លោក ហ្សង់ ហ្វ្រង់ស័រតាន់៖ ចិនមិនបានដើរខ្សែលើ ឬកេងចំណេញពីកិច្ចសហការមហាអនុតំបន់មេគង្គឡើយ
លោក ហ្សង់ ហ្វ្រង់ស័រតាន់ ថា ចិនមិនបានកេងចំណេញពីកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គឡើយ ប៉ុន្តែព្យាយាមអភិវឌ្ឍន៍រួម សម្រាប់ជាប្រយោជន៍រួម The post លោក ហ្សង់ ហ្វ្រង់ស័រតាន់៖ ចិនមិនបានដើរខ្សែលើ ឬកេងចំណេញពីកិច្ចសហការមហាអនុតំបន់មេគង្គឡើយ appeared first on Kampuchea Thmey Daily.
លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា ចិនមិនបានដើរខ្សែលើ ឬកេងចំណេញពីកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គឡើយ ប៉ុន្តែចិនមានតែព្យាយាមចាប់ដៃជាមួយបណ្ដាប្រទេសសមាជិក ដើម្បីអភិវឌ្ឍន៍រួម សម្រាប់ជាប្រយោជន៍រួម។ លោក ហ្សង់ ហ្វ្រង់ស័រតាន់ លើកឡើងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS) ទី៨ ដែលធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី០៧ ខែវិច្ឆិកា។
ការលើកឡើងរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺបន្ទាប់អ្នកវិភាគមួយចំនួនលើកឡើងថា ចិនចំណេញច្រើនជាងគេ ពីកិច្ចសហប្រតិបត្តការមហាអនុតំបន់មេគង្គ(GMS) ពីព្រោះ នៅក្នុងមហាអនុតំបន់មេគង្គ GMS ចិនជាបងធំ ដែលមានឥទ្ធិពលលើសគេ ទាំងសេដ្ឋកិច្ច និងអំណាច។
លោក ហ្សង់ ហ្វ្រង់ស័រតាន់ សង្កត់ធ្ងន់ដូច្នេះ៖« បើគ្មានកិច្ចសហប្រតិបត្តការមហាអនុតំបន់មេគង្គ(GMS) រវាងគ្នាទេ តើអនាធិបតេយ្យ នឹងមានទំហំ និងភាពស្មុគស្មាញប៉ុណ្ណា? ពីព្រោះតាមតែអំពើចិត្ត ម្នាក់ៗ(ប្រទេសជាប់ទន្លេមេគង្គ) នឹងទាញយកប្រយោជន៍រៀងៗខ្លួនពីទន្លេមេគង្គ អភិវឌ្ឍន៍រៀងៗខ្លួនដោយមិនជំពាក់អ្នកណាមួយរៀល ដែនដីនៅតាមបណ្ដោយទន្លេមេគង្គបែបរញ៉េរញ៉ៃជាទីបំផុត ក្នុងករណីហ្នឹងហើយ ច្បាស់ណាស់គ្មានអ្នកណាអាចទប់ចិនមិនឱ្យដើរខ្សែលើបានទេ។ ប៉ុន្តែផ្ទុយទៅវិញ ចិនមិនចង់ដើរខ្សែលើ ចង់សហការ ចង់បង្កើតភាពរួម បរិយាកាសរួម ដើម្បីការអភិវឌ្ឍរួមគ្នា ក្នុងភាពសុខដុមរមនា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ។»។
គួរឱ្យដឹងថា កិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩២ ដោយមានចង់ភ្ជាប់រួមគ្នារវាងប្រទេសតាមបណ្ដោយទន្លេមេគង្គ ដូចជាប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ កិច្ចសហប្រតិបត្តិការនេះ ទទួលបានការជ្រោមជ្រែងពីសំណាក់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញថា គោលការណ៍សំខាន់ៗមួយចំនួននៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ រួមមាន ជំរុញ និងសម្រួលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លើកកម្ពស់សមភាព មិនថាប្រទេសសមាជិកធំប៉ុណ្ណា ឬតូចប៉ុណ្ណា កសាងទំនុកចិត្តគ្នា រវាងគ្នាទៅវិញទៅមក ពីព្រោះគោលដៅចុងក្រោយនៃបណ្ដាប្រទេសសមាជិកទាំង៦ នៃមហាអនុតំបន់មេគង្គ គឺប្រយោជន៍រួមតាមរយៈសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ច។
តាមលោក ហ្សង់ ហ្វ្រង់ស័រតាន់ ក្រោយចូលរួមក្នុងកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ៣២ឆ្នាំមកនេះ កម្ពុជា ទាញបានប្រយោជន៍ពីកិច្ចសហប្រតិបត្តការនេះដូចជា ជួយតភ្ជាប់កម្ពុជាជាមួយប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការ បង្កើតចេញជាបណ្ដាញផលិតកម្ម និងបណ្ដាញទីផ្សារធំទូលាយសម្រាប់បន្តគាំទ្របានមួយចំណែកធំដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា និងសម្រាប់បន្តការគាំទ្រការកាត់បន្ថយភាពក្រីក្រដែលជានយោបាយរបស់រាជរដ្ឋាភិបាលតាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចប្បន្ន៕
The post លោក ហ្សង់ ហ្វ្រង់ស័រតាន់៖ ចិនមិនបានដើរខ្សែលើ ឬកេងចំណេញពីកិច្ចសហការមហាអនុតំបន់មេគង្គឡើយ appeared first on Kampuchea Thmey Daily.