សម្តេចធិបតី៖ សាសនាគឺជាមធ្យោបាយមួយសំខាន់ នៅក្នុងការថែរក្សាសុខដុមរមណីយកម្មសង្គម
ជាការចាំបាច់ដែលរដ្ឋត្រូវការលើកស្ទួយសាសនា ព្រោះសាសនាគឺជាមធ្យោបាយមួយសំខាន់ នៅក្នុងការថែរក្សាសុខដុមរមណីយសង្គម សុខសន្តិភាព» The post សម្តេចធិបតី៖ សាសនាគឺជាមធ្យោបាយមួយសំខាន់ នៅក្នុងការថែរក្សាសុខដុមរមណីយកម្មសង្គម appeared first on Kampuchea Thmey Daily.
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងពីសារៈសំខាន់នៃវិស័យសាសនា ជាពិសេសសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ដែលជាមធ្យោបាយសំខាន់ក្នុងការថែរក្សាសុខដុមរមណីយសង្គម សន្តិភាព និងជួយអប់រំមនុស្សឱ្យមានក្រមសីលធម៌ សុជីវធម៌។
អញ្ជើញជាអធិបតីពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងមូលធនមនុស្ស ដែលជាចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍជាតិ គុណធម៌សង្គមអស់រយៈពេលច្រើនទសវត្សមកនេះ។
សម្តេចបានបញ្ជាក់ថា សមិទ្ធផលដែលរាជរដ្ឋាភិបាល សម្រេចបានកន្លងមកនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៃភាពធន់ និងភាពរឹងមាំនៃវិស័យនយោបាយ សង្គម សាសនា សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះវិស័យធម្មការ និងសាសនា មានការវិវត្តន៍គួរឱ្យកត់សម្គាល់ ទាំងបរិមាណ និងគុណភាព ។ សម្តេចធិបតី មានប្រសាសន៍ថា៖«ជាការចាំបាច់ដែលរដ្ឋត្រូវការលើកស្ទួយសាសនា ព្រោះសាសនាគឺជាមធ្យោបាយមួយសំខាន់ នៅក្នុងការថែរក្សាសុខដុមរមណីយសង្គម សុខសន្តិភាព»។
សម្តេចធិបតី យល់ថា ដើម្បីឱ្យស័ក្តិសមនឹងខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងថាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ យើងគប្បីលើកទឹកចិត្ត លើកតម្កើងព្រះពុទ្ធសាសនាឱ្យបានខ្ពងខ្ពស់ឡើងថែមមួយកម្រិតទៀត ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា បានយល់កាន់តែស៊ីជម្រៅ និងមើលឃើញកាន់តែច្បាស់អំពីភាពចាំបាច់សម្រាប់ប្រតិបត្តិព្រះពុទ្ធសាសនា និងផ្តោតលើការមិនធ្វើអំពើអាក្រក់។
សម្តេចបញ្ជាក់ថា៖« ការធ្វើអំពើល្អ និងការសម្អាតចិត្តឱ្យស្អាតបរិសុទ្ធជាគុណតម្លៃសម្រាប់ជួយឱ្យសង្គមមានសមធ៌ សាមគ្គីធម៌។ រដ្ឋាភិបាល កំពុងពង្រឹងនិងបង្កើនកិច្ចសហការក្នុងការអប់រំ អំពីសីលធម៌ គុណធម៌ និងសុជីវធម៌ បញ្ចូលការអប់រំអំពីព្រះពុទ្ធសាសនានិងផ្នែកសីល្បៈ វប្បធម៌ខ្មែរទាំងរូបិយ និងអរូបិយ»៕
The post សម្តេចធិបតី៖ សាសនាគឺជាមធ្យោបាយមួយសំខាន់ នៅក្នុងការថែរក្សាសុខដុមរមណីយកម្មសង្គម appeared first on Kampuchea Thmey Daily.