ប្រទេសចំនួន៧ប៉ុណ្ណោះ ដែលមានគុណភាពខ្យល់ល្អត្រូវតាមស្ដង់ដារ WHO
បើយោងតាមទិន្នន័យពី IQAir របស់ប្រទេសស្វីស នៅឆ្នាំ២០២៤មានតែប្រទេសចំនួន៧ប៉ុណ្ណោះ ដែលបានបំពេញតាមគោលការណ៍ណែនាំគុណភាពខ្យល់របស់... The post ប្រទេសចំនួន៧ប៉ុណ្ណោះ ដែលមានគុណភាពខ្យល់ល្អត្រូវតាមស្ដង់ដារ WHO appeared first on Kampuchea Thmey Daily.

បើយោងតាមទិន្នន័យពី IQAir របស់ប្រទេសស្វីស នៅឆ្នាំ២០២៤មានតែប្រទេសចំនួន៧ប៉ុណ្ណោះ ដែលបានបំពេញតាមគោលការណ៍ណែនាំគុណភាពខ្យល់របស់អង្គការសុខភាពពិភពលោក (WHO)។

ប្រទេសដែលសម្រេចបានស្តង់ដារគុណភាពខ្យល់របស់ WHO មានដូចជា អូស្ត្រាលី នូវែលសេឡង់ បាហាម៉ា បាបាដុស អេស្តូនី ហ្គ្រើណាដ និង អ៊ីស្លង់។
កំហាប់ភាគល្អិត PM2.5 គឺជាសារធាតុបំពុលដ៏គ្រោះថ្នាក់ដែលអាចជ្រាបចូលជ្រៅទៅក្នុងសួត នាំឲ្យមានបញ្ហាសុខភាពផ្សេងៗ រួមទាំងការឆ្លងមេរោគផ្លូវដង្ហើម ជំងឺបេះដូង និងមហារីកសួត។ អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ថា ការស្រូបចូលជាមធ្យមនៃ PM2.5 មិនគួរលើសពី ៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនោះទេ។

ប្រទេសដូចជា ឆាដ និងបង់ក្លាដែស ត្រូវបានកត់ត្រាកម្រិត PM2.5 លើសពី ១៥ដងនៃកម្រិតដែលបានណែនាំរបស់អង្គការសុខភាពពិភពលោក ដែលធ្វើឲ្យប្រទេសទាំងពីរស្ថិតក្នុងចំណោមប្រទេសដែលមានការបំពុលច្រើនបំផុតនៅទូទាំងពិភពលោក។ កម្រិតបំពុលខ្ពស់របស់ប្រទេសឆាដ បណ្ដាលមកពីកត្តាមួយចំនួនដូចជា ធូលីដីវាលខ្សាច់សាហារ៉ា និងការដុតបំផ្លាញដំណាំ។
របាយការណ៍ក៏បានគូសបញ្ជាក់ផងដែរថា ការបំពុលបរិយាកាសនៅតែជាកត្តាហានិភ័យលំដាប់ទីពីរបន្ទាប់ពីជំងឺលើសសម្ពាធឈាម សម្រាប់មរណភាពទូទាំងពិភពលោក។ ការប៉ះពាល់នឹងខ្យល់កខ្វក់រយៈពេលវែង អាចនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺផ្លូវដង្ហើម ជំងឺភ្លេចភ្លាំង និងមហារីក។
យ៉ាងណាមិញ បណ្ដាលប្រទេសមួយចំនួន បានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អគុណភាពខ្យល់របស់ខ្លួន ដោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ជាឧទាហរណ៍ ប្រទេសឥណ្ឌាបានកាត់បន្ថយកម្រិត PM2.5 របស់ខ្លួនចំនួន ៧% នៅឆ្នាំ២០២៤ ប៉ុន្តែវានៅតែស្ថិតក្នុងកម្រិតបំពុលបំផុតនៅលើពិភពលោកដដែល៕
ដោយ៖ ឈាង
The post ប្រទេសចំនួន៧ប៉ុណ្ណោះ ដែលមានគុណភាពខ្យល់ល្អត្រូវតាមស្ដង់ដារ WHO appeared first on Kampuchea Thmey Daily.