អតីតប្រធានគណៈមេធាវីលោក លី ច័ន្ទតុលា ស្នើមេធាវីគោរពឱ្យបានខ្ជាប់ខ្ជួននូវតម្លៃវិជ្ជាជីវៈ

លោក លី ច័ន្ទតុលា ស្នើថា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ គិតគូរនិងតម្កល់ផលប្រយោជន៍របស់គណៈមេធាវីជាធំ ហើយរាល់កិច្ចប្រជុំនិងការពិភាក្សា The post អតីតប្រធានគណៈមេធាវីលោក លី ច័ន្ទតុលា ស្នើមេធាវីគោរពឱ្យបានខ្ជាប់ខ្ជួននូវតម្លៃវិជ្ជាជីវៈ appeared first on Kampuchea Thmey Daily.

អតីតប្រធានគណៈមេធាវីលោក លី ច័ន្ទតុលា ស្នើមេធាវីគោរពឱ្យបានខ្ជាប់ខ្ជួននូវតម្លៃវិជ្ជាជីវៈ

លោក លី ច័ន្ទតុលា អតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាអនុសាសន៍មួយចំនួនដល់សមាជិកក្រុមប្រឹក្សាគណៈមេធាវី ក្នុងគោលបំណងលើកតម្កើងតម្លៃវិជ្ជាជីវៈ និងឧត្តមប្រយោជន៍របស់វិជ្ជាជីវៈមេធាវី ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ អនុសាសន៍ទាំងនេះ ធ្វើឡើងក្នុងពិធីផ្ទេរតំណែង និងចូលកាន់តំណែងលោកមេធាវី សាំង វណ្ណៈ ដែលបានចូលកាន់តួនាទីជាប្រធានគណៈមេធាវីអាណត្តិទី១៥ និងការ​ចូលកាន់តំណែងរបស់សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤។

ក្នុងពិធីនោះ លោក លី ច័ន្ទតុលា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវី ប្រតិភូគណៈមេធាវី ប្រធានគណៈកម្មការទាំង ៦ របស់គណៈមេធាវី ប្រធាន និងសមាជិកគណៈកម្មការបោះឆ្នោត និងបានប្រគល់បញ្ជីសារពើភណ្ឌ ប័ណ្ណកម្មសិទ្ធិនៃអគារទាំងពីររបស់គណៈមេធាវី បញ្ជីគណនី និងត្រារបស់គណៈមេធាវីជូនលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីថ្មី ដើម្បីដឹកនាំគណៈមេធាវីបន្ត។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានផ្តល់ជាអនុសាសន៍មួយចំនួនដល់សមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ ដើម្បីធានាប្រសិទ្ធភាពនៃការងារ ក្នុងនោះត្រូវគាំទ្រដល់គោលនយោបាយ និងសហការជាមួយប្រធានគណៈមេធាវី ក្នុងទិសដៅលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងឧត្តមប្រយោជន៍របស់វិជ្ជាជីវៈ។

លោកស្នើថា៖« ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ គិតគូរនិងតម្កល់ផលប្រយោជន៍របស់គណៈមេធាវីជាធំ ហើយរាល់កិច្ចប្រជុំនិងការពិភាក្សារបស់ក្រុមប្រឹក្សាគណៈមេធាវី គឺជាការសម្ងាត់»។ បើតាមអតីតប្រធាគណៈមេធាវី បញ្ជាក់ថា មានហេតុផលច្រើនណាស់ដែលនាំឱ្យបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាគណៈមេធាវីចែងយ៉ាងច្បាស់អំពីការរក្សាការសម្ងាត់នេះ ព្រោះការពិភាក្សានិងការសម្រេចមួយចំនួន គឺមានពាក់ព័ន្ធនឹងកិត្តិយស ឬកេរ្ត៍ឈ្មោះរបស់មេធាវី ឈ្មោះអ្នកគាំទ្រឬមិនគាំទ្រ ក៏ដូចជាយុទ្ធសាស្ត្ររបស់គណៈមេធាវី។

បន្ថែមពីនេះ លោក លី ច័ន្ទតុលា​ លើកទឹកចិត្តមេធាវី ត្រូវសិក្សា ស្រាវជ្រាវ និងសកម្មនៅក្នុងការជជែក ពិភាក្សា វែកញែក ធ្វើយ៉ាងណាធានាថារាល់ការសម្រេចនីមួយៗរបស់ក្រុមប្រឹក្សាគឺមានហេតុផលត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

ថ្លែងក្នុងពិធីផ្ទេរ និងចូលកាន់តំណែងនេះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃកម្ពុជាអាណត្តិទី១៥ បានសម្ដែងការអរគុណចំពោះសហភាតា និងសមាជិកសមាជិកាគណៈមេធាវីទាំងអស់ដែលបានបោះឆ្នោតគាំទ្ររូបលោកឱ្យធ្វើជាប្រធានគណៈមេធាវី អាណត្តិថ្មីពេលនេះ។

លោកមេធាវី សាំង វណ្ណៈ បានប្ដេជ្ញាចិត្តពង្រឹង និងលើកគុណតម្លៃវិជ្ជាជីវៈមេធាវី ប្រកបដោយកិត្យានុភាព និងឧត្តមភាព ឈានឆ្ពោះទៅវិបុលភាពនៃវិជ្ជាជីវៈមេធាវី ព្រមទាំងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតួអង្គពាក់ព័ន្ធ ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់៕

The post អតីតប្រធានគណៈមេធាវីលោក លី ច័ន្ទតុលា ស្នើមេធាវីគោរពឱ្យបានខ្ជាប់ខ្ជួននូវតម្លៃវិជ្ជាជីវៈ appeared first on Kampuchea Thmey Daily.