ឱម
អត្ថន័យ
-
1
ន., ឧ.
ពាក្យសង្ខេបជាបទសន្ធិនៃអក្សរ៣តួគឺអឧ . ម ., អ + ឧ > ឱ + ម > ឱមឬឱ្ម; អ . គឺវិស្ណុ, ឧ . គឺសិវៈ, ម . គឺព្រហ្ម; ជាត្រៃសរណៈរបស់ពួកព្រាហ្មណិកសម្រាប់បញ្ចេញវចីភេទគោរពចំពោះទេវតាស័ក្ដិសិទ្ធិ៣អង្គគឺព្រះវិស្ណុ, ព្រះឥសូរ, ព្រះព្រហ្ម; ប្រើរៀងក្នុងខាងដើមបទវេទ, មន្តនិងសេចក្ដីសូត្រផ្សេងៗឬប្រើជាពាក្យបន្លឺសូមពរសូមជ័យស្រីសួស្ដីឬក៏ប្រកាសជ័យជម្នះ ( ត្រូវគ្នានឹងពាក្យជយោ!) ក៏មាន, ប្រើជាពាក្យបន្លឺទទួលអំណរ ( ត្រូវគ្នានឹងពាក្យសាធុ!) ក៏មាន។ខ្មែរសម័យបុរាណប្រើជាឱម! ឬឱ្ម! តាមបែបដើម, លុះចំណេរកាលតមកច្រើនប្រើក្លាយជាឩម ( អូម ), សម្រាប់រៀងក្នុងខាងដើមមន្តអាគម។ឱម > អាមក៏មាន; ខ្មែរក្នុងអបរសម័យច្រើនប្រើអាមជាបរិវារសព្ទរបស់ឩម, និយាយថាឩមអាម។ពួកពុទ្ធសាសនិកក្នុងអបរសម័យរៀងមកដល់បច្ចុប្បន្ននេះយកពាក្យឱម! មកប្រើជារត្នត្រ័យសង្ខេបគឺអ . ឧ . ម . ដូចបែបដើមដែរប៉ុន្តែសំដៅសេចក្ដីថាអ . គឺអរហំសម្មាសម្ពុទ្ធ, ឧ . គឺឧត្តមធម៌, ម . គឺមហាសង្ឃ ( ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ); នមស្ការថានមោឱមស្ស! សូមនមស្ការចំពោះអ . ឧ . ម . គឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃ! ឬថានមោឱមរតនត្តយស្ស! សូមនមស្ការចំពោះអ . ឧ . ម . រត្នត្រ័យគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃ!។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)