រុស្ស៊ីបើកចំហរបេះដូងត្រៀមចរចាជាមួយអាមេរិក ក្រោយត្រាំជាប់ឆ្នោត
រដ្ឋមន្ត្រីការប្រទេសរុស្ស៊ីបានអះអាងពីការត្រៀមខ្លួនចរចាជាមួយសហរដ្ឋអាមេរិកដោយបើកចំហរក្នុងករណីមានការផ្តួចផ្តើមការចរចាពីភាគីអាមេរិក... The post រុស្ស៊ីបើកចំហរបេះដូងត្រៀមចរចាជាមួយអាមេរិក ក្រោយត្រាំជាប់ឆ្នោត appeared first on Kampuchea Thmey Daily.
ក្រោយខកខានមិនបានចេញសារអបអរសាទរការទទួលជ័យជម្នះលើការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការប្រទេសរុស្ស៊ីបានអះអាងពីការត្រៀមខ្លួនចរចាជាមួយសហរដ្ឋអាមេរិកដោយបើកចំហរក្នុងករណីមានការផ្តួចផ្តើមការចរចាពីភាគីអាមេរិក។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានផ្សាយនៅមុននេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីលោកបានបំពេញទស្សនកិច្ចការងារនៅកាហ្សាក់ស្ថានថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាបើកចំហជាមួយសហរដ្ឋអាមេរិក ប្រសិនបើគំនិតផ្តួចផ្តើមបែបនេះមកពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការបោះឆ្នោតឡើងវិញរបស់លោក ដូណាល់ ត្រាំ។
ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន មានការលើកឡើងមួយចំនួនដែលថា រុស្ស៊ីចង់ចរចាជាមួយសហរដ្ឋអាមេរិកជាជាងការចរចាជាមួយអ៊ុយក្រែន ដែលស្ថិតក្រោមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិកជុំវិញបញ្ហាសង្គ្រាមដែលបានកើតឡើង។
នៅពេលដែលអ្នកសារព័ត៌មានសួរថាតើមានគម្រោងដើម្បីរក្សាទំនាក់ទំនងជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក លោក ឡាវរ៉ូវ បាននិយាយថា៖«យើងមិនដែលច្រានចោលការទាក់ទងជាមួយប្រទេសណាមួយឡើយ។ [រុស្ស៊ី] ប្រធានាធិបតី [វ្ល៉ាឌីមៀ] ពូទីន សង្កត់ធ្ងន់លើជំហររបស់យើងរាល់ពេលដែលប្រធានបទត្រូវបានលើកឡើង។ ការសន្ទនាគ្នាតែងតែប្រសើរជាងការនៅដាច់ដោយឡែកពីគ្នា»។
លោក បានបន្ថែមថា៖«យើងនឹងមើលថាតើមានសំណើរណាមួយ ហើយខ្ញុំសូមបញ្ជាក់ម្តងទៀតថា វាមិនមែនជាពួកយើងទេដែលផ្តាច់ទំនាក់ទំនង ហើយវាមិនអាស្រ័យលើពួកយើងក្នុងការស្នើឱ្យមានការធ្វើឡើងវិញនោះទេ»។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា៖«ប្រសិនបើមានគំនិតផ្តួចផ្តើមដើម្បីអង្គុយនិយាយគ្នា ហើយធ្វើការសន្ទនាដោយស្មោះត្រង់អំពីកន្លែងដែលយើងកំពុងស្ថិតនៅនិងរបៀបដែលយើងគួរបោះជំហានទៅមុខ ដោយគ្មានការទាមទារឯកតោភាគីណាមួយទេ យើងនឹងត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនោះ»។
លោក Lavrov បានពណ៌នាបញ្ហាដែលកំពុងប្រឈមមុខនឹងទំនាក់ទំនងរុស្ស៊ី-អាមេរិកថា «ជ្រាលជ្រៅណាស់» ដែលផ្តើមចេញពីការយល់ឃើញរបស់ឥស្សរជនអាមេរិកដែលថា គូប្រជែងណាមួយនៅក្នុងឆាកអន្តរជាតិគួរតែត្រូវបានបង្ក្រាប លុះត្រាតែមាននរណាម្នាក់ចោទសួរអំពីការគ្រប់គ្រងពិភពលោករបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាក្នុងពេលយុទ្ធនាការបោះឆ្នោតថា លោកនឹងរកវិធីបញ្ឈប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនត្រឹមតែរយៈពេល២៤ម៉ោង ក្រោយទទួលបានជ័យជម្នះ។ ប៉ុន្តែវាមិនច្បាស់ថា រយៈពេលនោះ តើក្រោយលោកឡើងកាន់អំណាចឬក៏ក្រោយពេលលោកឡើងកាន់អំណាចផ្លូវការដែលនឹងធ្វើឡើងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥ ឬក៏នោះគ្រាន់តែជាសារនយោបាយដើម្បីលួងចិត្តអ្នកបោះឆ្នោតឱ្យលោកតែប៉ុណ្ណោះ៕
ដោយ រ៉ាន់ រើយ
The post រុស្ស៊ីបើកចំហរបេះដូងត្រៀមចរចាជាមួយអាមេរិក ក្រោយត្រាំជាប់ឆ្នោត appeared first on Kampuchea Thmey Daily.