កូរ៉េនឹងជួយ​លើកកម្ពស់ម៉ាកពាណិជ្ជកម្មរបស់កម្ពុជាតាមរយៈដំណោះស្រាយឌីជីថល​

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) នឹងជួយក្រសួងពាណិជ្ជកម្មលើគម្រោងចុះសិក្សាជាបឋមលើសំណើគម្រោងរបស់នាយកដ្ឋានកម្មសិទ្ធិ The post កូរ៉េនឹងជួយ​លើកកម្ពស់ម៉ាកពាណិជ្ជកម្មរបស់កម្ពុជាតាមរយៈដំណោះស្រាយឌីជីថល​ appeared first on Kampuchea Thmey Daily.

កូរ៉េនឹងជួយ​លើកកម្ពស់ម៉ាកពាណិជ្ជកម្មរបស់កម្ពុជាតាមរយៈដំណោះស្រាយឌីជីថល​

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) នឹងជួយក្រសួងពាណិជ្ជកម្មលើគម្រោងចុះសិក្សាជាបឋមលើសំណើគម្រោងរបស់នាយកដ្ឋានកម្មសិទ្ធិ​ ស្តីពី​ជំរុញការលើកកម្ពស់ម៉ាកពាណិជ្ជកម្មរបស់កម្ពុជានាពេលអនាគតលើ គន្លឹះនៃការឈានទៅរកការកសាងកេរ្តិ៍ឈ្មោះម៉ាក ពាណិជ្ជកម្មរបស់កម្ពុជាតាមរយៈដំណោះស្រាយឌីជីថលឈានមុខ។

ការប្តេជ្ញានេះត្រូវបានលើកឡើងក្នុងជំនួបរវាងលោកស្រី CHOI Moon Jung នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា និងសហការី ជាមួយលោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​កាលពីថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ​។

នៅក្នុងជំនួបពិភាក្សានេះ លោកស្រី CHOI Moon Jung បានលើកឡើងថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានធ្វើការសហការ និងជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកសាងធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ជូនសិស្ស និស្សិត និងមន្ត្រីរាជការរបស់កម្ពុជាកន្លងមក។

លោក អ៊ុក ប្រជាបានថ្លែងអំណរគុណដល់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងបានស្វាគមន៍ចំពោះគម្រោងចុះសិក្សាជាបឋមលើសំណើគម្រោងរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ស្តីពី“ជំរុញការលើកកម្ពស់ម៉ាកពាណិជ្ជកម្មរបស់កម្ពុជានាពេលអនាគត៖ គន្លឹះនៃការឈានទៅរកការកសាងកេរ្តិ៍ឈ្មោះម៉ាក ពាណិជ្ជកម្មរបស់កម្ពុជាតាមរយៈដំណោះស្រាយឌីជីថលឈានមុខ”។

លោកបានបន្ថែមថា៖« គម្រោងខាងលើនេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាកម្ពុជា តាមរយៈការបញ្ចូលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ការធ្វើសមាហរណកម្មទិន្នន័យម៉ាក ការវិភាគទិន្នន័យម៉ាក និងការផ្តល់ប្រឹក្សាយោបល់សម្រាប់សេវាចុះបញ្ជីម៉ាក ជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ការលើកកម្ពស់កិច្ចការពារនិងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកនៃផលិតផលកម្ពុជាលើទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងការជំរុញការវិនិយោគបន្ថែមនៅកម្ពុជា»។

កាលពី ២០២៣ ​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា បាន​បញ្ចប់​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​កម្មសិទ្ធិ​បញ្ញា ឆ្នាំ ២០២៣-២០២៨។​

សេចក្តីព្រាង​នេះ មាន​ចក្ខុវិស័យ​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា​ឱ្យ​ក្លាយទៅជា​កម្លាំងចលករ​មួយ​លើ​កិច្ចការ​អភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និង​កសិកម្ម តាមរយៈ​ការលើក​កម្ពស់​កិច្ចការពារ​កម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះ​ម៉ាក និង​ផលិតផល​របស់​កម្ពុជា និង​ការបង្កើត​ស្នាដៃ​វប្បធម៌។

សេចក្តីព្រាង​នេះ​ក៏នឹង​ជំរុញ​ការប្រើប្រាស់​កម្មសិទ្ធិបញ្ញា ដើម្បី​លើកកម្ពស់​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ ក្នុងការ​បង្កើត​ផលិតផល​បច្ចេកវិទ្យា ជំរុញ​គំនិត​ច្នៃប្រឌិត ការបង្កើត​ថ្មី និង​ឧស្សាហកម្ម​វប្បធម៌ ឱ្យ​ឆ្លើយតប​ទៅនឹង​បរិបទ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល ព្រមទាំង​បដិវត្ត​ឧស្សាហកម្ម​ជំនាន់ទី ៤ ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នៅ​កម្ពុជា​ឆ្នាំ ២០៥០៕

The post កូរ៉េនឹងជួយ​លើកកម្ពស់ម៉ាកពាណិជ្ជកម្មរបស់កម្ពុជាតាមរយៈដំណោះស្រាយឌីជីថល​ appeared first on Kampuchea Thmey Daily.