ជំនាញបង្កាត់កូនត្រីពូជជួយឱ្យបុរសម្នាក់មានជីវភាពធូរធារ
បុរសចំណាស់ម្នាក់ ចេះជំនាញបង្កាត់កូនត្រីពូជ សម្រាប់លក់ចែកចាយទៅកាន់កសិដ្ឋានផ្សេងទៀត ក្នុងស្រុកកំណើតរបស់ខ្លួន... The post ជំនាញបង្កាត់កូនត្រីពូជជួយឱ្យបុរសម្នាក់មានជីវភាពធូរធារ appeared first on Kampuchea Thmey Daily.

បុរសចំណាស់ម្នាក់ ចេះជំនាញបង្កាត់កូនត្រីពូជ សម្រាប់លក់ចែកចាយទៅកាន់កសិដ្ឋានផ្សេងទៀត ក្នុងស្រុកកំណើតរបស់ខ្លួន រកចំណូលជួយដល់គ្រួសារមានជីវភាពធូរធារមួយកម្រិត។

ស្ថិតនៅក្នុងវ័យ ៦១ឆ្នាំ លោក ផេង វី ជាម្ចាស់កសិដ្ឋានបង្កាត់កូនត្រីពូជ ដែលស្ថិតនៅក្នុងស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង បានប្រាប់ កម្ពុជាថ្មី ថា មុខរបរបង្កាត់កូនត្រីពូជនេះ លោកបានចេះជំនាញ ក៏ដូចជាបច្ចេកទេសទាំងនេះ រយៈពេលជិត ៣០ឆ្នាំមកហើយ។

លោកបន្តថា ដំបូងឡើយជំនាញបង្កាត់កូនត្រីពូជនេះ លោកបានចូលរៀនវគ្គខ្លីមួយ ជាមួយអង្គការក្នុងស្រុកមួយ ដែលគេមានជំនាញ និងបច្ចេកទេសខាងបង្កាត់កូនត្រីពូជផ្សេងៗ ដូចជា៖ កូនត្រីអណ្ដែង កូនត្រីប្រា កូនត្រីទីឡាយ៉ា និងប្រភេទពូជកង្កែប ដែលគ្រូភាគច្រើនជាអ្នកជំនាញខាងបង្កាត់ពូជត្រី មកពីនាយដ្ឋានជលផល នៃក្រសួងកសិកម្ម និងគ្រូដែលមកពីបរទេសខ្លះ ផងដែរ។

បន្ទាប់ពីបានសិក្សាជំនាញ រួមមក លោក ផេង វី បានចាប់យកជំនាញបង្កាត់ពូជត្រី មកអនុវត្តនៅស្រុកកំណើតរបស់ខ្លួន ដោយចាប់ផ្ដើមបើកជាកសិដ្ឋានខ្នាតតូចមួយ នៅជុំវិញផ្ទះរបស់លោក គិតមកទល់ពេលនេះ អាជីវកម្មលក់កូនត្រីពូជរបស់បុរសវ័យ៦១ឆ្នាំនេះ មានរយៈពេលជិត ២៨ឆ្នាំមកហើយ។

លោក ផេង វី បានប្រាប់ឱ្យដឹងថា «មុខរបរបង្កាត់ពូជត្រីនេះ ដ្បិតមិនឡូយឆាយដូចមុខរបរផ្សេងក៏ពិតមែន ប៉ុន្ដែវាអាចជួយឱ្យក្រុមគ្រួសាររបស់លោក បានផ្លាស់ប្ដូរជីវភាពពីខ្វះខាត មកជាមានផ្ទះ មានរថយន្តសមរម្យមួយ និងក៏អាចជួយផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗរបស់លោកបានគ្រប់ៗគ្នា ផងដែរ»។
បច្ចុប្បន្ន កសិដ្ឋាន ផេង វី ១៦៨ របស់លោក កំពុងទទួលបានការគាំទ្រយ៉ាងច្រើនគួរសមពីសំណាក់ម្ចាស់កសិដ្ឋានផ្សេងៗ និងអ្នកចិញ្ចឹមត្រីតាមផ្ទះ ដែលតែងតែជួយទិញកូនត្រីពូជទៅចិញ្ចឹមបន្តពីកសិដ្ឋានរបស់លោក ផេង វី ក្នុងនោះមានដូចជា៖ ត្រីអណ្ដែង ត្រីប្រា និងត្រីទីឡាយ៉ា ជាដើម។

សម្រាប់ទីផ្សាររយៈពេលចុងក្រោយនេះវិញ លោក ផេង វី ក៏បានឱ្យដឹងថា ប្រភេទកូនត្រីពូជ សម្រាប់ពេលបច្ចុប្បន្ននេះ ហាក់មិនសូវមានតម្រូវការច្រើនដូចកាលពីឆ្នាំ២០១៩នោះទេ ខណៈមានអ្នកដែលចេះជំនាញចិញ្ចឹម និងបង្កាត់ពូជកូនត្រីច្រើន និងម្យ៉ាងទៀតក៏មានការនាំចូលប្រភេទពូជត្រីទាំងនេះ ពីប្រទេសជិតខាងក្នុងតម្លៃធូរថ្លៃ ទើបធ្វើឱ្យកសិដ្ឋានរបស់លោកពិបាកក្នុងការធ្វើទីផ្សារ៕
អត្ថបទ ៖ សួស សិត
The post ជំនាញបង្កាត់កូនត្រីពូជជួយឱ្យបុរសម្នាក់មានជីវភាពធូរធារ appeared first on Kampuchea Thmey Daily.