មាតិកា
អត្ថន័យ (3)
-
1
នាម
ប្រឡាយ, ផ្លូវទឹក។
-
2
នាម
ឧទ្ទេស, មេបទគឺមេសេចក្ដីដែលឱបក្រសោបចំនួននិទ្ទេសបទឱ្យឋិតនៅក្នុងអំណាចខ្លួន ( ទុកដូចជាមាតាដែលជាមេបន្ទុករបស់កូន ) ខសំខាន់, គោលសង្ខេបមាតិកាទី១មាននិទ្ទេសបទ៤, ទី២មាន៥ ...; មាតិការឿង, មាតិតាធម៌; ចូរលើកយកមាតិកាធម៌មួយៗមកអធិប្បាយឱ្យពិស្ដារ។តាមក្នុងគម្ពីរបាលីមាតិកាមានពីរគឺអភិធម្មមាតិកាជាមាតិកានៃអភិធម្មគឺគោលខ្លីៗរបស់ធម៌ផ្នែកខាងអភិធម្មដូចជាពាក្យថាកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មា " ធម៌ជាកុសល, ធម៌ជាអកុសល, ធម៌ជាអព្យាក្រឹត "។ល។សុត្តន្តមាតិកាជាមាតិកានៃសុត្តន្តៈគឺគោលសង្ខេបនៃធម៌ផ្នែកខាងព្រះសូត្រដូចជាពាក្យថាវិជ្ជាភាគិនោធម្មា, អវិជ្ជាភាគគិនោធម្មា " ធម៌ដែលចែកនូវវិជ្ជាឬដែលប្រព្រឹត្តទៅក្នុងចំណែកនៃអវិជ្ជា "។ល។តាមប្រពៃណីខ្មែរក្នុងពិធីដង្ហែសព, គេតែងនិមន្តភិក្ខុសង្ឃជាមហាថេរ១អង្គឱ្យសូត្រធម៌ " អភិធម្មមាតិកា " នាំមុខសពដែលសព្វថ្ងៃនេះគេហៅកាត់ខ្លីយកតែបទខាងដើមថា " ព្រះអភិធម្ម " : និមន្តលោកព្រះអភិធម្ម១អង្គ។និមន្តភិក្ខុសង្ឃ៤អង្គទៀតឱ្យគង់អមមឈូសសពសម្រាប់សូត្រធម៌ " សុត្តន្តមាតិកា " ដែលសព្វថ្ងៃនេះគេហៅកាត់ខ្លីយកតែបទខាងចុងថា " មាតិកា " : និមន្តលោកមាតិកា៤អង្គ ( ប្រតិបត្តិតាមលទ្ធិមហាយាន )។
-
3
នាម
ក្នុងកថិនត្ថារកិច្ចមានន័យថាជាមាតាឬជាអ្នកបង្កើតព្រោះមាតិកាទាំង៨នោះញ៉ាំងកថិនុព្ភារៈគឺការដោះកថិនឱ្យកើត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)