​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​បើកការដ្ឋាន​សាងសង់ផ្លូវចូលទៅកាន់ ភ្នំខ្នងផ្សារ និង​ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅ​លម្ហែ​បៃតង​តំបន់​ភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ The post ​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ appeared first on Kampuchea Thmey Daily.

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

កំពង់ស្ពឺ ៖ ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​បើកការដ្ឋាន​សាងសង់ផ្លូវចូលទៅកាន់ ភ្នំខ្នងផ្សារ និង​ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅ​លម្ហែ​បៃតង​តំបន់​ភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បាន​ឱ្យដឹង​នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះថា តំបន់​ទេសចរណ៍​ភ្នំ​ខ្នងផ្សារ នឹង​អភិវឌ្ឍន៍​ទៅ​តាម​ស្តង់ដារធម្មជាតិ​ដើម្បី​ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាធម្មជាតិ ដ៏ស្រស់ត្រកាល សំដៅ​លើកកម្ពស់ជីវភាព​សហគមន៍​មូលដ្ឋាន និង​ការគ្រប់គ្រងធនធានធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព សម្រាប់​កូន​ចៅ​ត​ជំនាន់។

ពិធី​បើកការ​ដ្ឋានសាង​សង់​ផ្លូវ​ចូលទៅភ្នំខ្នងផ្សារ និងសាងសង់ហេដ្ឋារចនា-សម្ព័ន្ធ​បម្រើ​ឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ នាពេលនេះ រួមមាន ផ្លូវក្រាលក្រួសក្រហម (កាលថ្មម៉ិច) ប្រវែង ៧,២ គ.ម ទទឹងប្រវែង៨ម ចាប់ពីផ្លូវលេខ៤៨.៤ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ និងបើកការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ និងការបើកការសាងសង់ផ្លូវថ្មើរជើងឡើងតំបន់ខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ ចម្ងាយ​ប្រមាណ ៤គ.ម ដែលក្នុងនោះក្រសួងបរិស្ថាន មានគម្រោងរៀបចំកន្លែងសម្រាកជាដំណាក់ៗ ដែលមានដើមឈើហូបផ្លែ និងឈើព្រៃផ្តល់ម្លប់និងអាចអ្នកទេសចរបានសម្រាកផង និងអាចទទួលទានផងដែរ ក្នុង​នោះគម្រោងរបស់ក្រសួងបរិស្ថាន និងផ្តល់ជូនដល់អ្នកទេសចរមកលេងភ្នំខ្នងផ្សារ បានពិសាទឹកស្អាត ដែលចម្រោះចេញពីទឹកធម្មជាតិ ប្រភពពីលើភ្នំ ដល់កន្លែងសម្រាក ជាមួយការដាក់ស្លាកព័ត៌មានដែលបង្ហាញពីចម្ងាយផ្លូវ និងការបញ្ចេញថាមពលរបស់អ្នកឡើងភ្នំ នៅតាមកន្លែងសម្រាកនីមួយៗឆ្ពោះទៅភ្នំខ្នងផ្សារថែមទៀត។

លោកបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ការសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃនេះ ជាឱកាសដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ សម្រាប់ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និង​ពិសេស​សម្រាប់ ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ភ្នំខ្នងផ្សារ។

លោក​មានប្រសាសន៍បន្តថា ហេដ្ឋា​រចនាសម្ព័ន្ធទាំងនេះ​នឹង​ត្រូវផ្តល់ជូនសហគមន៍មូលដ្ឋានធ្វើការគ្រប់គ្រង ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ឱ្យទៅជាសហគ្រិន ដែល​ជា​ការ​ប្តូរពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់​សត្វព្រៃ​ខុសច្បាប់ មកចូលរួមចំណែកកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

ការចាប់ផ្តើមអនុវត្តគម្រោងនេះ គឺពិតជាចូលរួមបង្កើតអនាគតថ្មី ហើយប្រជាសហគមន៍មូលដ្ឋាន ក៏បានចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ បានកាន់តែប្រសើរ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាបម្រើឱ្យការទាក់ទាញទេសចរ នៃតំបន់ដែលមានសក្តានុពលគោលដៅ​លម្ហែ​បៃតង នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។

ក្នុងនោះដែរក្រសួងបរិស្ថាន ក៏នឹងរៀបចំឱ្យមានចំណតយានយន្ត នៅកន្លែងដំណាក់ដានព្រះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបម្រើសេវាកម្មទេសចរណ៍ ដូចជា ហាងកាហ្វេ កន្លែងផ្តល់ព័ត៌មាន ចំណតយានយន្ត ប្រព័ន្ធអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ប្រព័ន្ធទឹកស្អាត កន្លែងបោះតង់ ផ្លូវថ្មើរជើងក្នុងព្រៃ ស្លាកសញ្ញា កន្លែងសង្គ្រោះបឋម អាហារដ្ឋាន និងកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ។

ក្នុងឱកាសនេះដែរ លោក​រដ្ឋមន្រ្តីបានសំណូមពរឱ្យប្រជាពលរដ្ឋរក្សាបាននូវភាពស្អាត ដែលខ្មែរយើងមានតាំងពីយូរលង់មក ក្នុងនោះភាពស្អាតនៅក្នុងចិត្ត ដែលស្មោះត្រង់ មានការផ្តល់សេវាល្អ រួសរាយរាក់ទាក់ និងមានតម្លៃសមរម្យ។ លើសពីនេះមានភាពស្អាតក្រៅខ្លួន ដែលយើងរក្សាបានអនាម័យ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សំអាតមូលដ្ឋាន ធ្វើឱ្យផ្ទះរបស់យើងស្អាត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនថែមទៀត និងភាពស្អាតលើឆាកអន្តរជាតិ ធ្វើឱ្យកម្ពុជាមានកិត្តិយសឧត្តុងឧត្តម ដែលអ្នកទេសចរបានផ្សព្វផ្សាយពីតំបន់សក្តានុពលទេសចរណ៍ និងការវិនិយោគ ដល់អន្តរជាតិ៕

កែសម្រួលដោយ ៖ នាគព័ន្ធ

The post ​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ appeared first on Kampuchea Thmey Daily.