ព្រះនាង ជេនណា ច្រៀងបទ«គោរពទង់ជាតិ» ក្នុងពិធីបើកកីឡាជាតិរសៀលនេះ
ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងប្រារព្ធពិធីបើកជាផ្លូវការនៅរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ The post ព្រះនាង ជេនណា ច្រៀងបទ«គោរពទង់ជាតិ» ក្នុងពិធីបើកកីឡាជាតិរសៀលនេះ appeared first on Kampuchea Thmey Daily.
ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងប្រារព្ធពិធីបើកជាផ្លូវការនៅរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ។
ពិធីបើកជាផ្លូវការមានកម្មវិធីជាច្រើនដូចជា ពិធីអុជកាំជ្រួច៣០វិនាទីអមជាមួយនឹងសន្ធឹកស្គរដើម្បីរាប់ថយក្រោយពី១០ដល់១។ បន្ទាប់មកក្បួនដង្ហែទង់ជាតិ ទង់កីឡាជាតិ ទង់កីឡាអូឡាំពិក និងទង់ប៉ារ៉ាឡាំពិក មុនពេលក្បូនដង្ហែព្យុះហយាត្រាប្រតិភូកីឡាក្រសួង ស្ថាប័ន រាជធានី-ខេត្ត។
បន្ទាប់មកនឹងមានពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលច្រៀងដោយព្រះនាង នរោត្តម ជេនណា ជាមួយមហាជនទូទាំងពហុកីឡដ្ឋានជាតិអូឡាំពិក។ មិនត្រឹមតែប៉ុណ្ណោះ ព្រះនាងក៏នឹងបកស្រាយបទចម្រៀង«កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ»ថែមទៀត។
នៅក្នុងពិធីដ៏ឱឡារិកនេះ នឹងមានសុន្ទរកថារបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសុន្ទរកថារបស់លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មុនពេលសុន្ទរកថាបើកជាផ្លូវការដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ក៏មានពិធីសំខាន់ៗជាច្រើនមានដូចជា ការសម្តែង«កូរសមុទ្រទឹកដោះ» ការសម្តែង«ព្រលឹងយ័ន្ត៨ទិស មហាយុទ្ធគុនខ្មែរបុរាណ» ព្រមទាំងការបកស្រាយបទចម្រៀងដោយតារាចម្រៀងល្បីៗជាបន្តបន្ទាប់។
ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ មានកីឡាចំនួន៣៦ប្រភេទ និងកីឡាជាតិជនពិការ លើកទី២ មានកីឡាចំនួន១៣ប្រភេទ ដែលកីឡាមួយចំនួនចាប់ផ្តើមប្រកួតនៅថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការប្រកួតធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង កែប ព្រះសីហនុ និងកំពង់ឆ្នាំង៕
អត្ថបទ៖ វីរបុត្រ
The post ព្រះនាង ជេនណា ច្រៀងបទ«គោរពទង់ជាតិ» ក្នុងពិធីបើកកីឡាជាតិរសៀលនេះ appeared first on Kampuchea Thmey Daily.