ប្រវត្តិការងារ និងពានរង្វាន់ របស់លោក ជា ចាន់តូ ទេសាភិបាលកិត្តិយស នៃធនាគារជាតិកម្ពុជា

លោក ជា ចាន់តូ ធ្លាប់ធ្វើការងារនៅធនាគារជាតិ ចាប់បែករបបប៉ុលពត ដោយទទួលបានតំណែងជាបន្តបន្ទាប់រហូតក្លាយជាទេសាភិបាលធនាគារជាតិ និងទទួលបានពានរង្វាន់ពីក្រៅប្រទេស The post ប្រវត្តិការងារ និងពានរង្វាន់ របស់លោក ជា ចាន់តូ ទេសាភិបាលកិត្តិយស នៃធនាគារជាតិកម្ពុជា appeared first on Kampuchea Thmey Daily.

ប្រវត្តិការងារ និងពានរង្វាន់ របស់លោក ជា ចាន់តូ ទេសាភិបាលកិត្តិយស នៃធនាគារជាតិកម្ពុជា

តំណាងរាស្ត្រខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិកម្ពុជា លោក ជា ចាន់តូ បានទទួលមរណភាពនៅថ្ងៃវេលាម៉ោង ១០៖៣៥នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។

លោក ជា ចាន់តូ បានកាន់តំណែងជាអគ្គទេសាភិបាល ធនាគារជាតិកម្ពុជា រយៈពេល២៥ឆ្នាំ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣។ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ បានលេចជារូបរាងឡើង លោក ជា ចាន់តូ ត្រូវបានព្រះមហាក្សត្រតែងតាំងលោកជា អគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិកម្ពុជា ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។ ចំណែកតំណែងជាអគ្គទេសាភិបាលធនាគារជាតិកម្ពុជា ត្រូវបានព្រះមហាក្សត្រតែងតាំងកូនស្រីរបស់លោក ជា ចាន់តូ គឺលោកស្រីបណ្ឌិត ជា សេរី ឱ្យកាន់ការងារ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។

ខាងក្រោមនេះ គឺជាប្រវត្តិការងាររបស់លោក ជា ចាន់តូ ដែលលោកផ្ដល់កិច្ចសម្ភាសន៍ផ្ដាច់មុខជូនសារព័ត៌មាន Khmer Times ដើម្បីស្រង់សម្ដីផ្សាយ៖

បន្ទាប់​ការរំដោះ​ចេញពី​របប​ប៉ុលពត លោក ជា ចាន់តូ ​បាន​ចាប់ផ្តើម​ការងារ​ដំបូង​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងនាម​ជា​នាយក​ធនាគារជាតិ​នៃ​កម្ពុជា​សាខា​ក្រុង​ភ្នំពេញ​ពី​ឆ្នាំ១៩៧៩ ដល់ ១៩៨១ ហើយ​បន្ទាប់មក លោកត្រូវ​បាន​តែងតាំង​ជា​ទេសាភិបាលរង ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ពី​ឆ្នាំ១៩៨១ ដល់ ១៩៨៦ ។ ក្រោយមក ចាប់ពី​ឆ្នាំ១៩៨៦ ដល់​ឆ្នាំ១៩៩៨ លោក ជា ចាន់តូ​​បាន​បម្រើការ​ជា​រដ្ឋមន្ត្រី​ក្រសួងផែនកា​រ រហូតដល់​ឆ្នាំ១៩៩៨ ទើបលោក ត្រូវបានតែងតាំង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ជា​ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា។

