អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនប្ដូររដ្ឋាភិបាលថ្មី ប៉ុន្តែមិនបោះបង់កម្ពុជាចោលឡើយ

អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានគូសបញ្ជាក់ថា ថ្វីត្បិតតែជប៉ុនប្ដូររដ្ឋាភិបាលថ្មី ក៏ប៉ុន្តែជប៉ុនមិនប្ដូរជំហរទំនាក់ទំនងការទូតជាមួយកម្ពុជា​ឡើយ។ The post អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនប្ដូររដ្ឋាភិបាលថ្មី ប៉ុន្តែមិនបោះបង់កម្ពុជាចោលឡើយ appeared first on Kampuchea Thmey Daily.

អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនប្ដូររដ្ឋាភិបាលថ្មី ប៉ុន្តែមិនបោះបង់កម្ពុជាចោលឡើយ

លោកស្រី ERI Arfiya អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានគូសបញ្ជាក់ថា ថ្វីត្បិតតែជប៉ុនប្ដូររដ្ឋាភិបាលថ្មី ក៏ប៉ុន្តែជប៉ុនមិនប្ដូរជំហរទំនាក់ទំនងការទូតជាមួយកម្ពុជា​ឡើយ។ លោកស្រីអនុរដ្ឋមន្ត្រីការបរទេស ថែមទាំងបានបញ្ជាក់ពីការថែរក្សាទំនាក់ទំនងចាស់ឱ្យបានល្អ និងពង្រីកកម្រិតទំនាក់ទំនងថែមទៀត។ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បញ្ជាក់ដូច្នេះនៅក្នុងពេលដែលសម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យជួបពិភាក្សាការងារ នៅខេត្តសៀមរាប ក្រៅកិច្ចប្រជុំកំពូលសៀមរាបអង្គរស្ដីពីពិភពលោកមួយគ្មានមីន។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលជំនួបរវាងសម្ដេចធិបតី និងអនុរដ្ឋមន្ត្រីការបរទេសជប៉ុនសរសេរថា៖«លោកស្រីអនុរដ្ឋមន្ត្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីបន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់លោកស្រីនៅពេលនេះ គឺធ្វើឡើងក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី ហើយលោកស្រីក៏បានគូសបញ្ជាក់ថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលជប៉ុន និងកម្ពុជា មិនត្រឹមតែបន្តរក្សាប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តពង្រឹង និងពង្រីក បន្ថែមទៀត»។

តាមរយៈជំនួបនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា  លោកស្រីអនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ជោគជ័យរបស់កម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន ដែលកន្លងមក ជប៉ុនបានចូលរួមចំណែកនៅក្នុងការកសាងសមត្ថភាពដល់កម្ពុជា ហើយកម្ពុជាបានវិវត្តន៍ខ្លួនក្លាយជាប្រទេសរួមចំណែកកសាងសមត្ថភាពទៅដល់ប្រទេសដទៃទៀត ក្នុងសកម្មភាពបោសសម្អាតមីននេះ ផងដែរ។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលោកស្រីដែលត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងបានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងជប៉ុន ដែលបានឈានទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកនៅក្នុងដំណើរការនៃការស្វែងរកនូវសន្តិភាពនៅកម្ពុជា និងការកសាង​ និងស្ដារប្រទេសកម្ពុជាឡើងវិញ​ ជាមួយនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ ដូចសព្វថ្ងៃនេះ។

​សម្ដេចបវរធិបតី ក៏បានប្ដេជ្ញាបន្តពូនជ្រុំឱ្យទំនាក់នង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

សម្ដេចបវរធិបតី និងលោកស្រីអនុរដ្ឋមន្ត្រី ក៏បានបន្តពិភាក្សាលើការពង្រឹង និងពង្រីកនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅលើវិស័យជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, គមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ, សន្តិសុខ និងសកម្មភាពមីន ជាដើម។

គួរឱ្យដឹងថា កម្ពុជា និងជប៉ុន ​បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅក្នុងឆ្នាំ១៩៥៣ ដែលគិតពេលបច្ចុប្បន្នមានអាយុកាល៧១ឆ្នាំទៅហើយ។ នៅក្នុងឆ្នាំ២០២៣ ចំគ្រាដែលទំនាក់ទំនងកម្ពុជា មានអាយុកាល៧០ឆ្នាំ ភាគីទាំងពីរបានប្រកាសតម្លើងកម្រិត​ទំនាក់ទំនង​ពី​ដៃគូ​យុទ្ធសាស្ត្រ ​ទៅជា ​«ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ»៕

ដោយ៖ ង៉ិល ណារ៉ាត់

The post អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនប្ដូររដ្ឋាភិបាលថ្មី ប៉ុន្តែមិនបោះបង់កម្ពុជាចោលឡើយ appeared first on Kampuchea Thmey Daily.