ឥណ្ឌាចាប់ខ្លួន បុរសម្នាក់ ក្រោយរកឃើញលលាដ៍ក្បាលក្រពើនៅក្នុងវ៉ាលិស
អាជ្ញាធរឥណ្ឌាចាប់ខ្លួនបុរសជនជាតិកាណាដាម្នាក់នៅឯអាកាសយានដ្ឋាន Delhi ពីបទយកលលាដ៍ក្បាលក្រពើដាក់ក្នុងវ៉ាលីរបស់គាត់... The post ឥណ្ឌាចាប់ខ្លួន បុរសម្នាក់ ក្រោយរកឃើញលលាដ៍ក្បាលក្រពើនៅក្នុងវ៉ាលិស appeared first on Kampuchea Thmey Daily.
អាជ្ញាធរឥណ្ឌាចាប់ខ្លួនបុរសជនជាតិកាណាដាម្នាក់នៅឯអាកាសយានដ្ឋាន Delhi ក្រោយរកឃើញលលាដ៍ក្បាលក្រពើនៅក្នុងវ៉ាលិសរបស់គាត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី១០ខែមករាឆ្នាំ២០២៥។
បុរសអាយុ ៣២ ឆ្នាំរូបនេះកំពុងស្ថិតនៅអាកាសយានដ្ឋានដើម្បីចាំជើងហោះហើរទៅកាន់ប្រទេសកាណាដា ប៉ុន្តែគាត់ត្រូវបានបញ្ឈប់ក្នុងអំឡុងពេលត្រួតពិនិត្យសន្តិសុខកាលពីថ្ងៃចន្ទ។
គយក្រុងដែលីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា «ពេលពិនិត្យ គឺឃើញមានលលាដ៍ក្បាលដែលមានធ្មេញមុតស្រដៀងនឹងថ្គាមរបស់កូនក្រពើ មានទម្ងន់ប្រហែល ៧៧៧ ក្រាម រុំដោយក្រណាត់ពណ៌លឿងស្រាល»។ បុរសនោះត្រូវបានចាប់ខ្លួន ហើយលលាដ៍ក្បាលត្រូវបានប្រគល់ទៅឲ្យនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ ខណៈក្រុមមន្ត្រីបាននិយាយថា ការកាន់កាប់លលាដ៍ក្បាលក្រពើបានបំពានច្បាប់ការពារសត្វព្រៃរបស់ប្រទេសឥណ្ឌា និងច្បាប់គយរបស់ខ្លួន។
បើតាមមន្ត្រីព្រៃឈើម្នាក់បានប្រាប់កាសែត Times of India ថា បុរសនោះបានទិញលលាដ៍ក្បាលពីប្រទេសថៃ ។បុរសនោះក៏បានប្រាប់មន្ត្រីថា គាត់មិនបានបរបាញ់ ឬសម្លាប់ក្រពើនោះទេ។ ការវិភាគលើលលាដ៍ក្បាលដោយនាយកដ្ឋានព្រៃឈើ និងសត្វព្រៃបានរកឃើញថាវាជាកម្មសិទ្ធិរបស់ប្រភេទសត្វដែលត្រូវបានការពារក្រោមច្បាប់ការពារសត្វព្រៃរបស់ប្រទេសឥណ្ឌា។
ទោះយ៉ាងការធ្វើតេស្តបន្ថែមទៀតកំពុងត្រូវបានអនុវត្តដើម្បីកំណត់អត្តសញ្ញាណប្រភេទសត្វពិតប្រាកដ។ ទន្ទឹមនឹងនេះ គយក្រុងដែលីនិយាយថា ការស៊ើបអង្កេតកំពុងដំណើរការ។
គួរបញ្ជាក់ថាកាលពីឆ្នាំមុន ក៏មានស្ត្រីជនជាតិកាណាដាអាយុ ៣២ ឆ្នាំម្នាក់ត្រូវបានបញ្ឈប់នៅព្រលានយន្តហោះ ដែលលីដែរ បន្ទាប់ពីនាងត្រូវបានគេរកឃើញថាមានស្នែងរបស់សត្វមិនស្គាល់អត្តសញ្ញាណនៅក្នុងវ៉ាលិស។ ស្ត្រីនោះបានប្រាប់មន្ត្រីថា នាងបានរើសបានវាអំឡុងពេលដើរលេងក្នុងតំបន់ Ladakh ភាគខាងជើង ហើយក៏យកទុកជាវត្ថុអនុស្សាវរីយ៍៕
អត្ថបទ៖ ប៊ុន សុភាព
The post ឥណ្ឌាចាប់ខ្លួន បុរសម្នាក់ ក្រោយរកឃើញលលាដ៍ក្បាលក្រពើនៅក្នុងវ៉ាលិស appeared first on Kampuchea Thmey Daily.