ស្លាប់​១៨៤​នាក់ក្នុង​ពេល​៣ថ្ងៃ ព្រោះ​ការ​​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​ហ្គាហ្សា

កងទ័ពអ៊ីស្រាអែលបាន​ផ្លោង​គ្រាប់ និង​វាយប្រហារតាមអាកាសចំនួន​៩៤​លើក ទៅលើតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល ៧២​ម៉ោងកន្លងមក ដែលសម្លាប់មនុស្ស​យ៉ាងហោចណាស់... The post ស្លាប់​១៨៤​នាក់ក្នុង​ពេល​៣ថ្ងៃ ព្រោះ​ការ​​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​ហ្គាហ្សា appeared first on Kampuchea Thmey Daily.

ស្លាប់​១៨៤​នាក់ក្នុង​ពេល​៣ថ្ងៃ ព្រោះ​ការ​​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​ហ្គាហ្សា

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប្រកាស​កាលពីល្ងាចថ្ងៃសៅរ៍​ទី​៤​ខែ​មករា​ឆ្នាំ​២០២៥​ថា កងទ័ពអ៊ីស្រាអែលបាន​ផ្លោង​គ្រាប់ និង​វាយប្រហារតាមអាកាសចំនួន​៩៤​លើក ទៅលើតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល ៧២​ម៉ោងកន្លងមក ដែលសម្លាប់មនុស្ស​យ៉ាងហោចណាស់ ១៨៤​នាក់។

(រូបភាព៖ Reuters)

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ការិយាល័យបានចាត់ទុក​ទង្វើ​នេះថា «គ្រោះថ្នាក់ និងឃោរឃៅ» ដែលផ្តោតលើជនស៊ីវិលដែលគ្មានអាវុធ និងតំបន់លំនៅដ្ឋាន ជាពិសេសនៅក្នុងទីក្រុង​ហ្គាហ្សា។

មន្ត្រីការពារជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកើនឡើងយ៉ាងខ្លាំងក្លា ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ដែលប្រជាជនក្នុងតំបន់បានពិពណ៌នាថា ជារយៈពេលដ៏លំបាក​បំផុត​មួយ។

សេចក្តីថ្លែងការណ៍​ដដែល​ បាន​​ទទូច​ឲ្យ​កង​​ទ័ពអ៊ីស្រាអែល​ត្រូវ​ទទួលខុសត្រូវទាំងស្រុងចំពោះ «ឧក្រិដ្ឋកម្មដ៏គួរឲ្យរន្ធត់» ទាំងនេះ ហើយថែមទាំងបានរិះគន់រដ្ឋបាលសហរដ្ឋអាមេរិកសម្រាប់ការផ្តល់អាវុធដល់អ៊ីស្រាអែល និងការគាំទ្រផ្នែកនយោបាយ។

បន្ថែម​ពី​នេះ ប៉ាឡេស្ទីន​ក៏​បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រក្សាកាតព្វកិច្ចផ្លូវច្បាប់ និងសីលធម៌របស់ពួកគេ ដោយបញ្ជូនក្រុមស៊ើបអង្កេតឯករាជ្យ ដើម្បីចងក្រងឯកសារ «ឧក្រិដ្ឋកម្មដ៏សាហាវ» ទាំងនេះ និងធានា​បាន​ថា​ជនល្មើស​ត្រូវ​មានការទទួលខុសត្រូវ។

ការវាយប្រហារតាមអាកាសកាន់តែខ្លាំងរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បានចាប់ផ្តើមនៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានកាលពីថ្ងៃពុធអំពីការប្រើប្រាស់ «កម្លាំងដែលមិនធ្លាប់មានពីមុនមក» បើក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំង និងបញ្ឈប់ការបាញ់រ៉ុកកែត​ទៅលើ​ទឹក​ដី​អ៊ីស្រាអែល៕

ដោយ៖ ឈាង

The post ស្លាប់​១៨៤​នាក់ក្នុង​ពេល​៣ថ្ងៃ ព្រោះ​ការ​​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​ហ្គាហ្សា appeared first on Kampuchea Thmey Daily.