ឆ្នាំ១៩៩៨ គឺជា​ឆ្នាំ​ដ៏​លំបាក​មួយ ដែល​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់ កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ខណៈដែល​វិស័យ​ធនាគារ​នៅ​មាន​ភាព​ផុយស្រួយ​នៅ​ឡើយ ហើយ​អត្រា​ប្តូរប្រាក់​និង​តម្លៃ​ទំនិញ​នានា​មាន​ការ​ប្រែប្រួល​មិនទាន់មាន​ស្ថិរភាព​ទេ។ វិស័យ​ធនាគារ​នាពេល​នោះ​មិន​ទាន់​មាន​ក្របខ័ណ្ឌ​គតិយុត្ត​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ដោយសារ​ច្បាប់​ស្តីពី ការ​រៀបចំ​និង​ការប្រព្រឹត្តិទៅ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ទើប​តែ​ត្រូវបាន​អនុម័ត​នៅ​ឆ្នាំ១៩៩៦ និង​ច្បាប់​ស្តីពី ការ​គ្រប់គ្រង​ការ​ប្តូរ​ប្រាក់ ក៏​ទើប​តែ​ត្រូវបាន​អនុម័ត​នៅ​ឆ្នាំ១៩៩៧ ផងដែរ។ ជាការ​ពិតណាស់ ក្នុង​ស្ថានការណ៍​បែបនេះ លោក ជា ចាន់តូ និងសហការីក្រោមដំបូលធនាគារជាតិ និងភាគីពាក់ព័ន្ធ បានខិត​ខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការ​ស្តារ​ប្រព័ន្ធ​ធនាគារ​ឡើងវិញ។

កាលណោះ​ ក្នុងនាម​ជា​ទេសាភិបាល លោក ជា ចាន់តូ ​ត្រូវ​ដាក់ចេញ​នូវ​កំណែទម្រង់​ជាច្រើន​ ដើម្បី​កសាង​និង​ពង្រឹង​ប្រព័ន្ធ​ធនាគារ​ និង​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋា​ភិ​បាល ​ដើម្បី​រួមចំណែក​ដល់​ការស្តារ​សេដ្ឋកិច្ច និង​កសាង​ទំនុកចិត្ត​សាធារណៈ​លើ​រូបិយវត្ថុ​ក្នុង​ស្រុក។ បច្ចុប្បន្ន ប្រព័ន្ធ​ធនាគារ​ត្រូវបានធ្វើ​ទំនើបកម្ម​និង​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់​​ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ។

ទោះបី​មាន​បញ្ហា​ប្រឈម​ដែល​ធនាគារជាតិ​កំពុង​ជួបប្រទះ​ក៏ដោយ ធនាគារជាតិកម្ពុជា ​បាន​ខិតខំ​បំពេញ​តួនាទី​​ជា​អាជ្ញាធរ​រូបិយវត្ថុ​និង​ត្រួតពិនិត្យ ក៏ដូចជា​ដើម្បី​សម្រេចបាន​នូវ​បេសកកម្មចម្បងៗ ក្នុងការ​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​សំដៅ​រក្សា​ស្ថិរភាព​ថ្លៃ ដាក់ចេញ​នូវ​គោលនយោបាយ​មីក្រូ​និង​ម៉ាក្រូ​ប្រុងប្រយ័ត្ន ​ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ និង​ត្រួតពិនិត្យ​ប្រព័ន្ធ​ទូទាត់​ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រោម​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​របស់​រដ្ឋា​ភិ​បាល។ សមិទ្ធផល​ដែល​ធនាគារជាតិកម្ពុជា សម្រេចបាន​ក្រោមការដឹកនាំរបស់លោក ជា ចាន់តូ​ រហូតមកដល់​ពេលនេះ បាន​ជួយ​កសាង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​រឹងមាំ​និង​រួមចំណែក​ដល់​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​កំណើន​ប្រកបដោយ​ចីរភាព សូម្បីតែ​នៅ​គ្រា​លំបាក​នាពេលថ្មីៗនេះ​ដែល​បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ។ លោក ជា ចាន់តូ អះអាងថា ទាំងនេះ​គឺជា​ប្រភព​នៃ​ការលើកទឹកចិត្ត​របស់​លោកក្នុង​ការបំពេញ​តួនាទី ក្នុងនាម​ជា​ធនាគារិក​កណ្តាល។

សមិទ្ធផលសំខាន់ៗ របស់លោក ជា ចាន់តូ ដែលចេញផ្សាយដោយធនាគារជាតិ នៃកម្ពុជារួមមាន៖

នៅក្នុងឆ្នាំ១៩៨៨ លោក ជា ចាន់តូ ត្រូវបានតែងតាំងជាទេសាភិបាលធនាគារជាតិ នៃកម្ពុជា នៅក្នុងពេលដែលប្រទេសកម្ពុជាកំពុងនឹងវិបត្តិហិរញ្ញវត្ថុអាស៊ី។ ក្នុងនាមជាទេសាភិបាល លោក ជា ចាន់តូ បានដឹកនាំកំណែទម្រង់ជាច្រើនក្នុងវិស័យធនាគារ និងបានពង្រឹងប្រព័ន្ធធនាគារនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ។

