ឫសីប្លែងសារ
អត្ថន័យ
-
1
នាម
ឈ្មោះវិធីសរសេរសំបុត្រប្លែងរបៀបអក្សរបំបាំងសេចក្ដី, ជាចំណេះរបស់ខ្មែរក្នុងបុរាណសម័យ, មានច្រើនបែប; មុនដំបូងត្រូវសរសេរសេចក្ដីឱ្យច្បាស់លាស់តាមធម្មតាសិន, ត្រូវប្រើបានចំពោះតែឃ្លារបះខ្លីៗឱ្យល្មមរាប់អក្សរស្រង់បានងាយ, រួចហើយត្រូវរាប់អក្សរបណ្ដោយពីដើមទៅចុងដកយកមួយតួម្ដងៗតាមកំណត់ចំនួនមកសរសេររៀបរៀង, ស្រៈបាំងឈើនិងលេខនិងសូន្យ (០) ក៏រាប់យកជាអក្សរមួយតួៗដែរតែវិសជ៌នីយមិនរាប់, រួចដាក់លេខត្រង់ខាងដើមឃ្លារបះថា "២ឬ៣, ៤, ៥" ជាដើមជាសញ្ញាឱ្យអ្នកទទួលសំបុត្រនោះអាចស្រង់អក្សរសរសេររៀបរៀងយកសេចក្ដីបានដោយងាយ។កាលដែលរាប់ដកអក្សរប្លែងបំបាំងសេចក្ដីហៅថាដក, ដល់រាប់អក្សរស្រង់ឱ្យឃើញជាសេចក្ដីវិញហៅថាស្រង់; ដកស្រង់មានចំនួនស្មើគ្នាក៏មានខុសគ្នាក៏មាន, ដែលមានចំនួនខុសគ្នាបើចង់ប្រើផ្លាស់ប្ដូរយកបែបដកជាស្រង់ឬបែបស្រង់ជាដកក៏បាន។ដក៣ស្រង់៣ដូចជាល្អក្រចិមិយូត្តនរ > ចិត្តល្អមិនក្រយូរ ( មាន៨អក្សរ ), កាលដែលដកត្រូវរាប់ពីចិដល់ល្អដកល្អ, ពីមិដល់ក្រដកក្រ, ... ពីល្អដល់នដកន, ពីក្រដល់រដករ, ត្រូវរាប់ដកបន្តគ្នា៨សាឱ្យទាល់តែគ្រប់ទាំង៨អក្សរឥតមានផ្ទួន ( បើមានផ្ទួនលើតួដដែលណាមួយទុកជាខុស ); ដល់វេលាស្រង់ក៏ដូចគ្នា, ត្រូវរាប់ពីល្អដល់ចិស្រង់ចិ, ... ពីត្តដល់រស្រង់រ! ដក២ស្រង់៤ដូចជា : ចះនច េមិឈ្នះង់ > ចេះមិនឈ្នះចង់ ( មាន៧អក្សរ ), ឬដក៤ស្រង់២ជានឈ្នេះចះចមិង់ក៏បាន, បើចង់ដក៣ស្រង់៥ឬដក៥ស្រង់៣វិញក៏បាន។ដក៣ស្រង់៩ដូចជា : ពីក់រខ្លួក្រេជាស់អំអាល្អបន > អំពើអាក្រក់ល្អជារបស់ខ្លួន ( មាន១៣អក្សរ )។ដក៤ស្រង់៧ដូចជា : ង់ល្ងេបសទីខ្មាចេះ > ខ្មាសល្ងង់ទើបចេះ ( មាន៩អក្សរ )។ដក៧ស្រង់៧ដូចជា : ប្រាលខ្ញុំតេ៥អាក់សិខ្ចីរៀឱ្យ០ណិ១ន > អាណិតឱ្យខ្ញុំខ្ចីប្រាក់១៥០រៀលសិន ( មាន១៦អក្សររាប់ទាំងសូន្យផង )។វណ្ណយុត្តដែលប្រើដាច់ដោយខ្លួនពីតួអក្សរដូចជា?;! ជាដើមក៏ត្រូវរាប់យកជាអក្សរមួយតួៗដែរ; បើត្រូវការសរសេរថាទៅមុនចុះកុំចាំខ្ញុំ! ត្រូវសរសេរជា៧នខ្ញុំមុចាំទៅកុំចេះ! ( គឺប្រាប់ថាឱ្យសង់៧); ឬសរសេរជា៤ចាំចុះមុេខ្ញុំកុំនទៅ! ក៏បាន ( គឺប្រាប់ថាឱ្យស្រង់៤); លេខដែលបង់ខាងដើមឃ្លារបះបើដាក់ក្នុងវង់ក្រចកជា (៧) ឬ (៤) ដូច្នេះក៏បាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)