នាយករដ្ឋមន្ត្រីលើកឡើងថា ការសាងសង់ព្រែកជីក​ហ្វូណន​តេជោ ធ្វើឡើង​តាមដំណាក់កាល

រដ្ឋាភិបាលកំពុងអនុវត្តនីតិវិធី​តាមដំណាក់​កាលៗ ពិសេសការដោះស្រាយផលប៉ះពាល់... The post នាយករដ្ឋមន្ត្រីលើកឡើងថា ការសាងសង់ព្រែកជីក​ហ្វូណន​តេជោ ធ្វើឡើង​តាមដំណាក់កាល appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីលើកឡើងថា ការសាងសង់ព្រែកជីក​ហ្វូណន​តេជោ ធ្វើឡើង​តាមដំណាក់កាល

ឆ្លើយតបនឹងការផ្សាយថា ព្រែកជីកហ្វូណនតេជោ កំពុងជាប់គាំងមិនដំណើរការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានច្រានចោល និងបញ្ជាក់ថា រដ្ឋាភិបាលកំពុងអនុវត្តនីតិវិធី​តាមដំណាក់​កាលៗ ពិសេសការដោះស្រាយផលប៉ះពាល់ ពាក់ព័ន្ធនឹង​គម្រោងព្រែកជីកនេះ។

សម្ដេចធិបតី បានលើកឡើងនៅក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ថា សាសនាបង្រៀនសុចរិតភាព ប៉ុន្តែ​មានអ្នកនយោបាយ​មួយចំនួន ដឹងរឿងហើយនៅតែភូតកុហកតើទទួលផលបាបដែររឺទេ?

សម្ដេច ហ៊ុន ម៉ាណែតលើកឡើងថា៖ «អ្នកដែលដឹងរឿងហើយ នៅតែភូត បាបទេ​ព្រះអង្គ! ព្រោះរឿងនេះ រឿងមិនចេះចប់សោះ អ្នកនយោបាយខ្លះ ដឹងរឿងថា រឿងហ្នឹង CLV-DTA អត់មានរឿងអីទេ ទៅភូតគេធ្វើឱ្យប្រជាជនភ័យ ឥឡូវមោ ល្ងាចមិញខ្ញុំឃើញស្អីណា ព្រែកជីហ្វូណន អស់លុយធ្វើអីទៀតហើយ ទៅជាអញ្ចឹងកើត ថាអ្នកអត់ដឹងរឿចុះ ខ្ញុំកូណា​មិនថា ប៉ិនបើអ្នក​ដឹងរឿងហើយ នៅតែមានចេតនានិយាយមិនពិត​ដើម្បីឱ្យអ្នក​ផ្សេងជឿខុស​បាបអត់! ថាអត់ដឹងចុះ អត់កំហុស កាបារម្ភ ប៉ុន្តែដឹងហើយ ដឹងថា ប្រជាជនបារម្ភខំទៅបង្កើត​រឿង ភ ដើម្បីឱ្យរុញបន្ថែមទៀត ខ្ញុំមិនថា គាត់បាបទេ ប៉ុន្តែបើថា​ធម៌ព្រះអង្គថាបាប អ្នកភូត ហ្នឹងបាបហើយ ព្រោះធ្វើឱ្យប្រជាជនព្រួយបារម្ភ ធ្វើឱ្យមានមន្ទិលសង្ស័យគ្នាឯង អត់ឱ្យមាន​ការ​ឯកភាពជាតិ»។

ព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។

គម្រោងព្រែកជីកនេះ សាងសង់ស្ទើទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ៧ គីឡូម៉ែត្រ និងផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ។

គម្រោង​ព្រែកជីកហ្វូណនតេជោនឹងសាងសង់សន្ទះផ្លូវទឹក ៣ កន្លែង ស្ថិតនៅខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធិភាពក្នុងការទប់ស្កាត់ ការជ្រាបចូលនៃ​ទឹកប្រៃ ទៅក្នុងបណ្ដាផ្លូវទឹកសាប និងអាចកំណត់បរិមាណ នៃអត្រាលំហូរទឹកសាប ដែលត្រូវ​ហូរចេញទៅសមុទ្រ។

គម្រោងនេះ នឹងត្រូវប្រើពេលសាងសង់ ៤៨ ខែ នឹងគ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារ។

កំណាត់ទី១ ចម្ងាយ ២៦ គីឡូម៉ែត្រ (ព្រែកតាកែវ ទៅទន្លេបាសាក់) នឹងត្រូវវិនិយោគ ១០០% ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី ២ ដែលមានចម្ងាយ ១៥៩ គីឡូម៉ែត្រ (ពីទន្លេបាសាក់ខេត្តតាកែវ រហូតដល់ខេត្តកែប) នឹងត្រូវវិនិយោគរួមគ្នា រវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសារជីវកម្មស្ពាន និងថ្នល់ (CRBC)៕

អត្ថបទ៖ ឡេង ដេត

The post នាយករដ្ឋមន្ត្រីលើកឡើងថា ការសាងសង់ព្រែកជីក​ហ្វូណន​តេជោ ធ្វើឡើង​តាមដំណាក់កាល appeared first on Kampuchea Thmey Daily.