៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
ក្នុងរយៈពេល ៣ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក...... The post ៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម appeared first on Kampuchea Thmey Daily.
ក្នុងរយៈពេល ៣ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ សំរាមប្រមាណជាង ១ ម៉ឺនតោន ដែលក្រុមហ៊ុនប្រមូលសំរាមទាំង ៣ ក្រុមហ៊ុន បានប្រមូលនិងដឹកជញ្ជូនទៅកាន់ទីលានចាក់សំរាម។នេះបើតាមការអោយដឹងពី លោកហួត ហៃ អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំមន្ត្រីនិងយុវជនដើររើសសំរាមនៅតាមសួនច្បារ ក្រោមបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកានេះ។
លោកហួត ហៃ បានមានប្រសាសន៍លើកឡើងថា ក្នុងចំនួនបរិមាណសំរាមប្រមាណជាង ១ ម៉ឺនតោនដែលក្រុមហ៊ុនប្រមូលសំរាមទាំង ៣ ក្រុមហ៊ុន ប្រមូលនិងដឹកជញ្ជូនទៅកាន់ទីលានចាក់សំរាមនេះ មិនមែនជាសំរាមមួយមុខនៅក្នុងព្រះរាជពិធីបុណ្យអុំទូកទេ តែជាសំរាមដែលប្រមូលបានទាំងអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ការទុកដាក់សំរាមដាច់ខាតត្រូវតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ។ នេះបើតាមលោកហួត ហៃ។
កាលបើបងប្អូនប្រជាពលរដ្ឋមិនចូលរួមក្នុងការទុកដាក់សំរាម មិនបញ្ចេញសំរាមឲ្យត្រូវតាមម៉ោងពេលទេ ការអនុវត្តនៃការដឹកជញ្ជូនប្រមូលសំរាម គឺមិនទទួលបានជោគជ័យទេ។ ហេតុនេះហើយ ទើបអាជ្ញាធររាជធានីភ្នំពេញតែងតែធ្វើការផ្សព្វផ្សាយណែនាំឲ្យប្រជាពលរដ្ឋបានយល់ដឹងពីការទុកដាក់សំរាមនិងការបញ្ចេញសំរាមឲ្យត្រូវតាមម៉ោងពេល ដែលយើងបានកំណត់។
លោក ហួត ហៃ បានបញ្ជាក់ថា អ្វីដែលជាបទពិសោធន៍សម្រាប់ព្រះរាជពិធីបុណ្យអុំទូកក្នុងរយៈពេល ៣ ថ្ងៃឆ្នាំ ២០២៤ ឃើញថា បងប្អូនដែលជាកីឡាករ កីឡាការិនី អុំទូកមួយចំនួនបានពិសារទឹកបរិសុទ្ធហើយ បានបោះសំបកដបទៅក្នុងទន្លេ ដែលបង្កការលំបាកដល់បងប្អូនអ្នកប្រមូលសំរាម។ ជុំវិញភាពអសកម្មនេះ នៅឆ្នាំក្រោយនៃព្រះរាជពិធីបុណ្យអុំទូកនេះទៀត យើងនឹងធ្វើការផ្សព្វផ្សាយ ណែនាំដល់កីឡាករកីឡាករ អុំទូកទាំងអស់ ឲ្យពួកគាត់ទុកដាក់សំរាមនិងសំបកដបនេះឲ្យបានល្អអាចដាក់ថង់នៅក្នុងទូកតែម្ដង ជៀសវាងការបោះចោលក្នុងទន្លេ ដែលធ្វើប៉ះណាស់សណ្តាប់ធ្មាប់និងបរិស្ថាន៕
អត្ថបទ៖ ស្រីរ័ត្ន
The post ៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម appeared first on Kampuchea Thmey Daily.