តម្លៃទីផ្សារដំឡូងមីបន្តធ្លាក់ចុះ ដោយសារតម្រូវការទាប

បច្ចុប្បន្នតម្លៃ និងទិន្នផលដំឡូងមីបានបន្តធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ ២០២៣ ដោយសារតម្រូវ​ការនាំ​ចេញទាប... The post តម្លៃទីផ្សារដំឡូងមីបន្តធ្លាក់ចុះ ដោយសារតម្រូវការទាប appeared first on Kampuchea Thmey Daily.

តម្លៃទីផ្សារដំឡូងមីបន្តធ្លាក់ចុះ ដោយសារតម្រូវការទាប

បច្ចុប្បន្នតម្លៃ និងទិន្នផលដំឡូងមីបានបន្តធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ ២០២៣ ដោយសារតម្រូវ​ការនាំ​ចេញទាប ខណៈស្ដុកចាស់នៅសល់កាលពីឆ្នាំមុននៅ​តាមបណ្ដាប្រទេស​ដែលនាំ​ចូល​ពី​កម្ពុជា​​។

លោក អិល ឈិញ ប្រធានសមាគម​កសិករ​ដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ ថា តម្លៃដំឡូងមីបានធ្លាក់ចុះ ដោយសាររោងចក្រមួយចំនួនមិនមានតម្រូវការដំឡូងមី​ ខណៈ​​ស្ដុកចាស់​នៅតាមបណ្ដាប្រទេសមួយចំនួនដូចជាចិននៅសល់ច្រើន រួមផ្សំនឹងការរកឃើញ​សម្ភារមួយ​ចំនួន​ដែល​ផលិតជំនួស​ដំឡូង​មី​បាន​ដែលធ្វើឱ្យតម្រូវការដំឡូងមីធ្លាក់ចុះទាប​​។

លោក អិល ឈិញថ្លែងថា៖«វាអត់មានតម្រូវការ តម្រូវការទាបជាងមុន អត់មានការបញ្ជា​ទិញ​ពី​ចិន និងប្រទេសផ្សេងៗទៀត គេទិញតាមដំណើរតាមរោងចក្រផលិតម្សៅក្នុងទំហំតិច រោងចក្រ​ធ្លាប់​​កិន ១០០០ តោន ក្នុងមួយថ្ងៃ ទម្លាក់មកនៅត្រឹម ៧០០ តោនក្នុងមួយថ្ងៃ»។

លោក អិល ឈិញ បញ្ជាក់ថា៖ «តម្លៃដំឡូងមីធ្លាក់ចុះ តំបន់ខ្លះដំឡូងមីលក់បានតែ ១៨០ រៀល ទៅ ២០០ រៀល ក្នុងមួយគីឡូក្រាម តំបន់ខ្លះបាន ២០០ រៀល ទៅ ៣០០ តម្លៃដែលក្រោម ២០០ គឺកសិករខាតតែម្ដង»។

លោកបណ្ឌិត​ គី សេរីវឌ្ឍ​ អ្នកវិភាគ​សេដ្ឋកិច្ច​ នៅរាជ​បណ្ឌិតសភាកម្ពុជា យល់ឃើញថា តម្លៃ​ដំឡូង​​​មីកើនឡើង ឬធ្លាក់ចុះ ទៅតាមតម្រូវការនៃការផ្គត់ផ្គង់ ដោយសារតែការផ្គត់ផ្គង់លើស ហើយ​​តម្រូវការបានធ្លាក់ចុះ ហើយការធ្លាក់ចុះនេះ កើតចេញពីគឺទី ១ តម្រូវការ​សម្រាប់​ម្ហូប​អាហារ ម្សៅមី ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចសកលមកដល់បច្ចុប្បន្ន ស្ដុកសម្រាប់​ម្សៅ​មី​ចាប់ផ្ដើមកើនឡើងច្រើនឡើងៗ ខណៈការបន្ថយទៅលើតម្រូវការម្សៅមីចាប់ផ្ដើមថយចុះ ដែលវា​ជា​កត្តាមួយធ្វើឱ្យចាល់នូវ​បរិមាណស្ដុក យើងហៅថាការផ្គត់ផ្គង់លើស។

លោកបណ្ឌិត​ គី សេរីវឌ្ឍ បានបន្ថែមថា៖ «កសិករមិនបាដឹងអំពីទំហំនៃ​ការផ្គត់ផ្គង់លើ​ទីផ្សារ​ពិភព​​លោក​ទេ អញ្ចឹងគាត់ចេះតែដាំតាមបែបប្រពៃណី លក់ទៅ មានអ្នកមកប្រមូលទិញជាដើម អញ្ចឹង​វាធ្វើ​ឱ្យ​​ការប្រែ​ប្រួលមានឥទ្ធិពលពីអំណាចនៃការប្រកួតប្រជែងរបស់ប្រទេសជិតខាង ទីផ្សារដំឡូង​មីធំជាងគេគឺប្រទេសថៃ និងវៀតណាម ដែលទិញយកទៅកែច្នៃសម្រាប់​​នាំចេញ ទោះបីចិនអនុញ្ញាតឱ្យកម្ពុជានាំចូលដំឡូងមីក៏ដោយ ប៉ុន្តែទំហំ​នាំ​ចេញ​ដំឡូងមីមានតិច ដំឡូងមីដែលយើងដាំប៉ែកខាងលិចលក់ទៅថៃ ចំណែកប៉ែក​ខាង​​កើត​លក់​​​​ទៅ​វៀតណាម»។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជាសម្រេចបានទឹកប្រាក់ជាង ៦២២ លានដុល្លារ​ កើនពីជាង ៥៤៨ លានដុល្លារ រយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ស្មើនឹង ១៣.៤២%។

ឆ្នាំ២០២៣ កម្ពុជា​នាំ​ចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លាន​តោនរួមមាន ដំឡូងមីស្រស់ចំនួន ១,៩៦ លានតោន កើនឡើង ២៦.៥១%, ចំណិត​ដំឡូង​មី​​ក្រៀមមានចំនួន ១,២៩ លានតោន ធ្លាក់ចុះ ៣៧.៦៤%, ម្សៅដំឡូងមី​មាន​ចំនួនជាង ៣ សែន ៦ ម៉ឺនតោន ធ្លាក់ចុះ​៤៥.៣៩%៕

អត្ថបទ៖ ឡេង ដេត

The post តម្លៃទីផ្សារដំឡូងមីបន្តធ្លាក់ចុះ ដោយសារតម្រូវការទាប appeared first on Kampuchea Thmey Daily.