លោក ប៉ែន បូណា៖ កម្មវិធីនាំពលរដ្ឋទៅមើលការពិតនៅព្រំដែនទទួលបានជោគជ័យធំធេង ដូចការគ្រោងទុក

ទោះបីជាកម្មវិធីដំណើរកម្សាន្តនាំពលរដ្ឋទៅមើលការពិតនៅតាមព្រំដែន មិនទាន់បិទបញ្ចប់ តែលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃថា កម្មវិធីមួយនេះ ទទួលបានជោគជ័យយ៉ាងធំធេង The post លោក ប៉ែន បូណា៖ កម្មវិធីនាំពលរដ្ឋទៅមើលការពិតនៅព្រំដែនទទួលបានជោគជ័យធំធេង ដូចការគ្រោងទុក appeared first on Kampuchea Thmey Daily.

លោក ប៉ែន បូណា៖ កម្មវិធីនាំពលរដ្ឋទៅមើលការពិតនៅព្រំដែនទទួលបានជោគជ័យធំធេង ដូចការគ្រោងទុក

ទោះបីជាកម្មវិធីដំណើរកម្សាន្តនាំពលរដ្ឋទៅមើលការពិតនៅតាមព្រំដែន មិនទាន់បិទបញ្ចប់ទាំងស្រុង ប៉ុន្តែលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃថា កម្មវិធីមួយនេះ ទទួលបានជោគជ័យយ៉ាងធំធេង ដូចអ្វីដែលបានគ្រោងទុកទាំងស្រុង។ លោក ប៉ែន បូណា អះអាងដូច្នេះ នៅក្នុងវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ប៉ែន បូណា ថ្លែងថា៖«ខ្ញុំសូមគូសបញ្ជាក់ជូនបងប្អូនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទាំងប្រទេសឱ្យបានជ្រាបថា ដំណើរកម្សាន្តនេះ(ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់ភូមិភាគឥសាន) ទទួលបានជោគជ័យ​ធំធេងណាស់ស្របតាមគោលដៅដែលបានគ្រោងទុក»។

លោក ប៉ែន បូណា ហ៊ានវាយតម្លៃថា ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់ភូមិភាគឥសាន ទទួលបានជោគជ័យធំធេង ក៏ព្រោះតែលោក សំអាងថា ប្រជាពលរដ្ឋដែលបានចូលរួមដំណើរកម្សាន្តនេះបានយល់ច្បាស់ស្រឡះក្នុងចិត្តអំពីរឿងព្រំដែន ដែលកាលពីមុន​ដែលពេលពួកគាត់មិនទាន់បាន​ទៅមើលជាក់ស្តែង និងមិនទាន់បានយល់ពីការងាររបស់រាជរដ្ឋាភិបាល ពលរដ្ឋអាចជឿ ឬមានមន្ទិលសង្ស័យ​ដែរនៅពេល​មានការឃោសនាភូតកុហកថា បង្គោលព្រំដែនចេះដើរ បង្គោលព្រំដែនត្រូវបានប្រទេសជិតខាងលួចបង្ខិតជារៀងរាល់ថ្ងៃ ឬថា ថ្នាក់ដឹកនាំ កាត់ទឹកដីឱ្យប្រទេសជិតខាងជាដើម។

តាមលោក ប៉ែន បូណា នៅពេលដែលប្រជាពលរដ្ឋបានទៅឃើញផ្ទាល់ភ្នែកនូវ​បង្គោលព្រំដែន ផ្លូវក្រវ៉ាត់ព្រំដែន ប៉ុស្តិ៍​នគរបាលវីរៈការពារព្រំដែន និងជីវភាពប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន ជាពិសេសសុខសន្តិភាព និងសុវត្ថិភាពពេញលេញ​នៅតាម​ខ្សែបន្ទាត់ព្រំដែន ពួកគាត់ស្វាងចែសតែម្តង និងបានយល់ច្បាស់ពីយុទ្ធសាស្ត្រការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យការឃោសនា​ភូតកុហកនានា​សាបរលាប​ទាំងស្រុង។ នេះហើយជាជោគជ័យ និងជាគោលដៅដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីលោកចង់បាន។

សូមរម្លឹកឡើងវិញថា ក្នុងពេលដែលមជ្ឈដ្ឋានមួយចំនួន បានឡើងឡើងថា រដ្ឋាភិបាលកម្ពុជា កាត់ដីនៅភូមិភាគឥសានឱ្យទៅប្រទេសដទៃ បង្គោលព្រំដែនចេះដើរ នៅព្រំដែនមានជនជាតិដទៃឆ្លងចូលមករស់នៅដោយខុសច្បាប់ ភូមិភាគឥសានគ្មានការអភិវឌ្ឍ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤  បានប្រកាសរៀបចំដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់ភូមិភាគឥសានដើម្បីស្វែងយល់ពីបង្គោលព្រំដែន ផ្លូវក្រវ៉ាត់ព្រំដែន និងបានឃើញពីការអភិវឌ្ឍន៍ និងជីវភាពជាក់ស្តែងរបស់​ប្រជពលរដ្ឋនៅតាមបណ្តោយព្រំដែនទាំងជាមួយ​វៀតណាម និងជាមួយឡាវ​។

ដំណើរកម្សាន្តនេះចាប់ផ្តើមកាលពីដើមខែកញ្ញា និងផ្តល់ជូនដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រ ច័ន្ទមុន្នី ដោយផ្ទាល់ដោយមានការចូលរួមពីសម្បុរសជនជាច្រើន ហើយ​ដោយមិនប្រើប្រាស់ថវិកាជាតិ ឬថវិកាដែលប្រជាពលរដ្ឋបរិច្ចាគតាមរយៈមូលនិធិ​កសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន​នោះឡើយ។កម្មវិធីដំណើរកម្សាន្តនេះ គ្រោងនឹងបិទបញ្ចប់នៅដំណាច់ឆ្នាំ ២០២៤ នេះ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post លោក ប៉ែន បូណា៖ កម្មវិធីនាំពលរដ្ឋទៅមើលការពិតនៅព្រំដែនទទួលបានជោគជ័យធំធេង ដូចការគ្រោងទុក appeared first on Kampuchea Thmey Daily.