សុរា
អត្ថន័យ (2)
-
1
នាម
ទេវតាទាំងឡាយ, ពួកទេវតា។
-
2
នាម
ទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់កើតអំពីព្រានព្រៃម្នាក់ឈ្មោះសុរៈ។មានរឿងតំណាលក្នុងគម្ពីរជាតកខាងពុទ្ធសាសនាថាកាលពីបុរាណព្រេងនាយយូរអង្វែងហើយមានព្រានព្រៃម្នាក់ឈ្មោះសុរៈ ( ជាអ្នកមធ្យមប្រទេស ) បានឃើញពួកសត្វបក្សីមកប្រជុំគ្នាផឹកទឹកដែលដក់នៅប្រឡង់ប្រគាបឈើធំមួយក្នុងព្រៃហើយស្រវឹងធ្លាក់ចុះមកកកែកករល្ងីល្ងើហើរឡើងមិនរួច, ព្រាននឹកសង្ស័យក៏ពាក់បង្អោងឡើងទៅសង្កេតមើលឃើញទឹកមានគ្រាប់ឈើច្រើនប្រភេទនិងគ្រាប់ធញ្ញជាតិខ្លះត្រាំនៅក្នុងនោះ, គាត់កេវស្លឹកឈើដួសក្រេបផឹកល្បងមើលក៏ព្រឺខ្លួនខ្ញាកៗ, លុះក្រេបផឹកថែមហើយថែមទៀតក៏ស្រវឹងនឹកចង់បរិភោគសាច់សត្វ, ចុះមកសម្លាប់បក្សីទាំងនោះអាំងបរិភោគមានរសឆ្ងាញ់ប្លែកជាងសព្វដង; ... ដល់ថ្ងៃក្រោយបាននាំតាបសមួយរូបឈ្មោះវរុណៈឱ្យផឹកទឹកត្រាំនោះល្បងមើល, វរុណៈក៏ស្រវឹងនឹកចង់បរិភោគសាច់សត្វដែរ; ចាប់ដើមតាំងពីនោះមកវរុណៈនិងសុរៈចូលដៃគ្នាពេញទី។លុះចំណេរកាលតមកសុរៈនិងវរុណៈបាននាំយកទឹកត្រាំនោះមកផ្សាយក្នុងស្រុកពួកមនុស្សក៏ចេះផ្សំគ្រឿងត្រាំធ្វើឱ្យកើតជាទឹកស្រវឹងហៅថាសុរាតាមឈ្មោះព្រានព្រៃដែលជាអ្នកនាំអាទិ៍មុនគេបង្អស់អ្នកស្រុកខ្លះហៅថាវារុណីតាមឈ្មោះតាបសទ្រុស្ដសីលដែលជាបុរសទីពីរចូលដៃជាមួយនឹងព្រានព្រៃ។កាលជាន់នោះពួកមនុស្សចេះធ្វើសុរាឬវារុណីនេះត្រឹមតែទឹកត្រាំដោយគ្រឿងផ្សំផ្សេងៗ ( ជាមេរ័យ ) ប៉ុណ្ណោះ, សម្រាប់ពួកសេនាទាហានប្រើច្រើនជាងសាធារណជន; លុះចំណេរកាលតរៀងៗមកមនុស្សទាំងឡាយក្នុងសាកលលោកចេះតែបែកគំនិតធ្វើសុរាបានច្រើនបែបឡើង, ដរាបដល់មកសម័យសព្វថ្ងៃនេះសុរាក៏រឹងរឹតតែចម្រើនមានច្រើនយ៉ាងឡើងទៀត
ឧទាហរណ៍ (ព.កា.) ប្រវត្តិសុរា) ប្រភពសុរាក្នុងដើមកល្បាកើតពីព្រានសូរហើយនិងវរុណតាបសទ្រុស្ដស្មូរគាត់អនុកូលព្រមគ្នាបង្កើត។ដើមជាមេរ័យលុះកាលយូរក្រៃទើបបែកកំណើតផ្សេងៗអនេកប្លែកៗជួឆើតឯដើមកំណើតកើតពីមេរ័យ។ឯទឹកត្នោតជូរកើតពីឈ្មោះស៊ូរគាត់លៃកែខៃយកឫសនេះនោះមកផ្សំកាឡៃទឹកត្នោតត្រងថ្ងៃជាទឹកត្នោតជូរ។ចំណេរកាលមកមានមនុស្សរាប់រកយកបែបឈ្មោះស៊ូរលៃលកថែមទៀតអស់កាលពុំយូរទើបទឹកត្នោតជូរកើតមានច្រើនបែប។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)