របាយការណ៍៖ ដើមឈើច្រើនជាងមួយក្នុងចំណោមបីប្រភេទ​មានហានិភ័យផុតពូជ

ដើមឈើច្រើនជាងមួយក្នុងចំណោមបីប្រភេទគឺប្រឈមនឹងការផុតពូជនៅទូទាំងពិភពលោក នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្ស... The post របាយការណ៍៖ ដើមឈើច្រើនជាងមួយក្នុងចំណោមបីប្រភេទ​មានហានិភ័យផុតពូជ appeared first on Kampuchea Thmey Daily.

របាយការណ៍៖ ដើមឈើច្រើនជាងមួយក្នុងចំណោមបីប្រភេទ​មានហានិភ័យផុតពូជ

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ដើមឈើច្រើនជាង​មួយក្នុងចំណោមបីប្រភេទគឺប្រឈមនឹងការផុតពូជនៅទូទាំងពិភពលោក​។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៩ខែតុលានេះ។

(រូបភាព៖ AP)

យោងតាមរបាយ​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ព្រមាន​ថា​ប្រភេទ​ឈើ​ជាង ១៦,០០០ ប្រភេទ​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ផុត​ពូជ។ ប្រភេទដើមឈើជាង ៤៧​០០០ប្រផេទត្រូវបានវាយតម្លៃសម្រាប់ការសិក្សារបស់ IUCN ក្នុងចំណោមប្រភេទដើមឈើប្រមាណ ៥៨,០០០ប្រភេទ ដែលត្រូវបានគេគិតថាមាននៅក្នុងពិភពលោក។

តាម​របាយការណ៍បង្ហាញថា ដើមឈើ​ត្រូវ​បាន​គេ​កាប់​ដើម្បី​យក​ឈើ និង​ឈូស​ឆាយ​ដី​សម្រាប់​ធ្វើ​កសិកម្ម និង​ការពង្រីក​លំនៅឋានរបស់មនុស្ស ខណៈបម្រែបម្រួលអាកាសធាតុក៏បង្កការគំរាមកំហែងបន្ថែមតាមរយៈគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃកាន់តែអាក្រក់ទៅៗ​ដែលបណ្ដាលឲ្យវាកាន់តែរិចរិលទៅ។

ដើមឈើជាង ៥០០០​ប្រភេទនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ត្រូវបានប្រើប្រាស់សម្រាប់ឈើសំណង់ និងជាង ២០០០ប្រភេទសម្រាប់ជាថ្នាំ អាហារ និងអុស។ ប្រភេទដើមឈើដែលប្រឈមនឹងហានិភ័យរួមមាន ដើមទ្រូងសេះ​(horse chestnut)  និង​ដើម​ជីងហ្គោ (ginkgo) ដែលប្រើសម្រាប់ប្រើប្រាស់ក្នុងផ្នែកវេជ្ជសាស្ត្រ ដើម​mahogany ស្លឹក​ធំ​ដែលប្រើក្នុងការផលិតគ្រឿងសង្ហារិម ក៏ដូចជាដើមashជាច្រើនប្រភេទ និងដើម Magnolia និង eucalyptus ជាដើម។

(រូបភាព៖ AP)

លើសពីនេះទៅទៀត យោងតាមរបាយការណ៍របស់ IUCN ចំនួនដើមឈើដែលមានហានិភ័យគឺ «ច្រើនជាងពីរដងនៃចំនួនសត្វស្លាប ថនិកសត្វ សត្វល្មូន និងសត្វពាហនៈដែលរងការគំរាមកំហែងទៅទៀត»។

របាយការណ៍បានកត់សម្គាល់ថា ខណៈពេលដែលប្រភេទដើមឈើស្ថិតក្នុងហានិភ័យនៃការផុតពូជនៅក្នុង ១៩២ ប្រទេស សមាមាត្រខ្ពស់បំផុតត្រូវបានរកឃើញនៅលើប្រទេសកោះដោយសារតែការអភិវឌ្ឍន៍ទីក្រុងយ៉ាងឆាប់រហ័ស និងការពង្រីកកសិកម្ម ។ ចំណែកនៅអាមេរិកខាងត្បូងដែលមានដើមឈើចម្រុះបំផុតនៅលើពិភពលោក ៣៣៥៦ ក្នុងចំណោម ១៣៦៦៨ ប្រភេទដែលត្រូវបានវាយតម្លៃក៏ស្ថិតក្នុងហានិភ័យនៃការផុតពូជដែរ។

អង្គការ IUCN បានអំពាវនាវឱ្យមានការការពារ និងការស្ដារព្រៃឈើតាមរយៈការដាំដើមឈើ ក៏ដូចជាការអភិរក្សប្រភេទរុក្ខជាតិដែលងាប់តាមរយៈថែរក្សាគ្រាប់ពូជ និងការប្រមូលផ្ដុំសួនរុក្ខសាស្ត្រ។ អគ្គនាយក IUCN លោក Grethel Aguilar​ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដើមឈើមានសារៈសំខាន់ណាស់ក្នុងការទ្រទ្រង់ជីវិតនៅលើផែនដី តាមរយៈតួនាទីដ៏សំខាន់របស់ពួកវានៅក្នុងប្រព័ន្ធអេកូឡូស៊ី ខណៈមនុស្សរាប់លាននាក់ពឹងផ្អែកលើវាសម្រាប់​រស់​រាន​ជីវិត និងការចិញ្ចឹមជីវិតរបស់ពួកគេ» ។

ការបោះពុម្ភរបាយការណ៍នេះក៏ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូល COP16 របស់អង្គការសហប្រជាជាតិស្តីពីជីវចម្រុះ ដែល​បានចាប់ផ្តើមនៅទីក្រុង Cali ប្រទេសកូឡុំប៊ី។ កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) ប៉ាន់ប្រមាណ​ការចំណាយលើធម្មជាតិត្រូវកើនឡើងដល់ ៥៤២ ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅឆ្នាំ ២០៣០ កើនឡើងពី ២០០ ពាន់លានដុល្លារនៅឆ្នាំ​២០២២ ដើម្បី​បញ្ឈប់ការបាត់បង់ធម្មជាតិ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post របាយការណ៍៖ ដើមឈើច្រើនជាងមួយក្នុងចំណោមបីប្រភេទ​មានហានិភ័យផុតពូជ appeared first on Kampuchea Thmey Daily.