សម្ដេចធិបតីផ្ញើសារស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកម្ពុជា
សម្ដេចរីករាយនឹងធ្វើការជាមួយលោកស៊ីដើម្បីដាក់ចេញនូវទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន សំដៅសម្រេចបាននូវប្រយោជន៍រួមជូនជាតិ និងប្រជាជនទាំងពីរប្រទេស។ The post សម្ដេចធិបតីផ្ញើសារស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកម្ពុជា appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើវីដេអូស្វាគមន៍នូវដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកម្ពុជា ដោយថាសម្ដេចរីករាយនឹងធ្វើការជាមួយលោកស៊ីដើម្បីដាក់ចេញនូវទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន សំដៅសម្រេចបាននូវប្រយោជន៍រួមជូនជាតិ និងប្រជាជនទាំងពីរប្រទេស។

ក្នុងវីដេអូស្វាគមន៍ដែលមានរយៈពេល១នាទី៥២វិនាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជិនពីង មកកម្ពុជាដោយថាដំណើរទស្សនកិច្ចនេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេរភាគីរវាងប្រទេសកម្ពុជា-ចិន។
សម្ដេចបន្ថែមថា៖ «ក្នុងអំឡុងពេល៦៧ឆ្នាំចុងក្រោយនេះ ចាប់ផ្ដើមនូវជំនាន់សម្ដេចព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ បន្តដល់ជំនាន់សម្ដេចតេជោ ហ៊ុន សែន និងបន្តដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលទំនាក់ទំនងកម្ពុជា-ចិន បានឈានដល់កម្រិតខ្ពស់បំផុតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប»។

សម្ដេចបន្ថែមទៀតថាប្រទេសកម្ពុជា-ចិន កំពុងរួមគ្នាបង្កើតសមិទ្ធផលថ្មីៗក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកសាងសហគមន៍វាសនារួមដើម្បីផលប្រយោជន៍រួមដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ស្មើភាពស្មើសិទ្ធិមិនជ្រែតជ្រែកចូលកិច្ចការផ្ទៃក្នុង។
សម្ដេចក៏បានកោតសរសើចិនចំពោះការចូលរួមជួយដល់ការកសាងហេដ្ឋរចនាសម្ព័ន្ធ វិនិយោគ និងទេសចរណ៍ផងដែរ។
សម្ដេចថា៖ «ភាពជាដៃគូរកម្ពុជា-ចិនក៏ជួយពង្រឹងនូវឯករាជ្យការពារជាតិ និងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ»។

សម្ដេចធិបតីមានប្រសាសន៍ថាសម្ដេចរីករាយនឹងជួបពិភាក្សាជាមួយលោក ស៊ី ដើម្បីដាក់ចេញនូវទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន សំដៅសម្រេចបាននូវប្រយោជន៍រួមជូនជាតិ និងប្រជាជនទាំងពីរប្រទេស។
គួរឱ្យដឹងផងដែរថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា២ថ្ងៃនៅថ្ងៃទី១៧ និង១៨ ខែមេសានេះដើម្បីពង្រឹងនូវទំនាក់ទំនងប្រទេសទាំងពីរ។ ការធ្វើដំណើរមកកម្ពុជាជាថ្មីរបស់លោក ស៊ី ជីនពីង ត្រូវបានក្រសួងការបរទេសកម្ពុជា ចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេស ទាំងពីរ។ ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post សម្ដេចធិបតីផ្ញើសារស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកម្ពុជា appeared first on Kampuchea Thmey Daily.