សុទ្ធតែជើងខ្លាំងគុនខ្មែរ៦រូបត្រៀមប្រកួតនៅអូស្ត្រាលីដើមខែធ្នូ
កីឡាករ កីឡាការិនីគុនខ្មែរ៦រូបនឹងចេញទៅប្រកួតនៅប្រទេសអូស្ត្រាលីជាលើកទី២ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្សាយបន្តផ្ទាល់ដោយ BTV The post សុទ្ធតែជើងខ្លាំងគុនខ្មែរ៦រូបត្រៀមប្រកួតនៅអូស្ត្រាលីដើមខែធ្នូ appeared first on Kampuchea Thmey Daily.
កីឡាករ កីឡាការិនីគុនខ្មែរ៦រូបនឹងចេញទៅប្រកួតនៅប្រទេសអូស្ត្រាលីជាលើកទី២ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្សាយបន្តផ្ទាល់ដោយ BTV បន្ទាប់ពីលើកទី១កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។
ការចេញទៅប្រកួតលើកទី២នេះ អ្នករៀបចំកម្មវិធីបានសម្រិតសម្រាំងសុទ្ធតែកីឡាករ កីឡាការិនីល្អលំដាប់ជួរមុខនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះអ្នកលេងដៃភ្លើងជើងរន្ទះ រឿង សុភ័ណ្ឌ, ម្ចាស់មេដាយមាសស៊ីហ្គេម២ជំនាន់ បឺត សង្ឃឹម ម្ចាស់មេដាយមាសស៊ីហ្គេម ម៉ឺន មេឃា ម្ចាស់មេដាយមាសស៊ីហ្គេម កញ្ញា ទូច ចាន់វត្តី អ្នកលេងរន្ទះជើង ធន់ ផានិត និងកីឡាករវ័យក្មេងម្នាក់ទៀត។
ដៃគូរបស់អត្តពលិកគុនខ្មែរត្រូវបានបង្ហាញខ្លួនហើយ ប៉ុន្តែនៅមិនទាន់បង្ហាញឈ្មោះទាំងអស់ទេ។ យ៉ាងណា ដៃភ្លើងជើងរន្ទះ រឿង សុភ័ណ្ឌ ត្រូវប្រកួតជាមួយកីឡាករអូស្ត្រាលី Kassan Solati ដើម្បីដណ្តើមខ្សែក្រវាត់ទម្ងន់៧០គីឡូក្រាម ហើយកីឡាការិនី ទូច ចាន់វត្តី ជួបកីឡាការិនីអូស្ត្រាលី Kim Townsend ដើម្បីដណ្តើមខ្សែក្រវាត់ទម្ងន់៥៣គីឡូក្រាម។
លោក សឿ វណ្ណៈ អ្នករៀបចំកម្មវិធីប្រកួតបានឲ្យដឹងថា សម្រាប់ការប្រកួតនៅប្រទេសអូស្ត្រាលីលើកទី២នេះធ្វើនៅថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងស៊ីដនី។ ការប្រកួតរបស់កីឡាករ កីឡាការិនីកម្ពុជាមាន៦គូ ក្នុងនោះមាន៣គូគឺជាការប្រកួតដណ្តើមខ្សែក្រវាត់។
នេះជាការចេញទៅប្រកួតនៅលើទឹកដីអូស្ត្រាលីជាលើកទី២សម្រាប់ កីឡាករ បឺត សង្ឃឹម បន្ទាប់ពីលើកទី១ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រូបគេត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី១តាមរយៈការបែកជិតភ្នែកដោយកីឡាករថៃ Yothin។
កាលលើកទី១ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កីឡាករកម្ពុជា៥រូបគឺ អេ អាំម៉ារីន ភូថង, ពេជ្រ សម្បត្តិ, ម៉ឺន មេឃា ជំនួស លន បញ្ញា និង គឿម សុវណ្ណគីម បានចេញទៅប្រកួត។ កាលណោះ ពេជ្រ សម្បត្តិ បានចាញ់កីឡាករថៃ Tum Kitti Patkam ខណៈ ម៉ឺន មេឃា និង អេ អាំម៉ារីនភូថង ទទួលបានខ្សែក្រវាត់ និងរង្វាន់រថយន្ត១គ្រឿង៕
អត្ថបទ៖ វីរបុត្រ
The post សុទ្ធតែជើងខ្លាំងគុនខ្មែរ៦រូបត្រៀមប្រកួតនៅអូស្ត្រាលីដើមខែធ្នូ appeared first on Kampuchea Thmey Daily.