វត្ថពន្ធ
អត្ថន័យ
-
1
នាម
សំពត់សម្រាប់ក្រវាត់ជាបរិក្ខាររបស់បព្វជិតពុទ្ធសាសនិក, មាន២យ៉ាងគឺវត្ថពន្ធចង្កេះសម្រាប់ក្រវាត់ត្រង់ចង្កេះដើម្បីរក្សាបរិមណ្ឌលស្បង់, បាលីហៅកាយពន្ធនមាន២បែបគឺសូករន្តកៈធ្វើដោយផ្ទាំងសំពត់តូចវែងមានសណ្ឋានស្រដៀងនឹងពោះវៀនជ្រូក, បដិកៈធ្វើដោយចេសសូត្រឬអំបោះត្បាញចាក់ស្រែះជាបន្ទះមានខ្សែក្រងត្រង់ខាងចុងទាំងពីរល្មមក្រវាត់បាន ( វត្ថពន្ធចង្កេះទាំងពីរបែបនេះមានតាំងពីក្នុងពុទ្ធកាលតរៀងមក, មានពុទ្ធប្បញ្ញត្តិឱ្យពួកបព្វជិតក្រវាត់ក្នុងវេលាដែលនឹងចូលទៅក្នុងភូមិ, ឯវេលាក្រៅពីនេះមិនមានកំណត់ ); វត្ថពន្ធទ្រូងបាលីហៅឧរពន្ធនសម្រាប់ក្រវាត់ត្រង់ខាងក្រោមដោះលើផ្នត់សង្ឃាដីដែលពាក់ពាតលើស្មាខាងធ្វេងពីលើចីពរដែលគ្រងដើម្បីរក្សាបរិមណ្ឌលចីពរនិងសង្ឃាដីកុំឱ្យធ្លាក់រយីករយាក ( ប្រើក្នុងវេលាពាក់ផ្នត់សង្ឃាដីពាតលើឧត្តរាសង្គៈ ); វត្ថពន្ធទ្រូងនេះកើតមានក្នុងសម័យខាងក្រោយពុទ្ធកាលស្រករគ្នានឹងសំពត់អង្ស័ក; វត្ថពន្ធទ្រូងនិងអង្ស័កទាំងពីរមុខនេះជាបរិក្ខារចោឡៈគឺជាគ្រឿងបរិក្ខាររាយរង, ត្រូវការប្រើប្រាស់ក៏បានមិនបាច់ប្រើក៏បានប្រហែលគ្នានឹងគ្រឿងបរិក្ខារតូចៗដូចយ៉ាងកន្សែងជូតមុខជាដើមនោះដែរមានក៏បានមិនបាច់មានក៏បាន ( ព . វិ .)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)