លោក ត្រាំ អាចឈ្នះអ្នកស្រី ហារីស ព្រោះ ៤ចំណុចសំខាន់នេះ

បេក្ខជនខាងគណបក្សសាធារណរដ្ឋគឺមានលោកដូណាល់ ត្រាំ ចំណែកខាងគណបក្សប្រជាធិបតេយ្យគឺមានលោកស្រី កាម៉ាឡា ហារីស ដែលនឹងត្រូវតទល់គ្នា... The post លោក ត្រាំ អាចឈ្នះអ្នកស្រី ហារីស ព្រោះ ៤ចំណុចសំខាន់នេះ appeared first on Kampuchea Thmey Daily.

លោក ត្រាំ អាចឈ្នះអ្នកស្រី ហារីស ព្រោះ ៤ចំណុចសំខាន់នេះ

ថ្ងៃដែលពិភពលោកទន្ទឹងរង់ចាំកាន់តែខិតជិតមកដល់មែនទែនហើយ នោះគឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្ងៃទី៥ខែវិច្ឆិកា។

(រូបថត៖ Getty)

បេក្ខជនខាងគណបក្សសាធារណរដ្ឋគឺមានលោកដូណាល់ ត្រាំ ចំណែកខាងគណបក្សប្រជាធិបតេយ្យគឺមានអ្នកស្រី កាម៉ាឡា ហារីស ដែលនឹងត្រូវតទល់គ្នា ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ហើយការបោះឆ្នោតនេះពិតជាមានសារៈសំខាន់ណាស់ ដោយមិនមែនត្រឹមសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ពោលគឺសម្រាប់ពិភពលោកទាំងមូលតែម្តង។

យ៉ាងណាមុនការបោះឆ្នោតមកដល់ សារព័ត៌មាន BBC បានលើកយកចំណុចសំខាន់ចំនួន៤ដែលជួយឲ្យលោក ត្រាំ អាចយកឈ្នះលើអ្នកស្រី ហារីស បាន។

1. លោកមិនកំពុងកាន់តំណែង

សេដ្ឋកិច្ចគឺជាបញ្ហាលេខមួយសម្រាប់អ្នកបោះឆ្នោត ហើយត្បិតតែអត្រាភាពអត់ការងារធ្វើ នៅមានកម្រិតទាប ចំណែកទីផ្សារភាគហ៊ុនកំពុងហក់ខ្ពស់ក៏ដោយ ប៉ុន្តែប្រជាជនអាមេរិកភាគច្រើននិយាយថា ពួកគេមិនពេញចិត្តសោះចំពោះតម្លៃទំនិញកើនឡើងជារៀងរាល់ថ្ងៃ។

អតិផរណា បានឈានដល់កម្រិតដែលមិនធ្លាប់ជួបចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក បន្ទាប់ពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ ហើយមកទល់បច្ចុប្បន្ន ប្រជាជនអាមេរិកភាគច្រើនចង់ឲ្យមានការផ្លាស់ប្តូរមេដឹកនាំ។

ត្បិតតែគណបក្សប្រជាធិបតេយ្យផ្លាស់ប្តូរក្បាលម៉ាស៊ីនក៏ពិតមែន ប៉ុន្តែគេជឿថា គោលនយោបាយរបស់អ្នកស្រី ហារីស គ្មានខុសអ្វីពីលោក ចូ បៃដិន ទេ។ 

(រូបថត៖ AP)

2. មិនធ្លាក់ប្រជាប្រិយភាព ទោះមានរឿងអាស្រូវជាបន្តបន្ទាប់

ត្បិតមានរឿងអាស្រូវក្រោយកុបកម្មថ្ងៃទី៦ខែមករាឆ្នាំ២០២១នៅវិមានកាពីតូល និងការចោទប្រកាន់ ក៏ដូចជាការផ្តន្ទាទោសព្រហ្មទណ្ឌមិនចេះចប់មិនចេះហើយក៏ពិតមែន អត្រាគាំទ្ររបស់លោក ត្រាំ នៅតែនឹងនរពេញមួយឆ្នាំពោលគឺនៅត្រឹម ៤០% ឬខ្ពស់ជាងនេះ។

ម្យ៉ាងវិញទៀត ទោះអ្នកប្រជាធិបតេយ្យតែងអះអាងថា លោក ត្រាំ មិនសមកាន់តំណែងក៏ដោយ តែអ្នកសាធារណរដ្ឋ យល់ស្របថា គាត់បានក្លាយជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដូច្នេះហើយ ប្រជាប្រិយភាពរបស់គាត់រឹតតែកើនឡើង។

(រូបថត៖ AP)

3. មានការគាំទ្រខ្លាំងលើបញ្ហាអន្តោប្រវេសន៍

ក្រៅ​ពី​ស្ថានភាព​សេដ្ឋកិច្ច បញ្ហាផ្សេងពីនេះ ក៏ក្លាយជាចំណុចទាក់ទាញសម្រាប់ការបោះឆ្នោតនេះដែរ។ អ្នកប្រជាធិបតេយ្យយកបញ្ហារំលូតកូនជាគោល ចំណែកលោក ត្រាំ ផ្តោតសំខាន់លើអន្តោប្រវេសន៍។

បន្ទាប់ពីលំហូរជនអន្តោប្រវេសន៍នៅតាមព្រំដែន បានឈានដល់កម្រិតកំណត់ត្រាក្រោមការដឹកនាំរបស់លោក បៃដិន ហើយថែមទាំងប៉ះពាល់ខ្លាំងដល់រដ្ឋដែលនៅឆ្ងាយពីព្រំដែនទៀតនោះ ការស្ទង់មតិបង្ហាញថា អ្នកបោះឆ្នោតគាំទ្រលោកត្រាំខ្លាំងណាស់ លើបញ្ហានេះ។

(រូបថត៖ AP)

4. ជាបុរសខ្លាំងម្នាក់ នៅក្នុងពិភពលោកដែលកំពុងគ្មានស្ថិរភាព

អ្នកប្រឆាំង ត្រាំ ជាច្រើននិយាយថា ការដែលគាត់តាំងខ្លួនជាជនផ្តាច់ការ បានធ្វើឲ្យខូចដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក។

គាត់តែងអះអាងថា បើគាត់កាន់តំណែងមែន គ្មានសង្គ្រាមធំណាមួយផ្ទុះឡើងនោះទេ។ ពាក់ព័ន្ធបញ្ហាសង្គ្រាមនេះដែរ ពលរដ្ឋអាមេរិកជាច្រើនកំពុងខឹងសម្បា រឿងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជះប្រាក់រាប់ពាន់លានដុល្លារទៅជួយអ៊ុយក្រែននិងអ៊ីស្រាអែល ដល់ថ្នាក់ប្រជាជនមួយចំនួនគិតថា អាមេរិក ខ្សោយហើយក្រោមការដឹកនាំរបស់លោក បៃដិន។

ក្រោយបានដឹងពីចំណុចសំខាន់ទាំង៤ខាងលើនេះហើយ តើអ្នកគិតថា លោក ត្រាំ អាចឈ្នះអ្នកស្រីហារីសបានដែរឬទេ?

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មុនបោះឆ្នោត លោកត្រាំ និយាយប៉ុន្មានម៉ាត់ នាំឲ្យគេបារម្ភ បើគាត់ចាញ់ទៀត

The post លោក ត្រាំ អាចឈ្នះអ្នកស្រី ហារីស ព្រោះ ៤ចំណុចសំខាន់នេះ appeared first on Kampuchea Thmey Daily.