ហង្ស
អត្ថន័យ
-
1
នាម
ក្ងានព្រៃ។បក្សីពួកសកុណជាតិមានក្រញាំជើងព្រែកជាប់គ្នារូបរាងដូចក្ងានប៉ុន្តែមានចំពុះរៀវស្រួចខាងចុងបន្តិចមានកមូលវែងច្រើនតែមានសម្បុរស្លាបសភ្លឺឬសម្បុរស្លាបលឿងក៏មានខ្លះហៅថាសុវណ្ណហង្ស, ជាសត្វហើរបានខ្ពស់ត្រដែតកាត់ឆ្លងទីឆ្ងាយៗចូលចិត្តហើរចុះហែលទឹករកចំណីក្នុងទឹកវាហែលទឹកពង់កវាសមណាស់, មើលទៅឃើញខ្ញង់គួរពេញចិត្តចង់គយគន់, ហេតុនេះបានជាមានកាព្យបុរាណថាល្អនេះពេញល្អគន់មើលទៅកមូលដូចកហង្សគន់មើលទៅមុខមុខមូលក្រឡង់គួរឱ្យតែចង់មើលហើយមើលទៀត។មានកវីនិពន្ធក្នុងគម្ពីរលោកនីតិថាថីរមតិបុ, ខុរមតិធំ, ហឹរមតិបំ, ហំរមតិបោ " ស្ត្រីត្រេកអរចំពោះបុរស, ភិក្ខុមានសីលស្រស់ត្រេកអរចំពោះធម៌, ក្របីត្រេកអរចំពោះភក់ថាបវរ, សត្វហង្សនិករត្រេកអរចំពោះស្រះឈូក "។សត្វហង្សនេះច្រើនកើតមាននៅក្នុងប្រទេសមានអាកាសធាតុត្រជាក់ល្មមជាសត្វព្រៃពុំមែនជាបសុសត្វទេ។មានចាស់ទុំខ្លះនិយាយតំណាលថាក្នុងប្រទេសកម្ពុជាយើងសម័យពីដើមនៅខែត្រកំពង់សោម ( ខេត្តព្រះសីហនុសម័យបច្ចុប្បន្ន ) មានហ្វូងសត្វហង្សហើរមកចុះលេងទឹកម្ដងៗដែរ, ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះពុំដែលបានឮគេនិយាយថាមានហង្សទេ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)