រដ្ឋបាលរាជធានីភ្នំពេញ ជួសជុលកែលម្អសួន និង រូបសំណាក សម្ដេចព្រះសង្ឃរាជ ជួន ណាត

រដ្ឋបាលរាជធានីភ្នំពេញ ជួសជុលកែលម្អសួន និង រូបសំណាក... The post រដ្ឋបាលរាជធានីភ្នំពេញ ជួសជុលកែលម្អសួន និង រូបសំណាក សម្ដេចព្រះសង្ឃរាជ ជួន ណាត appeared first on Kampuchea Thmey Daily.

រដ្ឋបាលរាជធានីភ្នំពេញ ជួសជុលកែលម្អសួន និង រូបសំណាក សម្ដេចព្រះសង្ឃរាជ ជួន ណាត

ដើម្បី​លើក​កម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែ​ស្រស់​ស្អាត និង​ទាក់ទាញ​ទេសចរ ក្នុង​រយៈពេល​កន្លង​មក​នេះ គេ​សង្កេត​ឃើញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​មមាញឹក​ជួសជុល តុបតែង កែលម្អ វិមានឯករាជ្យ សួន​ច្បារ សួន​កម្សាន្ត សម្រាប់​កុមារ ជួសជុល កែលម្អ លាបថ្នាំ តាម​គល់ឈើ​ តុបតែង​ភ្លើងពណ៌​តាម​ដើម​ឈើ ព្រមទាំង​ជួសជុល កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ នានា ជា​ច្រើន​ទៀត នៅ​តាម​សួនច្បារ​សាធារណៈ​ផ្សេងៗ ក្នុង​គោលបំណង​ត្រៀម​ទទួល​ប្រជាពលរដ្ឋ​ដែល​មក​ដើរ​លេង​កម្សាន្ត​លំហែ​កាយ​សម្រាប់​ព្រះ​រាជពិធី​បុណ្យ​អុំទូក​ឆាប់ៗ នេះ។

ជាក់ស្ដែង​ក្រុម​ការងារ​ជំនាញ​មួយ​ផ្នែក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​មមាញឹក​ធ្វើការ​ជួសជុល កែលម្អ សួនច្បារ រង្វង់​មូល និង រូបសំណាក សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ដែល​ត្រូវ​កោស​ឈូស លាង​សម្អាត បៀក​បាញ់ថ្នាំ​សាជាថ្មី​ឱ្យ​មាន​សោភណភាព​ស្រស់​ស្អាត​ឡើង​វិញ។

មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុម​ការងារ​ជំនាញ បាន​ធ្វើការ​ជួសជុល កែលម្អ សួនច្បារ រង្វង់​មូល និង រូបសំណាក សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ឱ្យ​មាន​សោភណភាព​ឡើង​វិញ។

លោក​បន្ត​ថា ការងារ​ជួសជុល​កែលម្អ​នេះ បាន​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ២៧ ខែ​តុលា ដែល​នឹង​ត្រូវ​បញ្ចប់​រួចរាល់ ក្នុង​មួយ​សប្ដាហ៍​ទៀត​នេះ គឺ​រួចរាល់​មុន​ព្រះ​រាជពិធី​បុណ្យ​អុំទូក​ឆាប់ៗ នេះ។

មន្ត្រី​ជំនាញ បាន​បញ្ជាក់​ថា សួន​ច្បារ រង្វង់​មូល និង រូបសំណាក សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត នេះ ក្រុម​ការងារ​ធ្វើការ​ជួសជុល​សម្អាត​កម្រាល​ថ្ម​បាយក្រៀម​បាត​ក្រោម ឈូស​សម្អាត​បង្កាន់ដៃ បៀក​លាប​ថ្នាំ​ពណ៌ ស្ពាន់ និង ពណ៌​ទឹក​មាស ដូច​ដើម​វិញ។ ចំពោះ​ក្បាច់​ជើង​ទម្រ​កាំជណ្ដើរ​សម្អាត​បាញ់​ថ្នាំ។ ចំណែក​បល្ល័ង្ក ឆ័ត្រ រួត និង រូបសំណាក ក្រុម​ការងារ លាង​សម្អាត បៀក​កាវ​បិត​ស្ពាន់ បាញ់​ថ្នាំ​ទ្រនាប់ និង បាញ់ថ្នាំ​ពណ៌​ស្ពាន់​ដូចដើម​ទាំងអស់​ឡើងវិញ។

មន្ត្រី​ជំនាញ​ដដែល​បញ្ជាក់​ថា ក្រុម​ការងារ​ជួសជុល កែលម្អ សួនច្បារ រង្វង់មូល និង រូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត នេះ គឺ​ក្រុម​ជាង​ដែល​មាន​ជំនាញ និង​បទ​ពិសោធ​របស់​ក្រុម​អ្នក​បច្ចេកទេស​មកពី​សាលា​រចនា​របស់​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ។

គួរ​រំលឹក​ថា សួនច្បារ រង្វង់មូល និង រូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត នេះ បាន​ធ្វើ​ឡើង​កាលពី​អំឡុង​ឆ្នាំ ២០០៧ បន្ទាប់ពី​លើក​រូបសំណាក​យក្ស​កាច់ក​ចេញ​ដដែល រហូត​មក​ដល់​ពេលនេះ​រូបសំណាក​មាន​អាយុកាល​ជិត​ ២០​ ឆ្នាំ ហើយ ហើយ​កន្លង​មក រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​មាន​ការ​ជួសជុល​លាប​ថ្នាំ​ជា​បន្តបន្ទាប់​ផង​ដែរ៕

អត្ថបទ ៖ ស្រីរ័ត្ន

The post រដ្ឋបាលរាជធានីភ្នំពេញ ជួសជុលកែលម្អសួន និង រូបសំណាក សម្ដេចព្រះសង្ឃរាជ ជួន ណាត appeared first on Kampuchea Thmey Daily.