃព្រះសក្យមុនីសម្ពុទ្ធព្រះបាទបសេនទិកោសលព្រះរាជាក្រុងសាវត្ថីទ្រង់ធ្វើអសទិសទានឈ្នះប្រជានុរាស្ត្រដោយសារមធ្យោបាយឈ្លាសវៃនៃព្រះអគ្គមហេសីទ្រង់ព្រះនាមមល្លិកាទេវី។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)