រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ប្រាក្រឹត

នាម

អត្ថន័យ

  1. 1

    នាម

    ឈ្មោះ​ភាសា​កណ្ដាល ( គ្រាម​ភាសា ) នៃ​ជន​ជាតិ​ឥណ្ឌា​ទាំងឡាយ​ច្រើន​ប្រទេស​មាន​តាំង​ពី​ក្នុង​បុរាណ​កាល​ព្រេង​នាយ​ដរាប​មក​ដល់​សម័យ​បច្ចុប្បន្ន, ទាំង​អយ៌ក​ជន​ក្នុង​សក្ក​រដ្ឋ ( នេប៉ាល ) ជា​ជាតិ​ភូមិ​នៃ​ព្រះ​សក្យ​មុនី​សម្ពុទ្ធ​ក៏​ប្រើ​ភាសា​ប្រាក្រឹត​ដែរ​។​ប្រាក្រឹត​នេះ​មាន​អត្ថ​ន័យ​ថា​ប្រក្រតី, ធម្មតា, សាមញ្ញ​ក្លាយ​មក​ពី​ប្រភព​ដើម​នៃ​ពាក្យ​សំស្ក្រឹត​ជា​ភាសា​សម្រាំង​ថា​ប្រក្ឫ​តិ " ប្រក្រតី " ប៉ុន្តែ​មាន​ទំនង​គួរ​ឱ្យ​ហៅ​ថា​ភាសា​ផ្សែផ្សំ​ឬ​ភាសា​បំប្លែង​ទៅ​វិញ​ពី​ព្រោះ​មាន​ដើម​កំណើត​ជា​ភាសា​សំស្ក្រឹត​ខ្លះ​ជា​ភាសា​បាលី​ខ្លះ​គ្រាន់​តែ​បំប្លែង​ចេញ​ឱ្យ​ឃ្លាត​ពី​ប្រភព​ដើម​ប៉ុណ្ណោះ​ពុំ​មែន​ជា​សំស្ក្រឹត​ពុំ​មែន​ជា​បាលី​សុទ្ធសាធ​ទាំង​ពុំ​មែន​ជា​សន្តាន​នៃ​ភាសា​ឥណ្ឌូ - អឺរូប​ចូល​លាយ​ផង​ទេ, ប្រាក្រឹត​នេះ​ជា​សម្ដី​ប៉ះ​ប៉ុន​ផ្សែផ្សំ​កាឡៃ​ឱ្យ​កើត​មាន​ឡើង​សម្រាប់​និយាយ​សម្រាប់​សរសេរ​តាម​គួរ​ដល់​ការ​ស្រួល​រាល់​ជាតិ​ប៉ុណ្ណោះ​ឯង​។​ប្រាក្រឹត​នេះ​មាន​ឈ្មោះ​ផ្សេង​ៗ​គ្នា, បើ​រាប់​ដោយ​សង្ខេប​មាន​៥​ឈ្មោះ​គឺ​១​ឝៅ​រសេនី ( សៅ​រ៉ៈ​សេនី çaurasenī) ប្រាក្រឹត​ជា​សម្ដី​របស់​ជន​អ្នក​នៅ​ក្នុង​រដ្ឋ​ឝូរ​សេន ( សូរ៉ៈ​សេន៉ៈ çūrasena គឺ​រដ្ឋ​មថូរា Mathūrā ក្នុង​សម័យ​តមក )។​ប្រាក្រឹត​នេះ​មាន​លំនាំ​ស្រដៀង​នឹង​បាលី​ដោយ​អន្លើ​ៗ​ដែរ​ប៉ុន្តែ​ច្រើន​បំប្លែង​អក្សរ​អឃោសៈ​ជា​ឃោសៈ​ដូច​បាលី​ថា​បតិត " ដែល​ធ្លាក់​ឬ​ជ្រុះ​ហើយ " បំប្លែង​ជា​បទិទ; យថា " យ៉ាង​ណា " ជា​យធា​ជាដើម​។​២​មហា​រា​ឞ្ត្រី ( មហា​ស្ត្រី Mahārāstri ជា​ភាសា​អ្នក​មហា​រាស្ត្រ​ទក្ខិណាបថ​ភាគ​ខាង​លិច​គឺ​រដ្ឋ​ឌេក្ក័ន​ខាង​លិច Dakkan Occidental) ជា​ប្រាក្រឹត​បំប្លែង​អក្សរ​ឃ្លាត​ពី​សំស្ក្រឹត​ដោយ​ច្រើន​ដូច​ជា​ឧទក " ទឹក " បំប្លែង​ឧអអ; កបិ " ស្វា " ជា​កឥ; សុខ " សុខ " ជា​សោក្ខ​ជាដើម​។​៣​មាគធី (Māgadhḹ) ប្រាក្រឹត​របស់​ជន​អ្នក​មគធ​រដ្ឋ​គឺ​រដ្ឋ​ពិហារ (Bihār) សម័យ​បច្ចុប្បន្ន, បំប្លែង​អក្សរ​ខុស​ពី​អក្សរ​សំស្ក្រឹត​និង​បាលី​ដោយ​ច្រើន​ដូច​ជា​សំ . បុត្រ​ស្យ " នៃ​កូន​ឬ​ដល់​កូន " បំប្លែង​ជា​បុត្ត​ឝ្ឝ (Puttaçça); រាជាន​ស៑ ( រាជាន័ស ) " ស្ដេច​ទាំងឡាយ " ជា​លា​អាណោ (Lā āṇo); រញ្ញា ( បា .) " ដែល​ស្ដេច " ជា​លា​ជិន (Lājina); អត្តនា ( បា .) " ដោយ​ខ្លួន​ឯង " ជា​អតន (Atana); ជាយ​តេ " កើត, ប្រសូត " ជា​យាយ​តេ (Yāyate) ជាដើម​។​៤​អភ្រំឝ ( អ័ប​ភ្រ័ម​សៈ Abhraṃça) ជា​ប្រាក្រឹត​រាយ​រង​ទន់​ខ្សោយ​កើត​មាន​ក្នុង​បច្ឆា​សម័យ​ជា​សម្ដី​ផ្សែផ្សំ​របស់​អ្នក​ចុង​កាត់​មាត់​ញក​ផ្សាយ​ចូល​មក​ខ្លះ​ក្នុង​រដ្ឋ​នានា​ក្នុង​ប្រទេស​ឥណ្ឌា​មិន​ពេញ​លក្ខណៈ​ជា​ភាសា​ប្រាក្រឹត​ទេ​។​៥​បៃ​ឝាចី ( ប៉ៃ​សាចី Paiçācḹ) ប្រាក្រឹត​ជា​សម្ដី​បិសាច​គឺ​សម្ដី​ខ្មោច, ច្រើន​បំប្លែង​អក្សរ​ឃោសៈ​ជា​អឃោសៈ ( ជា​សម្ដី​អ្នក​របាំ ) ដូច​ជា​នគរ " ក្រុង " ជា​នករ; គុរុ " ធ្ងន់; យូរ; គ្រូ " ជា​ករុ​ជាដើម​។​ភាសា​ខ្មែរ​យើង​មិន​មាន​ឈ្មោះ​ថា​មាន​ប្រាក្រឹត​ដូច​ឥណ្ឌា​ទេ​ប៉ុន្តែ​បើ​និយាយ​ដោយ​ការ​ធៀប​ប្រដូច​ទៅ​នឹង​ឥណ្ឌា​ក៏​មាន​ការ​បំប្លែង​សំស្ក្រឹត​និង​បាលី​ឱ្យ​ឃ្លាត​ចាក​ប្រភព​ដើម​ក្រែល​ដែរ​ដូច​ជា​នគរ​បំប្លែង​ជា​អង្គរ; នង្គ័ល​ជា​អង្គ័ល; យមរាជ​ជា​ជមរាជ ( ជំរាច ); សៃ​ន្យា​ភិមុខ​ឬ​សេនា​ភិមុខ​ជា​ស្នា​ភិមុខ; សេនាធិរាជ​ឬ​សៃ​ន្យាធិរាជ​ជា​ស្នា​ធ្រាជ, សៃ​ន្យ ( សែន ) ជា​ស្រែ​ន្យ; សៃ​ន្យានុជិត​ឬ​សេនានុជិត​ជា​ស្រែន​អញ្ជិត, វៃ​ទ្យ​ជា​ពេទ្យ​ឬ​ពែ​ទ្យ​ជាដើម; សព្ទ​អារក្ស​ឬ​សម្ដី​មេមត់​ក៏​គួរ​ហៅ​ថា​បៃ​សាចី​បាន​ដែរ, ប៉ុន្តែ​យើង​នឹង​និយាយ​ឱ្យ​ពេញ​មាត់​ថា​ខ្មែរ​មាន​ប្រាក្រឹត​ដូច​ឥណ្ឌា​ខ្លះ​ដែរ​ក៏​ពុំ​កើត​ពី​ព្រោះ​ប្រាក្រឹត​នោះ​មាន​ឈ្មោះ​ចំពោះ​តែ​ក្នុង​ជម្ពូ​ទ្វីប​គឺ​ឥណ្ឌា​ឯ​ណោះ​យូរ​អង្វែង​ណាស់​ហើយ​។​ល​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម