បំពួនស្ករ
អត្ថន័យ
-
1
នាម
ឈ្មោះនំស្រស់មួយប្រភេទធ្វើដោយម្សៅដំណើបលញ់ស្រោបបំពួនដុំស្ករត្នោតបំបាំងបាត់មើលមិនឃើញ
ឧទាហរណ៍ នំបំពួនស្ករ; ហៅថានំផ្លែអាយក៏បាន; ជួនកាលមានអ្នកខ្លះហៅថានំកើតក្ដីក៏បានដែរ (ព.សា.)។នំនេះមានឈ្មោះហៅបាន៣យ៉ាងដូច្នេះឯង, បណ្ដាឈ្មោះទាំង៣យ៉ាងនេះ, ឈ្មោះ២យ៉ាងគឺបំពួនស្ករនិងផ្លែអាយមានអត្ថន័យជាក់ច្បាស់ក្នុងមេពាក្យទាំងនេះហើយឯឈ្មោះថានំកើតក្ដីនេះមានរឿងតំណាលថាកាលពីព្រេងនាយមានបុរស២នាក់អង្គុយស៊ីនំនេះជិតគ្នា, បុរសម្នាក់ពមនំនេះតាមទម្លាប់, ឯបុរសម្នាក់ទៀតខាំនំនេះចំពាក់កណ្ដាលទឹកស្ករខាងក្នុងក៏ធ្លាយបាញ់ត្រូវមុខបុរសម្នាក់, ស្រាប់តែបុរសនោះក្រោកឡើងដាល់តប់គ្នា, ក៏កើតជាការប្ដឹងប្ដល់គ្នា, ទើបចៅក្រមឱ្យឈ្មោះនំនេះថានំកើតក្ដីចាប់ដើមតាំងពីកាលនោះមក; នំនេះក៏មានឈ្មោះបីយ៉ាងដូច្នេះឯង, ប៉ុន្តែនំកើតក្ដីជាពាក្យសាមញ្ញគេមិនសូវហៅទេគេច្រើនហៅតែនំបំពួនស្ករនិងនំផ្លែអាយ; នំបំពួនស្ករជាឈ្មោះដើមត្រឹមត្រង់តាមអត្ថន័យជាងឈ្មោះទាំងពីរពីព្រោះមានដុំស្ករត្នោតដែលគេដាក់បំពួនខាងក្នុងពិតមែន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)