ជាមួយគ្នានេះ ក៏បានអនុវត្តន៍នូវនយោបាយរូបិយវត្ថុានានា ដែលស្របនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចជាតិពីវិបត្តិ និងជំរុញការរួមចំណែកយ៉ាងសកម្មរបស់ប្រព័ន្ធធនាគារនៅក្នុងកំណើនសេដ្ឋកិច្ចជាតិ។

ក្រោមការដឹកនាំរបស់ លោក ជា ចាន់តូ ប្រព័ន្ធធនាគារនៅកម្ពុជា ត្រូវបានធ្វើទំនើបកម្ម និងសមាហរណកម្មទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុតំបន់ និងអន្តរជាតិ។ ក្នុងតំណែងជាអគ្គទេសាភិបាលធនាគារជាតិកម្ពុជា លោក​ ជា ចាន់តូ ត្រូវបានទទួលស្គាល់ និងស្ងើចសរសើរដោយបណ្ដាធនាគារកណ្ដាល ក្នុងតំបន់ និងសកលលោក​ ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងធ្វើឱ្យមានភាពធន់ និងការអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា។​

តាមរយៈការដាក់ចេញ និងអនុវត្តន៍វិធានការនានា ដើម្បីពង្រឹងបទបញ្ញត្តិ និងការត្រួតពិនិត្យធនាគារ ការអនុវត្តន៍គោលនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន ដើម្បីជំរុញនូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ការខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចឱ្យបានបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានឆ្លងកាត់នូវបញ្ហាប្រឈមផ្សេងៗ ជាពិសេសវិបត្តិជំងឺកូវីដ១៩។

ដោយមានស្នាដៃដ៏ឆ្នើម ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុក្នុងតំបន់ លោក ជា ចាន់តូ ទទួលបានរង្វាន់ធនាគារកណ្ដាលឆ្នើមប្រចាំអាស៊ីបាស៊ីហ្វិក ក្នុងចំណោមទេសាភិបាលឆ្នើមចំនួន៥ នៅជុំវិញពិភពលោក ដែលគ្រប់គ្រងបានយ៉ាងល្អ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ នៅឆ្នាំ២០២១។ លោក ជា ចាន់តូ ទទួលបានពានរង្វាន់ ព្រមទាំងប័ណ្ណសរសើរផ្សេងផ្សេងទៀតពីសំណាក់ស្ថាប័នដៃគូនិងប្រទេសជាមិត្ត។​

លោក ជា ចាន់​ តូ បានផ្ដួចផ្ដើមរៀបចំនិងសាងសង់សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ដើម្បីរួមចំណែកក្នុងការអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌប្រវត្តិសាស្ត្រ និងរូបិយវត្ថុដ៏សម្បូរបែបរបស់កម្ពុជាដល់សាធារណជនជាតិ អន្តរជាតិ ហើយធនាគារជាតិនៃកម្ពុជាក៏បានរៀបចំពិធីសម្ពោធសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុព្រះស្រីឦសានវរ្ម័នក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកាលពីឆ្នាំ២០១៩។ អគារទីស្នាក់ការកណ្ដាលថ្មីរបស់ធនាគារជាតិនៃកម្ពុជាសាងសង់នៅលើទីតាំងចាស់បាននិងកំពុងបន្តសាងសង់ជានិមិត្តរូបនៃការប្ដេជ្ញាចិត្តចំពោះទំនើបកម្មនិងការពង្រីកស្ថាប័នក៏ជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមជាចាន់តូផងដែរ។

គួរឱ្យដឹងថា​ បច្ចុប្បន្នសពរបស់លោក ជា ចាន់តូ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅផ្ទះលេខ ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ៕

The post ប្រវត្តិការងារ និងពានរង្វាន់ របស់លោក ជា ចាន់តូ ទេសាភិបាលកិត្តិយស នៃធនាគារជាតិកម្ពុជា appeared first on Kampuchea Thmey Daily.