ក្រសួងកសិកម្ម កំពុងរៀបចំគោលនយោបាយគាំទ្រការផលិតជីសរីរាង្គក្នុងស្រុក
កូនខ្មែរអាចមានសមត្ថភាពក្នុងការរៀបចំឱ្យមាន សិប្បកម្ម ឬរោងចក្រផលិតជីសរីរាង្គក្នុងស្រុកនេះដោយខ្លួនឯង ប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក The post ក្រសួងកសិកម្ម កំពុងរៀបចំគោលនយោបាយគាំទ្រការផលិតជីសរីរាង្គក្នុងស្រុក appeared first on Kampuchea Thmey Daily.
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់មន្រ្តីជំនាញ ចុះសិក្សា ស្រាវជ្រាវ និងជួបផ្ទាល់ជាមួយក្រុមហ៊ុន និងសិប្បកម្ម ផលិតជីសរីរាង្គក្នុងស្រុក ដើម្បីប្រមូលធាតុចូលពីតួអង្គពាក់ព័ន្ធ សម្រាប់ធ្វើគោលនយោបាយជួយគាំទ្រ និងលើកទឹកចិត្តដល់ការផលិតជីសរីរាង្គក្នុងស្រុក សំដៅដល់ការកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញដល់ប្រជាកសិករ។
លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិត្រឹមខែ មករា ឆ្នាំ ២០២៥ នេះ មន្រ្តីជំនាញបានធ្វើដំណើរទៅតាមបណ្តាខេត្តនានាជុំទី ៤ហើយ ក្នុងនោះបានជួបជាមួយក្រុមហ៊ុនប្រមាណ ១០ ដែលភាគច្រើនបំផុតសុទ្ធជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលមានសមត្ថភាព មានបច្ចេកទេសអាចផលិតជីធម្មជាតិសរីរាង្គក្នុងស្រុកបាន។
លោកក៏បានសម្តែងក្តីរីករាយយ៉ាងខ្លាំងដែលឃើញថា កូនខ្មែរអាចមានសមត្ថភាពក្នុងការរៀបចំឱ្យមាន សិប្បកម្ម ឬរោងចក្រផលិតជីសរីរាង្គក្នុងស្រុកនេះដោយខ្លួនឯង ប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក បង្កើតការងារ ហើយប្រមូលយកកាកសំណល់នៅតាមទីប្រជុំជនដែលរំខានដល់បរិស្ថាន រំខានដល់សោភ័ណភាព ប្រមូលមកធ្វើជាវត្ថុធាតុដើមក្នុងការផលិតក្នុងតម្លៃទាប សម្រាប់ចែកចាយលក់ទៅឱ្យប្រជាកសិករ។ លោកបញ្ជាក់ថា៖«ពេលប្រជាកសិករយកទៅប្រើជីសរីរាង្គ អាចកាត់បន្ថយការប្រើប្រាស់ជីគីមី ដែលនាំចូលពីបរទេស កាត់បន្ថយថ្លៃដើមផលិត។ នៅពេលដែលទទួលបានទិន្នផលល្អ បានតម្លៃសមរម្យ វាអាចជួយបង្កើនប្រាក់ចំណេញ លើកកម្ពស់ជីវភាព»។
ក្នុងឱកាសចុះត្រួតពិនិត្យនៅជុំទី ៤ ក្នុងខែ មករា នេះ លោក គង់ ច័ន្ទវាសនា បានកត់សម្គាល់ឃើញថា ជីដែលផលិតក្នុងស្រុកនេះ គឺសុទ្ធតែឆ្លងកាត់ការធ្វើពិសោធន៍នៅអគ្គនាយកដ្ឋានកសិកម្ម ដែលមានស្តង់ដាសុវត្ថិភាពត្រឹមត្រូវ សមស្របសម្រាប់ការចែកចាយដល់ប្រជាកសិករក្នុងការប្រើប្រាស់។ លោកបង្ហើបឱ្យដឹងទៀតថា៖«អ៊ីចឹង ! បន្ទាប់ពីជុំទី ៤នេះ ខ្ញុំមានព័ត៌មានក្នុងដៃគ្រប់គ្រាន់ហើយ នឹងរៀបចំជារបាយការណ៍ ដើម្បីគោរពជូនថ្នាក់ដឹកនាំពិនិត្យសម្រេច ថាតើទៅមុខនេះ យើងគួររៀបចំគោលនយោបាយយ៉ាងម៉េចដើម្បីជួយគាំទ្រ លើកទឹកចិត្តដល់ការផលិតជីសរីរាង្គក្នុងស្រុក ក៏ដូចជាការប្រើប្រាស់ឱ្យបានទូលំទូលាយថែមទៀត ក្នុងចំណោមប្រជាកសិករ ក្នុងគោលដៅកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញដើម្បីលើកកម្ពស់ជីវភាព»។
ជាមួយគ្នានេះ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការនៃក្រសួងកសិកម្ម បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យផលិតជីដែលមានគុណភាពដើម្បីទទួលបានការជឿជាក់ពីប្រជាកសិករ ហើយពង្រីកខ្សែសង្វាក់ផលិតកម្មឱ្យស្របជាមួយតម្រូវការទីផ្សារ ស្របតម្រូវការកសិករ និងស្របទៅនឹងការទទួលយកសិករ។
លោកមានប្រសាសន៍ថា៖«នៅពេលដែលទីផ្សារមានតម្រូវការកាន់តែច្រើន យើងពង្រីកទៅតាមហ្នឹង កុំបង្ខំនៅពេលដែលទីផ្សារអត់ទាន់មានតម្រូវការ ពីព្រោះការលើកទឹកចិត្តឱ្យកសិករប្រើប្រាស់ជីសរីរាង្គឱ្យបានច្រើន ក៏ទាមទារឱ្យមានការទទួលយក ឱ្យមានការយល់ដឹងបន្ថែមទៀតពីប្រជាកសិករដែរ។ អ៊ីចឹង! នៅពេលដែលប្រជាកសិករយល់ដឹងកាន់តែច្រើន គាត់ប្រើប្រាស់ទទួលផលកាន់តែល្អ ដីរក្សាគុណភាព កាត់បន្ថយថ្លៃដើម ចំណេញកាន់តែច្រើន ពេលនោះហើយគាត់មានទឹកចិត្តការប្រើប្រាស់ជីសរីរាង្គកាន់តែច្រើន។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានក្រុមហ៊ុន និងសិប្បកម្មខ្នាតមធ្យមជាង១០ ដែលបាននិងកំពុងផលិតជីសរីរាង្គក្នុងស្រុក ក្នុងបរិមាណជាង ៤ម៉ឺនតោន ក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់ប្រជាកសិករ៕
ដោយ៖ ឡាយ សាមាន
The post ក្រសួងកសិកម្ម កំពុងរៀបចំគោលនយោបាយគាំទ្រការផលិតជីសរីរាង្គក្នុងស្រុក appeared first on Kampuchea Thmey Daily.