ទន្សែ
អត្ថន័យ
-
1
នាម
ឈ្មោះឈើមួយប្រភេទមានដើមសណ្ឋានស្លាផ្លែមានស្មែងនៅស្រទាប់ធាងមានក្រមរជាផង់ល្អិត។ទន្សែនេះ, អ្នកលង្កាទ្វីបគេធ្វើផ្កាវាឱ្យស្រក់ទឹកផ្អែមបានដូចផ្កាត្នោតដែរ, មុនដំបូង, កាលបើគេស្ទង់ឃើញថាផ្កាវាមានចំណាស់ល្មមគាបបានហើយ, គេធ្វើជណ្ដើរឫស្សីតូចល្មម, ជណ្ដើរនោះមានកាំខាងលើ២ជាចម្ពាមទប់កុំឱ្យក្រឡាច់, គេឡើងទៅក្រសោបសំណុំផ្កាចងផ្អោបឱ្យណែន, ចង៧ថ្ងៃក្ដឹបក៏ទុំទាំងអស់គ្រាន់តែស្រាយចំណងចេញក្ដឹបទាំងនោះក៏ជ្រុះអស់នៅសល់តែស្មែងគេប្រមូលទងស្មែងឱ្យល្មមតែគាបកើតចងជាដុំតូចៗច្រើនដុំឥតកាត់ចោលទេ, លុះគ្រប់៧ថ្ងៃគេយកគំនាបសំប៉ាតដូចគំនាបត្នោតឈ្មោលគាប៣ថ្ងៃគេយកកាំបិតយ៉ាងមុតចិតដូចចិតផ្កាត្នោតដែរ, ក៏ស្រក់ទឹកផ្អែមមក, គេត្រងនឹងក្វាងមានទំហំមាត់ល្មមតែចុះសំណុំផ្កាដែលគេចងនោះ, បានទឹកផ្អែមគេអាចរំងាស់ធ្វើស្ករបានដូចត្នោតដែរ, ងាយធ្វើជាងត្នោតព្រោះមិនខ្លាចធ្លាក់ដូចត្នោតទេ; ស្ករទន្សែផ្អែមខ្សោយបន្តិចជាងស្ករត្នោតមិនរងាន់ទេ។ទន្សែបញ្ចេញផ្កាឥតរដូវដូចត្នោតទេ, គួរយើងធ្វើល្បងមើល, ក៏គង់នឹងបានដឹងដោយងាយ, បើធ្វើកើត, មានប្រយោជន៍សំខាន់ណាស់, គួរតែយើងពិសោធន៍មើល
ឧទាហរណ៍ ដីនៅប្រទេសយើងងាយដាំទន្សែណាស់គួរតែដាំត្រង់ដីទំនេរៗឱ្យមានច្រើនឡើង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)