ឆ្លងឆ្នាំ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង​៣៣ម៉ឺននាក់ បានលេងកម្សាន្តនៅលើទឹកដីសៀមរាបអង្គរ

New Year: More than 330,000 national and international tourists visited Siem Reap and Angkor The post ឆ្លងឆ្នាំ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង​៣៣ម៉ឺននាក់ បានលេងកម្សាន្តនៅលើទឹកដីសៀមរាបអង្គរ appeared first on Kampuchea Thmey Daily.

ឆ្លងឆ្នាំ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង​៣៣ម៉ឺននាក់ បានលេងកម្សាន្តនៅលើទឹកដីសៀមរាបអង្គរ

មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃឱកាសឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី២០២៥  ភ្ញៀវទេសចរមកពីបណ្តារាជធានី ខេត្ត បានមកដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា រួមទាំង រាត្រីឆ្លងឆ្នាំនៅខេត្តសៀមរាប មានចំនួនប្រមាណ ៣៣៣ ៦៦០ នាក់ មានការកើនឡើងប្រមាណ ៩.៧៣%បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលចំនួនប្រមាណ ៣០៤ ០៦៤នាក់។  ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៣២៣ ៤០០ នាក់ មានការកើនឡើងប្រមាណ៩.៦៣% ខណៈភ្ញៀវទេសចរអន្តរជាតិ ចំនួន ១០ ២៦០ នាក់ មានការកើនឡើង ១៣.២០%។  

ភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តសៀមរាបទាំងនេះ មានមកពីបណ្តារាជធានី ខេត្ត និងនៅក្នុងខេត្ត ដោយធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា គោលដៅសំខាន់ៗនៃដំណើរកម្សាន្តនោះ មានដូចជារមណីយដ្ឋានអង្គរ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន តំបន់ទន្លេសាប សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងតំបន់ផ្សេងៗក្នុងខេត្ត។ តាមការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកម្សាន្តពេលរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាប ដូចជា នៅផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់ និងសួនកម្សាន្ត ទឹករាំតាមចង្វាក់ភ្លេង។

កំណើនភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តសៀមរាបនេះ គឺព្រោះតែការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវយុទ្ធសាសស្រ្ត ទស្សនាសៀមរាប ឆ្នាំ២០២៤ ដែលនាំឱ្យកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការកើនឡើង។ ជាមួយគ្នានេះដែរ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ក្នុងការពង្រីកវិសាលភាពនៃទីកន្លែងកម្សាន្តជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត កម្សាន្តសប្បាយនៅពេលរាត្រី។ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកន្លែងទស្សនាកម្សាន្តនៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយរៀបចំនូវទស្សនីភាពទឹករាំតាមចង្វាក់ភ្លេង ដោយមានភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់ មកទស្សនាកម្សាន្តយ៉ាងច្រើន។

សមទ្ធិផលទាំងនេះ គឺកើតចេញឡើងក្រោមដំបូលសុខសន្តិភាពនៃការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា  និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ននេះ។ ស្ថិតក្រោមដំបូលសន្តិភាព  រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយលោក ប្រាក់ សោភ័ណ បានរៀបចំតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកល២០២៤-២០២៥ និងបង្កភាពសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្តទៀតផង។ លោក ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក៏បានយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល ដើមី្បធានាកុំឱ្យមានការកកស្ទះចរាចរណ៍ក្នុងពេលធ្វើដំណើរនៅក្នុងក្រុង។ ម្យ៉ាងទៀត ក៏ជាការរួមចំណែកក្នុងការជំរុញការផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តសៀមរាប ក្នុងការបម្រើលើគ្រប់វិស័យក្នុងខេត្តសៀមរាប សំខាន់លើវិស័យ ទេសចរណ៍៕  

ដោយ៖ គឿនវេត

The post ឆ្លងឆ្នាំ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង​៣៣ម៉ឺននាក់ បានលេងកម្សាន្តនៅលើទឹកដីសៀមរាបអង្គរ appeared first on Kampuchea Thmey Daily.