ការប្រមូលទិន្នផលពោត និងដំឡូងមី សម្រេចបានជាង ៥០% ក្នុងខេត្តបាត់ដំបង

បើតាមតម្លៃនៅតាមសាយឡូនីមួយៗបានកំណត់គឺ តម្លៃពោតក្រហមទាំងស្នូល... The post ការប្រមូលទិន្នផលពោត និងដំឡូងមី សម្រេចបានជាង ៥០% ក្នុងខេត្តបាត់ដំបង appeared first on Kampuchea Thmey Daily.

ការប្រមូលទិន្នផលពោត និងដំឡូងមី សម្រេចបានជាង ៥០% ក្នុងខេត្តបាត់ដំបង

កសិផលពោត និងដំឡូងមី ដែលប្រជាកសិករនៅក្នុងខេត្តបាត់ដំបងបានដាំដុះលើផ្ទៃដីសរុបប្រមាណ ២០ ម៉ឺនហិកតា បច្ចុប្បន្នត្រូវបានប្រជាកសិករសម្រុកប្រមូលផលបានប្រមាណជាង ៥០% ហើយ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា កសិផលពោតក្រហម និងដំឡូងមី ដែលសរុបផ្ទៃដីមានប៉ុន្មានជាង ២០ ម៉ឺនហិកតា បច្ចុប្បន្នប្រជាកសិករកំពុងសម្រុកប្រមូលផលដំណាលៗគ្នា ដែលរហូតមកទល់ពេលនេះបានប៉ុន្មានជាង ៥០% ហើយ ពិសេសគឺនៅតាមបណ្ដាស្រុកមួយចំនួនដែលជាប់នឹងខ្សែបន្ទាត់ព្រំដែនថៃ។

របាយការណ៍របស់មន្ទីរបានបន្ថែមថា បើតាមតម្លៃនៅតាមសាយឡូនីមួយៗបានកំណត់គឺ តម្លៃពោតក្រហមទាំងស្នូល ៥,៧៥បាត តម្លៃគ្រាប់ពោតក្រហមនៅសើម ៧,៣០បាត ចំណែកតម្លៃដំឡូងមីស្រស់ ២,៣០បាត និងតម្លៃដំឡូងមីស្ងួត ៦,៥០បាត។

បញ្ហាតម្លៃនេះដែរបើតាមឈ្មួញ និងទីតាំងសាយឡូមួយចំនួនក្បែរខ្សែបន្ទាត់ព្រំដែនថៃ ក៏បានអះអាងដែរថា ឆ្នាំនេះតម្លៃ​ពោតក្រហម និងដំឡូងមីមានការធ្លាក់ចុះបន្តិចបន្តួច ខុសពីឆ្នាំមុន។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះថា មកទល់ពេលនេះ ការប្រមូលផលពោតក្រហមរបស់ប្រជាកសិករបានជំនួន ៦០% ហើយ នៅលើផ្ទៃដីដាំដុះជាង ១១៧.០០០ ហិកតា ដោយឡែកដំឡូងមីក៏ប្រជាកសិករប្រមូលបានប្រមាណ ៤០% ហើយ នៅលើផ្ទៃដីដាំដុះសរុប ជាង ១០៨.០០០ ហិកតា។

នៅក្នុងដំណាក់កាលដែលប្រជាកសិករកំពុងប្រមូលផលនេះលោកប្រធានមន្ទីរបានបន្ថែមថា បើសង្កេតមើលទៅលើតម្លៃពោតក្រហម និងដំឡូងមីនាពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងឆ្នាំកន្លងមកគឺមិនខុសគ្នាប៉ុន្មាននោះទេ ដោយខុសតែបន្តិចបន្តួចប៉ុណ្ណោះវាអាស្រ័យទៅលើគុណភាពគ្រាប់ពោត និងកម្រិតធាតុម្សៅនៅក្នុងដំឡូងមីតែប៉ុណ្ណោះ ដែលតម្លៃនេះក៏អាចធ្វើឲ្យប្រជាកសិករទទួលយកបានដែរ៕

អត្ថបទ៖ សោ និយមរ័ត្ន

The post ការប្រមូលទិន្នផលពោត និងដំឡូងមី សម្រេចបានជាង ៥០% ក្នុងខេត្តបាត់ដំបង appeared first on Kampuchea Thmey Daily.