ស្ថិតិ៩ប្រកួតផ្លូវការ របស់ក្រុមកម្ពុជានៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនវគ្គផ្តាច់ព្រ័ត្រ ACL
ក្រុមជម្រើសជាតិ និងក្លិបកម្ពុជា បានប្រកួតផ្លូវការចំនួន៩លើកហើយនៅពហុកីឡដ្ឋានជាតិមរតកតេជោ គិតចាប់តាំងពីបើកដំណើរការតាំងពីឆ្នាំ២០២២ The post ស្ថិតិ៩ប្រកួតផ្លូវការ របស់ក្រុមកម្ពុជានៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនវគ្គផ្តាច់ព្រ័ត្រ ACL appeared first on Kampuchea Thmey Daily.

ក្រុមជម្រើសជាតិ និងក្លិបកម្ពុជា បានប្រកួតផ្លូវការចំនួន៩លើកហើយនៅពហុកីឡដ្ឋានជាតិមរតកតេជោ គិតចាប់តាំងពីបើកដំណើរការតាំងពីឆ្នាំ២០២២ ដោយភាគច្រើនទទួលបានលទ្ធផលល្អ។

ការប្រកួតពានរង្វាន់ AFF U-23 Championship កាលពីឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ផ្លូវការលើកដំបូងប្រៀបដូចជាពិធីបើកសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោថ្មី។ ក្រុមយុវជនកម្ពុជាឆ្លងកាត់វគ្គសន្សំពិន្ទុក្នុងពូល៣លើកគឺ ឈ្នះ២ និងចាញ់១។ ក្រុម U23 កម្ពុជា បានយកឈ្នះ ព្រុយណេ ដោយលទ្ធផល ៦-០, ឈ្នះ ហ្វីលីពីន ១-០ និងចាញ់ ទីម័រខាងកើត ០-១ ពីថ្ងៃទី១៤ ដល់ទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតជាផ្លូវការចំនួន៤លើកនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងចំណោម៤លើកនោះ កម្ពុជាបានចាញ់តែម្តងគត់គឺចាញ់ ក្រុមបាល់ទាត់ជម្រើសជាតិ បង់ក្លាដែស ដោយលទ្ធផល ០-១ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២។ ៣ប្រកួតផ្សេងទៀត ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះ ហ្វីលីពីន ២-១, ឈ្នះ ព្រុយណេ ៥-១ ក្នុងពានរង្វាន់ AFF Championship ក្នុងឆ្នាំ ២០២២ និងឈ្នះទីម័រខាងកើត ដោយលទ្ធផល ២-១ សម្រាប់ការប្រកូតមិត្តភាពអន្តរជាតិនៅក្នុងឆ្នាំ ២០២២។

ចាប់តាំងពីដាច់ឆ្នាំ ២០២២មក ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនបានរៀបចំការប្រកួតផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោឡើយ។ ចូលឆ្នាំ២០២៥ទើបមានការប្រកួតផ្លូវការជាថ្មីគឺ ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀងដែលបានប្រកួតពីរលើកហើយ។ លើកទី១ ពួកគេបានយកឈ្នះក្រុមរបស់ប្រទេសមីយ៉ាន់ម៉ា Shan United ដោយលទ្ធផល ៦-២ ជើងទី១ វគ្គ៨ក្រុមចុងក្រោយ និងលើកទី២បានយកឈ្នះក្រុមរបស់ប្រទេសឥណ្ឌូណេស៊ី Madura United ដោយលទ្ធផល ៣-០ ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League។

នៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះគឺជាការប្រកួតលើកទី៣របស់ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានដ៏ធំបំផុតនៅប្រទេសកម្ពុជា ហើយជាការប្រកួតផ្តាច់ព្រ័ត្រ និងជាការធ្វើម្ចាស់ផ្ទះពានរង្វាន់អាស៊ីលំដាប់ទី៣លើកដំបូង៕

លទ្ធផល៩ប្រកួតផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ
- U23 កម្ពុជា ៦-០ ព្រុយណេ ពាន AFF U-23 Championship ថ្ងៃទី១៤ កុម្ភៈ ២០២២
- U23 កម្ពុជា ១-០ ហ្វីលីពីន ពាន AFF U-23 Championship ថ្ងៃទី១៧ កុម្ភៈ ២០២២
- U23 កម្ពុជា ០-១ ទីម័រខាងកើត ០-១ ពាន AFF U-23 Championship ថ្ងៃទី២០ កុម្ភៈ ២០២២
- កម្ពុជា ៣-២ ហ្វីលីពីន ពាន AFF Championship ថ្ងៃទី២០ ធ្នូ ២០២២
- កម្ពុជា ៥-១ ព្រុយណេ ពាន AFF Championship ថ្ងៃទី២៩ ធ្នូ ២០២២
- កម្ពុជា ០-១ បង់ក្លាដែស ក្នុងមិត្តភាពអន្តរជាតិ ថ្ងៃទី២២ កញ្ញា ២០២២
- កម្ពុជា ២-១ ទីម័រខាងកើត ក្នុងមិត្តភាពអន្តរជាតិ ថ្ងៃទី២ មិថុនា ឆ្នាំ២០២២
- ព្រះខ័នរាជស្វាយរៀង ៦-២ Shan United ពាន AFC Challenge League ថ្ងៃទី៦ មីនា ២០២៥
- ព្រះខ័នរាជស្វាយរៀង ៣-០ Madura Unite ពាន AFC Challenge League ថ្ងៃទី១០ មេសា ២០២៥


អត្ថបទ៖ វីរបុត្រ
The post ស្ថិតិ៩ប្រកួតផ្លូវការ របស់ក្រុមកម្ពុជានៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនវគ្គផ្តាច់ព្រ័ត្រ ACL appeared first on Kampuchea Thmey Daily.