រឿង Greenland! វិមានក្រឹមឡាំង ផ្តាំទៅ ត្រាំ ថា សូមកុំភ្លេច រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ 

រឿងរ៉ាវកំពុងចម្រូងចម្រាសខ្លាំងពាក់ព័ន្ធការគំរាមរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ អំពីលទ្ធភាពប្រើកម្លាំងយោធា ដើម្បីយកកោះ Greenland... The post រឿង Greenland! វិមានក្រឹមឡាំង ផ្តាំទៅ ត្រាំ ថា សូមកុំភ្លេច រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ  appeared first on Kampuchea Thmey Daily.

រឿង Greenland! វិមានក្រឹមឡាំង ផ្តាំទៅ ត្រាំ ថា សូមកុំភ្លេច រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ 

រឿងរ៉ាវកំពុងចម្រូងចម្រាសខ្លាំងពាក់ព័ន្ធការគំរាមរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ អំពីលទ្ធភាពប្រើកម្លាំងយោធា ដើម្បីយកកោះ Greenland មកគ្រប់គ្រង ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែមករាឆ្នាំ២០២៥ វិមានក្រឹមឡាំងបានផ្តាំទៅលោក ត្រាំ ថា រុស្ស៊ីកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ហើយសូមអាមេរិកកុំភ្លេចថា រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ។

តំបន់អាកទិក (រូបថត៖ Reuters)

កាលពីថ្ងៃអង្គារ ក្នុងសន្និសីទសារព័ត៌មាននៅ Mar-a-Lago លោកត្រាំ បានប្រកាសថាលោកអាចប្រើកម្លាំងយោធាឬវិធានការសេដ្ឋកិច្ច ដើម្បីយកមិនត្រឹមតែកោះ Greenland ទេប៉ុន្តែក៏អាចយកព្រែកជីកបាណាម៉ា មកគ្រប់គ្រងផងដែរ។

លោកនិយាយថា «យើងត្រូវការពួកគេសម្រាប់សន្តិសុខសេដ្ឋកិច្ច។ វាចាំបាច់ណាស់សម្រាប់សន្តិសុខរបស់អាមេរិក។ Greenland មានសារៈសំខាន់ផ្នែកយោធា ដើម្បីតាមដាននាវាចិននិងរុស្ស៊ី។ ខ្ញុំកំពុងនិយាយអំពីការការពារពិភពលោកសេរី»។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)

យ៉ាងណា ពាក់ព័ន្ធរឿងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រតិកម្មតបទៅវិញថា «យើងកំពុងតាមដានការវិវត្តស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ យើងក៏មានវត្តមាននៅក្នុងតំបន់អាក់ទិកដែរ ហើយយើងនឹងបន្តវត្តមាននៅទីនោះទៀត។ យើងផ្តោតលើការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់នេះ ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីណាមួយដើម្បីសន្តិភាព និងស្ថិរភាព»។

លោក Dmitry Peskov (រូបថត៖ Reuters)

ជុំវិញបញ្ហានេះដែរ មហាអំណាចអឺរ៉ុប២ប្រទេសគឺបារាំងនិងអាល្លឺម៉ង់ បានចេញមុខព្រមានលោកត្រាំរួចទៅហើយ ដោយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz និយាយថា «គោលការណ៍មិនរំលោភព្រំដែនប្រទេសដទៃ ត្រូវតែអនុវត្តចំពោះគ្រប់ប្រទេសមិនថានោះគឺជាប្រទេសតូច ឬប្រទេសមានអំណាចក៏ដោយ។ យើងពិតជាមិនយល់ទាល់តែសោះអំពីសេចក្តីថ្លែងការណ៍ ចេញពីមាត់រដ្ឋបាលសហរដ្ឋអាមេរិកអាណត្តិថ្មី»។

ចំណែករដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noël Barrot បានប្រាប់វិទ្យុ France Inter ថា «សហភាព​អឺរ៉ុប​មិន​គួរ​ឲ្យ​គេ​បំភិត​បំភ័យបានឡើយ។ អឺរ៉ុប​គួរ​តែ​ភ្ញាក់​ខ្លួននិង​ពង្រឹងកម្លាំង។ អឺរ៉ុបនឹងមិនបណ្តោយឲ្យប្រទេសផ្សេង វាយប្រហារលើព្រំដែនអធិបតេយ្យរបស់ខ្លួនទេ ទោះពួកគេជានរណាក៏ដោយ។ យើងជាទ្វីបដ៏រឹងមាំ»។

Greenland គឺជាដែនដីស្វយ័តរបស់ដាណឺម៉ាក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសនេះអស់រយៈពេលជាង៦០០ឆ្នាំមកហើយ។ វាស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិកនិងអាកទិក ត្រូវ​បាន​គ្របដណ្ដប់ដោយផ្ទាំងទឹកកក​ចំនួន​ ៨០% និងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយ។ កោះដ៏ធំបំផុតរបស់ពិភពលោក​មួយ​នេះ មានរដ្ឋធានីនៅជិតទីក្រុងញូវយ៉ក ជាងរដ្ឋធានីកូប៉ិនហាករបស់ដាណឺម៉ាក ហើយ​សម្បូរ​​ធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ប៉ុន្តែការអភិវឌ្ឍ​មានសភាពយឺតយ៉ាវ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួន​ត្រូវ​ពឹងផ្អែកលើការនេសាទ និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

The post រឿង Greenland! វិមានក្រឹមឡាំង ផ្តាំទៅ ត្រាំ ថា សូមកុំភ្លេច រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ  appeared first on Kampuchea Thmey Daily.