ព្យុះមួយទៀតហើយ កំពុងវាយប្រហារហ្វីលីពីន
ទីភ្នាក់ងារឧតុនិយមជាតិហ្វីលីពីន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ព្យុះ តូរ៉ាជី (Toraji) បានវាយប្រហារលើតំបន់ភាគឦសានប្រទេស,... The post ព្យុះមួយទៀតហើយ កំពុងវាយប្រហារហ្វីលីពីន appeared first on Kampuchea Thmey Daily.
ទីភ្នាក់ងារឧតុនិយមហ្វីលីពីន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ព្យុះ តូរ៉ាជី (Toraji) បានវាយប្រហារលើតំបន់ភាគឦសានប្រទេសរបស់ខ្លួន ខណៈភូមិចំនួន ២ ៥០០ ត្រូវបានប្រកាសឲ្យជម្លៀសខ្លួនប្រជាពលរដ្ឋទៅរកទីកន្លែងសុវត្ថិភាព ហើយសាលារៀន និងការិយាល័យរដ្ឋត្រូវបានបញ្ជាឲ្យបិទជាបណ្ដោះអាសន្ន។
ព្យុះ តូរ៉ាជី គឺជាព្យុះទី៤ហើយដែលបានលុកលុយប្រទេសហ្វីលីពីន នៅក្នុងរយៈពេលមិនដល់១ខែផង។ បច្ចុប្បន្ន មិនទាន់មានរបាយការណ៍អំពីចំនួនខូចខាត ឬក៏មនុស្សស្លាប់និងរងរបួសនៅឡើយទេ។
ទីភ្នាក់ងារឧតុនិយម បានប្រាប់ថា ព្យុះទីហ្វុងនេះ បានវាយប្រហារលើទីក្រុង Dilasag ដែលមានចម្ងាយប្រមាណ ២២០គីឡូម៉ែត្រពីភាគឦសានរដ្ឋធានីម៉ានីល ជាមួយល្បឿនខ្យល់ ១៣០គីឡូម៉ែត្រក្នុង១ម៉ោង។ តំបន់ភាគខាងជើងហ្វីលីពីន ត្រូវបានព្រមានថាអាចកើតមានខ្យល់កន្ត្រាក់ធ្ងន់ធ្ងរ និងភ្លៀងធ្លាក់ខ្លាំង ព្រមទាំងហានិភ័យនៃរលកធំៗ ដែលអាចប៉ះពាល់យ៉ាងខ្លាំងលើកោះ Luzon ដែលជាកោះមានមនុស្សរស់នៅច្រើនជាងគេ និងធំជាងគេរបស់ហ្វីលីពីន។
ឆ្មាំសមុទ្រហ្វីលីពីន បាននិយាយថា អ្នកដំណើរជិត ៧០០នាក់កំពុងជាប់គាំងខ្លួននៅកំពង់ផែ ខណៈការធ្វើដំណើរតាមសមុទ្រគ្រប់ប្រភេទត្រូវបានផ្អាក។
មុនព្យុះ តូរ៉ាជី ហ្វីលីពីនក្នុងរយៈពេលជិត១ខែនេះ បានរងគ្រោះចំនួន៣លើកដោយសារតែព្យុះ Yinxing, Trami និង Kong-rey ដែលបានឆក់យកជីវិតមនុស្សចំនួន ១៥៩នាក់។
សូមបញ្ជាក់ថា ព្យុះធំៗប្រហែល២០ បានបោកបក់លើប្រទេសហ្វីលីពីន ឬតំបន់ទឹកជុំវិញហ្វីលីពីនជារៀងរាល់ឆ្នាំ ដោយបានបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងបានសម្លាប់មនុស្សរាប់រយនាក់៕
ដោយ៖ ឈាង
The post ព្យុះមួយទៀតហើយ កំពុងវាយប្រហារហ្វីលីពីន appeared first on Kampuchea Thmey Daily.